លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់និយាយថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើប្រទេសរុស្ស៊ីចំពោះការគាំទ្រក្រុមទាមទារបំបែករដ្ឋក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែនអាចត្រូវលុបចោលល្គឹកណាកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងរដ្ឋាភិបាលទីក្រុងគាវ (Kyiv) និងក្រុមឧទ្ទាមត្រូវបានអនុវត្តយ៉ាងពេញលេញ។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងប៊ែឡាំងនៅសន្និសីទកាសែតរួមមួយជាមួយលោក Arsenyi Yatsenyuk នាយករដ្ឋមន្រ្តីអ៊ុយក្រែនដែលកំពុងបំពេញទស្សនៈកិច្ចនៅប្រទេសអាល្លឺម៉ង់ លោកស្រី Merkel បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្នុងទីក្រុង Minsk នៃប្រទេសប៊ែឡារុស (Belarus) កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំទៅ ត្រូវអនុវត្តឲ្យបានគ្រប់ចំណុចទាំងអស់មុនពេលការដាក់ទណ្ឌកម្មអាចត្រូវលុបចោល។
នៅក្រោមកិច្ចព្រមព្រៀងទីក្រុង Minsk ភាគីទាំង២បានព្រមព្រៀងឈប់បាញ់គ្នាហើយនិងដកក្រុមអ្នកប្រយុទ្ធនិងអាវុធចេញពីតំបន់នានានៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែនដែលត្រូវបានត្រួតត្រាដោយក្រុមទាមទារបំបែករដ្ឋដែលគាំទ្រដោយប្រទេសរុស្ស៊ី។
មនុស្សជាង១ពាន់៣រយនាក់បានត្រូវសម្លាប់ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាបានត្រូវចុះហត្ថលេខា។ និយាយរួម មនុស្សជាង៤ពាន់៧រយនាក់បានត្រូវសម្លាប់ចាប់តាំងពីក្រុមទាមទារបំបែករដ្ឋបានចាប់ផ្តើមធ្វើការបះបោរកាលពីខែមេសាឆ្នាំទៅមក។
លោកស្រី Merkel បានមានប្រសាសន៍ថា លោករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បារាំង រុស្ស៊ីនិងអ៊ុយក្រែន កំពុងធ្វើការប្រុងប្រៀបសម្រាប់ជំនួបរវាងមេដឹកនាំនៃប្រទេសទាំង៤ស្តីពីបញ្ហានៃប្រទេសអ៊ុយក្រែននៅសប្តាហ៍ក្រោយ ក៏ប៉ុន្តែការរីកចម្រើននៅក្នុងការពិភាក្សារបស់រដ្ឋមន្រ្តីការបរទេសនឹងត្រូវកំណត់ថាតើជំនួបនោះនឹងកើតមានឡើងដែរឬទេ៕