គណបក្សសាធារណរដ្ឋត្រូវបានព្យាករណ៍ថាឈ្នះបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Joe Biden ឈ្នះបានការគ្រប់គ្រងព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីដែលបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែវិច្ឆិកាកន្លងទៅនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ជ័យជម្នះនេះបានផ្ដល់ឱ្យគណបក្សសាធារណរដ្ឋនូវអំណាចនៅក្នុងការបង្អាក់ដល់របៀបវារៈរបស់លោក Biden ក៏ដូចជានៅក្នុងការចាប់ផ្ដើមនូវការស៊ើបអង្កេតផ្នែកនយោបាយណាមួយដែលអាចទៅរួចលើរដ្ឋបាលរបស់លោក Biden និងក្រុមគ្រួសាររបស់លោក Biden បើទោះបីជាគណបក្សនេះមិនឈ្នះបានអាសនៈច្រើនដូចដែលខ្លួនបានរំពឹងទុកក៏ដោយ។
បន្ទាប់ពីមានការរាប់សន្លឹកឆ្នោតអស់រយៈពេលជាងមួយសប្ដាហ៍មក លទ្ធផលចុងក្រោយនេះបានលេចឡើងនៅពេលដែលក្រុមហ៊ុន Edison Research ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារនិងស្ទង់មតិក្រោយការបោះឆ្នោត បានព្យាករណ៍ថា គណបក្សសាធារណរដ្ឋឈ្នះបានអាសនៈចំនួន ២១៨ ដែលពួកគេត្រូវការដើម្បីគ្រប់គ្រងរដ្ឋសភា។
ជ័យជម្នះរបស់គណបក្សសាធារណរដ្ឋនៅក្នុងមណ្ឌលសភាទី ២៧ នៃរដ្ឋ California បានធ្វើឱ្យគណបក្សនេះឈ្នះបានគ្រប់គ្រងរដ្ឋសភា។
លោក Kevin McCarthy ដែលជាមេដឹកនាំគណបក្សសាធារណរដ្ឋនៅរដ្ឋសភានៅពេលបច្ចុប្បន្ននេះ ប្រហែលជានឹងប្រឈមនឹងឧបសគ្គនៅពេលដែលលោកនឹងត្រូវការក្រុមដែលខ្វះសេចក្ដីអំណត់របស់លោកឱ្យរួបរួមគ្នាលើការបោះឆ្នោតលើបញ្ហាសំខាន់ៗនានាដូចជាថវិកាចំណាយសម្រាប់រដ្ឋាភិបាលនិងយោធាជាដើម នៅចំពេលដែលលោកអតីតប្រធានាធិបតី Donald Trump បានប្រកាសឈរឈ្មោះម្ដងទៀតសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤ ខាងមុខ។
លោក McCarthy បានសរសេរនៅលើ Twitter ដូច្នេះថា៖ «ពលរដ្ឋអាមេរិកាំងត្រៀមលក្ខណៈរួចរាល់សម្រាប់ទិសដៅថ្មី ហើយគណបក្សសាធារណរដ្ឋនៅរដ្ឋសភាត្រៀមលក្ខណៈរួចរាល់នៅក្នុងការបំពេញតាមការចង់បានរបស់ពលរដ្ឋ»។
ការចាញ់របស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋសភាបានធ្វើឱ្យលោកប្រធានាធិបតី Biden បាត់បង់អំណាចមួយចំនួន ប៉ុន្តែកាលពីថ្ងៃពុធម្សិលមិញ លោក Bidenបានអបអរសាទរលោក McCarthy និងបាននិយាយថាលោកនឹងធ្វើការជាមួយនឹងគណបក្សសាធារណរដ្ឋដើម្បីបំពេញតាមការចង់បានរបស់ពលរដ្ឋ។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ពលរដ្ឋអាមេរិកាំងចង់ឱ្យពួកយើងសម្រេចកិច្ចការតាមការចង់បានរបស់ពួកគេ»៕