បញ្ញាវ័ននិងអ្នកជំនាញខាងប្រទេសកម្ពុជាសំខាន់ៗនានា នឹងមកជួបគ្នាជាមួយអ្នកឯកទេសខាងតំបន់អាស៊ីរាប់រយនាក់ដទៃទៀត នៅថ្ងៃទី២២ ខែមីនា ខាងមុខក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីប្រធានបទផ្សេងៗក្នុងតំបន់អាស៊ី។
ក្នុងចំណោមអ្នកចូលរួមជាង៣.០០០នាក់នៃសិក្ខាសាលាប្រចាំឆ្នាំរបស់សមាគមសម្រាប់ការសិក្សាតំបន់អាស៊ី ឬ Association of Asian Studies អ្នករៀបចំកម្មវិធីបានឲ្យដឹងថា មានអ្នកឯកទេសខាងប្រទេសកម្ពុជាចូលរួមដូចជា លោក David Chandler ដែលជាបញ្ញាវ័នល្បីល្បាញអំពីប្រវត្តិសាស្ត្រសម័យថ្មីរបស់ប្រទេសកម្ពុជា និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី លោក ស្វាយ សារ៉េត ដែលជាជាងចម្លាក់និងសិល្បករផ្នែកសម្តែងជនជាតិកម្ពុជារស់នៅនិងធ្វើការក្នុងខេត្តសៀមរាប និងអ្នកស្រី Krisna Uk ដែលជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលខេមរសិក្សា ឬ Center for Khmer Studies នៅខេត្តសៀមរាប។
សិក្ខាសាលានេះនឹងចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា នៅសណ្ឋាគារ Marriot Wardman Park នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
សិក្ខាសាលានេះប្រមូលផ្តុំបញ្ញាវ័ន សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងអ្នកនិពន្ធសៀវភៅ ជុំវិញពិភពលោកជាច្រើននាក់ មកជួបពិភាក្សាលើបញ្ហាសំខាន់ៗទាំងឡាយក្នុងប្រទេសនៅទ្វីបអាស៊ីទាំងអស់ ដែលរួមមានទាក់ទងនឹងប្រទេសកម្ពុជាផងដែរ។ កម្មវិធីដែលមានរយៈពេល៤ថ្ងៃនេះ គ្រោងនឹងមានបទបង្ហាញជាង៤០០ លើប្រធានបទគ្រប់វិស័យ និងចាក់បញ្ចាំងភាពយន្តជាង២០ ដែលទាក់ទងនឹងទ្វីបអាស៊ី។ សមាគមសម្រាប់ការសិក្សាតំបន់អាស៊ី (AAS) មានទីតាំងក្នុងទីក្រុង Ann Arbor រដ្ឋ Michigan ហើយត្រូវបានគេចាត់ទុកជាអង្គការសម្រាប់ការសិក្សាមិនរកកម្រៃរបស់សហរដ្ឋអាមេរិកធំបំផុតមួយ ដែលផ្ដោតលើតំបន់អាស៊ី។
ការបោះឆ្នោតរបស់ប្រទេសកម្ពុជាក្នុងខែកក្កដានេះ ក៏ជាប្រធានបទក្នុងបទបង្ហាញមួយដែលមានចំណងជើងថា «ការបោះឆ្នោតឆ្នាំ២០១៨របស់ប្រទេសកម្ពុជា៖ យុវជន យុទ្ធសាស្ត្រគណបក្សនយោបាយ និងទិដ្ឋភាពនយោបាយថ្មី»។ បើយោងតាមអ្នករៀបចំកម្មវិធី បទបង្ហាញនេះនឹងពិភាក្សាអំពីឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងប្រទេស តួនាទីយុវជនក្នុងកិច្ចការនយោបាយ ហើយនិងការឆ្លើយតបរបស់គណបក្សនយោបាយនានា ចំពោះការចូលរួមនយោបាយរបស់ប្រជាជនកម្ពុជាក្នុងទ្រង់ទ្រាយថ្មីៗផ្សេងៗ។
ភាពយន្តមួយក្នុងចំណោមភាពយន្តដែលគេចាក់បញ្ចាំងទាំងអស់ មានចំណងជើងថា «បុរសដែលបានកសាងប្រទេសកម្ពុជា» ឬ The Man Who Built Cambodia។ ភាពយន្តនេះត្រូវបានដឹកនាំដោយអ្នកផលិតខ្សែភាពយន្តជនជាតិកាណាដា ដែលរស់នៅក្នុងប្រទេសកម្ពុជា គឺលោក Christopher Rompre។ ហើយភាពយន្តដែលមានរយៈពេល ៣៧នាទីនេះ ក៏ជាភាពយន្តឯកសារបែបនិទានកថាមួយអំពី ជីវិតនិងការងាររបស់លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករដ៏ល្បីក្នុងសម័យសង្គមរាស្ត្រនិយម ដែលជាសម័យកាលដែលប្រទេសកម្ពុជាបានរីកចម្រើនឡើងសាជាថ្មី។ លោក វណ្ណ ម៉ូលីវណ្ណ បានទទួលមរណភាពកាលពីខែកញ្ញាឆ្នាំ២០១៧។
បើយោងតាមអ្នករៀបចំកម្មវិធី ការសិក្សាស្រាវជ្រាវជាច្រើនអំពីតំបន់អាស៊ី នឹងត្រូវបានគេយកធ្វើបទបង្ហាញ ហើយប្រធានបទទាក់ទងនឹងប្រទេសកម្ពុជាមួយចំនួនមានដូចជា នយោបាយបំភិតបំភ័យ នយោបាយតាមប្រព័ន្ធបច្ចេកវិទ្យា វប្បធម៌នយោបាយនៃបម្លាស់ប្ដូរសេដ្ឋកិច្ច សិទ្ធិមនុស្ស និងពុទ្ធសាសនា ក្នុងតំបន់អាស៊ីអាគ្នេយ៍៕