កាលពីថ្ងៃសុក្រ ក្រុមអ្នកជួយសង្គ្រោះរុស្ស៊ីនៅតែបន្តស្វែងរកនាវិក១៣នាក់ដែលនៅតែបាត់ខ្លួនពីនាវានេសាទត្រីមួយគ្រឿងដែលបានលិចនៅក្នុងទឹកសមុទ្រត្រជាក់នៅជិតឧបទ្វីប Kamchatka ប្រទេសរុស្ស៊ី ក្នុងសប្តាហ៍នេះ។
បើយោងតាមក្រសួងស្ថានការណ៍គ្រាមានអាសន្ននៃប្រទេសរុស្ស៊ីបានឲ្យដឹងថា មានមនុស្ស៥៦នាក់បានស្លាប់នៅពេលនាវានេសាទត្រីឈ្មោះ Dalniy Vostok បានលិចកាលពីថ្ងៃអង្គារ នៅក្នុងសមុទ្រ Okhotsk។ ពួកនាវិក៦៣នាក់បានត្រូវជួយសង្គ្រោះ។
ក្រុមនាវិក១៣២នាក់ក្នុងនាវានេសាទត្រីនេះមានរួមបញ្ចូលទាំងជនជាតិរុស្ស៊ី៧៨នាក់។ ចំណែកឯនាវិក៤២នាក់ទៀតមកពីប្រទេសភូមាហើយនាវិកនៅសល់ពីនេះមកពីប្រទេសអ៊ុយក្រែន លីទុយអានី (Lituania) និង វ៉ានូទូ (Vanuatu)។
លោក U Aung Kyaw Moeមន្ត្រីម្នាក់នៃស្ថានទូតភូមាក្នុងក្រុងម៉ូស្គូបាននិយាយប្រាប់វីអូអេផ្នែកផ្សាយជាភាសាភូមាថា បើតាមក្រសួងស្ថានការណ៍គ្រាមានអាសន្ននៃប្រទេសរុស្ស៊ី មាននាវិកភូមា២២នាក់ត្រូវបានជួយសង្គ្រោះ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ក៏លោកបាននិយាយដែរថា អាជ្ញាធររុស្ស៊ីមិនបានដឹងពិតប្រាកដទេអំពីចំនួននាវិកភូមាប៉ុន្មាននាក់ដែលបានបាត់ខ្លួនឬបានបាត់បង់ជីវិតនោះ។
សេវាកម្មគ្រាមានអាសន្ននៃប្រទេសរុស្ស៊ីបាននិយាយថា នាវានេសាទត្រីក្នុងមូលដ្ឋានជាង១២គ្រឿងនិងមនុស្សប្រមាណ២ពាន់នាក់បានចូលរួមក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះនេះ។
គេមិនទាន់បានដឹងអំពីបុព្វហេតុនៃគ្រោះថ្នាក់នេះនៅទ្បើយទេ ទោះណាជាក្រុមមន្ត្រីបាននិយាយថាកប៉ាល់នេះប្រហែលបានបុកវត្ថុមួយនៅក្នុងទឹក៕