ការជ្រើសរើស​ប្រធាន​រដ្ឋសភា​អាមេរិក​ចូល​ក្នុង​ថ្ងៃទីបី​ហើយ

លោក Kevin McCarthy មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភា​ ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​ក្រុម​អ្នកយកព័ត៌មាន​នៅ​វិមាន​សភា​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

បន្ទាប់ពី​ការគាំង​ដំណើរ​ពីរ​ថ្ងៃ​មក ​សមាជិក​សភា​គណបក្សសាធារណរដ្ឋក្នុងរដ្ឋសភាសហរដ្ឋ​អាមេរិកនឹងប្រឹងប្រែង​បន្ត​ទៀតនៅថ្ងៃព្រហស្បតិ៍​នេះដើម្បីឱ្យមាន​ការ​យល់​ស្រប​គ្នាអំពី​អ្នកនយោបាយរូបណាគួរ​ជា​ប្រធាន​រដ្ឋសភា។

ការប្រឹងប្រែង​របស់​លោក Kevin McCarthy ​មេដឹកនាំគណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភា មិនបាន​ជោគ​ជ័យកាល​ពី​ថ្ងៃពុធ ​ក្នុងថ្ងៃ​ទី​ពីរ​ ដោយសារ​ក្រុម​សមាជិក​រដ្ឋសភាអភិរក្ស​និយមមួយ​ក្រុម​មិន​បាន​ផ្តល់ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ច្រើន​លើក។

លោក​ McCarthy ​សមាជិក​រដ្ឋសភា​ចំនួន​១៦ឆ្នាំមក​ពី​រដ្ឋ California និង​ជាមេដឹកនាំ​ពួក​សាធារណរដ្ឋ​ក្នុងរដ្ឋសភា​ដែល​បានចប់អាណត្តិ​កាល​ពី​ថ្ងៃ​អង្គារ​ បានស្វះស្វែង​យូរ​មក​ហើយឱ្យ​បានកាន់តំណែង​ប្រធាន​រដ្ឋសភា។ តែ​លោកបាន​ចាញ់ក្នុង​ការ​បោះឆ្នោត​បីលើកកាល​ពី​ថ្ងៃ​អង្គារក្នុង​ការប្រឹងប្រែងរបស់​លោក​ឱ្យបាន​ឆ្នោត​គាំទ្រ​២១៨​សំឡេង​ ​ក្នុង​រដ្ឋសភា​មាន​សមាជិក​៤៣៥​នាក់ ​ហើយ​លោក​គ្មាន​ជោគជ័យ​ទៀតក្នុង​ការបោះឆ្នោត​បី​លើក​ទៀត​កាលពី​ថ្ងៃ​ពុធ។

លោក McCarthy​ ខ្វះ​សំឡេង​ឆ្នោត១៧សំឡេង​ កាល​ពី​ថ្ងៃ​ពុធ​ ពីព្រោះក្រុម​សមាជិក​អភិរក្សនិយម​ក្នុងគណបក្ស​លោកផ្ទាល់​បន្ត​និយាយថា លោកមិនខ្លាំងគ្រប់គ្រាន់ខាង​មនោគមវិជ្ជា​សម្រាប់​ដឹកនាំ។

រដ្ឋសភាបានផ្អាក​ការ​ប្រជុំ​ពីរបី​ម៉ោងកាលពី​ល្ងាច​ថ្ងៃពុធ​ ហើយ​បាន​លើក​ការ​បោះឆ្នោត​ទៅ​ធ្វើ​នៅ​ពេល​ថ្ងៃ​ត្រង់ថ្ងៃ​ព្រហស្បតិ៍​នេះ​វិញ។

កាលពី១០០ឆ្នាំ​មុន​រដ្ឋសភា​ក៏​បាន​ជួប​ប្រទះ​នឹង​ស្ថានភាពដែលគ្មានអ្នក​សាធារណរដ្ឋណា​ម្នាក់​ ឬអ្នក​ប្រជាធិបតេយ្យ​ណា​ម្នាក់បានឈ្នះ​ឆ្នោត​កាន់តំណែង​ប្រធាន​រដ្ឋសភាក្នុង​ការបោះឆ្នោត​លើក​ទី​មួយដើម្បី​ក្លាយ​ជា​មេដឹកនាំនៃ​រដ្ឋសភា​ស.រ.អ.​ដែរ។​

ការ​បោះឆ្នោត​លើក​ទី​បួនមានធ្វើឡើងតែប៉ុន្មានម៉ោង​ក្រោយ​ពីអតីត​ប្រធានាធិបតីលោក Donald Trump ​បានអំពាវនាវ​ជា​សាធារណៈ​ឱ្យ​មានការ​បោះឆ្នោតជ្រើស​តាំងលោក McCarthy ​ជាប្រធាន​រដ្ឋសភា ដែលជា​សមាជិក​សភា​ម្នាក់​លោក​បានពណ៌នា​ថា​ជា​«លោក Kevin ​របស់​ខ្ញុំ‍»៕