ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្ដីសង្ឃឹម​របស់​បក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការឈ្នះ​ដាច់​ក្នុង​ការបោះឆ្នោត​លើក​នេះ​ហាក់​បរាជ័យ


មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភាលោក Kevin McCarthy គ្រវី​ដៃ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២។
មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភាលោក Kevin McCarthy គ្រវី​ដៃ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្ដី​សង្ឃឹម​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​ឈ្នះ​ឱ្យ​បាន​ទាំងស្រុង​លើ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​លើក​នេះ​បាន​បរាជ័យ​នៅ​ក្នុង​ការធ្វើ​ឱ្យ​លេច​ចេញ​ជា​រូបរាង​ឡើង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

គណបក្ស​សាធារណរដ្ឋ​ត្រូវការ​តែ​មួយ​អាសនៈ​ប៉ុណ្ណោះ​ដើម្បី​ដណ្ដើម​គ្រប់គ្រង​ព្រឹទ្ធ សភា ប៉ុន្តែ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ អាសនៈ​ព្រឹទ្ធសភា​តំណាង​រដ្ឋ Pennsylvania ដែល​ជា​អាសនៈ​តែ​មួយ​គត់​ដែល​អាច​ជួយ​ឱ្យ​គណបក្ស​សាធារណរដ្ឋ​ឱ្យ​ឈ្នះ​បាន បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​គណបក្ស​ប្រជាធិបតេយ្យ ដោយ​លោក John Fetterman បាន​ឈ្នះ​លោក Mehmet Oz។

នៅ​ក្នុង​ការដណ្ដើម​អាសនៈ​រដ្ឋសភា លទ្ធផល​បោះឆ្នោត​ដំបូងៗ​បាន​បង្ហាញ​ថា គណបក្ស​សាធារណរដ្ឋ​កំពុង​ឈាន​ឆ្ពោះ​ទៅ​ដណ្ដើម​គ្រប់គ្រង​រដ្ឋសភា​ពី​គណបក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ​គិត​មក​ទល់​នឹង​ពេល​នេះ​គណបក្ស​សាធារណរដ្ឋ​កំពុង​នាំ​មុខ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សំឡេង​តិចតួច​ប៉ុណ្ណោះ ដែល​ផ្ទុយ​ពី​ការ​រំពឹងទុក​របស់​គណបក្ស​នេះ។

លោក Kevin McCarthy សមាជិក​រដ្ឋសភា​ជាន់​ខ្ពស់​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​សង្ឃឹម​ថា​នឹង​ក្លាយជា​ប្រធាន​រដ្ឋសភា​ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​សំឡេង​ភាគ​ច្រើន​នោះ បាន​បញ្ជាក់​នៅ​ពេល​ទាប​ភ្លឺ​ថ្ងៃ​ពុធ​នេះ​ថា៖ «វា​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​នឹង​ដណ្ដើម​គ្រប់គ្រង​រដ្ឋសភា​បាន​មក​វិញ»។

ប៉ុន្តែ លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ទទួល​ស្គាល់​ដោយ​ត្រង់ៗ​នៅ​ពេល​បញ្ជាក់​ប្រាប់​ទូរទស្សន៍ NBC ថា ការបោះឆ្នោត​នេះ​គឺ «ពិតជា​មិន​មែន​ជា​ការ​បោះឆ្នោត​ដែល​គណបក្ស​សាធារណរដ្ឋ​នឹង​ឈ្នះ​ទាំងស្រុង​នោះ​ទេ។ នេះ​គឺ​ជា​ការពិត​ជាក់ស្ដែង»។

ជា​ទម្លាប់​កន្លង​មក នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​គណបក្ស​របស់​ប្រធានាធិបតី​បាន​បាត់បង់​អាសនៈ ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ គេ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​លើ​ការ​ប្រជែង​អាសនៈ​ព្រឹទ្ធសភា​មួយ​ចំនួន​ដូចជា​នៅ​ក្នុង​រដ្ឋ Georgia រដ្ឋ Nevada រដ្ឋ Arizona និង​រដ្ឋ Wisconsin ជាដើម៕

XS
SM
MD
LG