សហជីព​ឥណទាន​​សន្សំ​​កំពុង​ក្លាយ​ជា​ជម្រើស​ថ្មី​មួយ​ជំនួស​ធនាគារ​នៅ​កេនយ៉ា

សហជីព​ឥណទាន​​សន្សំ​​កំពុង​ក្លាយ​ជា​ជម្រើស​ថ្មី​មួយ​ជំនួស​ធនាគារ​នៅ​កេនយ៉ា។

សហជីពឥណទាន​សន្សំ និង​សហ​ឥណទាន​ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ សាកូ​ (SACCOS)​ កំពុងតែ​មាន​ភាព​ពេញ​និយម​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​កេនយ៉ា​។ សហជីព​នេះ​កំពុង​ផ្តល់​ជា​ជម្រើស​មួយ​ជំនួសធនាគារ​ សម្រាប់​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​ដែល​ត្រូវ​ការ​ហិរញ្ញប្បទាន​។

លោក​ George​ Mokua​ ដែល​ជា​អ្នក​បើកបរ​តាក់ស៊ី​មួយរូប បាន​និយាយ​ថា​ ការ​ដែល​គាត់​ជា​សមាជិក​មួយ​របស់​សាកូ​ បានផ្តល់​លទ្ធភាព​ឲ្យ​គាត់ចាប់​ផ្តើម​បើក​អាជីវកម្ម​ឡាន​តាក់ស៊ីបាន​។ ជា​យូរ​មក​ហើយ​ គាត់​បាន​និយាយ​ថា​ គាត់​មិនមាន​ទំនុកចិត្ត​ទៅ​រក​ធនាគារ​ទេ​ ដោយសារ​តែ​គាត់​មិនមាន​ប្រាក់សន្សំ​ច្រើន​ និង​មាន​ទ្រព្យ​សម្បត្តិ​តិចតួច​។

គាត់​បាន​មាន​ប្រសាសន៍ថា​ «លក្ខខណ្ឌ​ដើម្ប​ទទួល​បាន​ប្រាក់កម្ចី​មួយ​ ពី​សាកូ​មិន​លំបាក​ទេ​។ ​ធនាគារ​វិញ​នឹង​តម្រូវ​យើង​ឲ្យ​មាន​ប័ណ្ណ​កម្មសិទ្ធិ​មួយ​ ក្នុង​ចំណោម​តម្រូវការ​ផ្សេងៗ​ទៀត​ ដែល​យើង​ប្រហែល​ជា​មិនមាន​នោះ​ទេ​។»

លទ្ធភាព​របស់​សាកូ​ ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី​ក្នុង​អត្រាការ​ប្រាក់ទាប​ បាន​ទាក់ទាញ​សមាជិក​ជាច្រើន និង​បាន​ចូលរួម​ចំណែក​ដល់ភាព​រីកលូតលាស់​របស់​សាកូ​នៅ​ទូទាំង​ប្រទេស​កេនយ៉ា​។

លោក​ George​ Mokua​ បាន​ទិញ​រថយន្ត​ដំបូង​របស់​គាត់​ តាមរយៈ​ប្រាក់កម្ចី​របស់​សាកូ​។ គាត់​កំពុង​តែ​សន្សំប្រាក់​ដើម្បី​ឈាន​ទៅ​ទិញ​រថយន្ត​ទីពីរ​របស់​គាត់​ផង​ដែរ។

លោក​បាន​និយាយ​ថា​ «វា​មិន​មាន​សម្ពាធ​ច្រើន​ទេ​ នៅ​ពេល​ដែល​គាត់​សង​ប្រាក់​ទៅ​ឲ្យ​សាកូ​ »។ អ្វី​ដែល​សាកូ​បាន​ផ្ដល់​ឲ្យ​យើង​ ដរាប​ណា​យើង​អាច​សង​ទៅ​ពូកគេ​វិញ​ វា​គ្មាន​បញ្ហា​នោះ​ទេ​។ ចំណែក​ឯ​ធនាគារ​វិញ​ នៅ​ពេល​ដែល​ ដល់​ថៃ្ង​សងប្រាក់​មក​ដល់​ ធនាគារ​ចង់​បាន​ប្រាក់​របស់​ពួកគេ​វិញ​យ៉ាង​ឆាប់រហ័ស​»។

នៅ​ក្នុង​សាកូ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សហជីព​ឥណទាន​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ ប្រាក់​ចំណេញ​សុទ្ធ​ ត្រូវ​បាន​ចែក​រំលែក​រវាង​សមាជិក​ទាំងអស់​នៅ​ក្នុង​ទម្រង់​ជា​ភាគលាភ​។ ការ​បែងចែក​នេះ​ផ្អែក​លើ​ចំនួន​ភាគរយ​នៃការ​កាន់កាប់​ភាគ​ហ៊ុន​របស់​សមាជិក​ម្នាក់ៗ​ ខណៈ​ដែល​ធនាគារ​វិញ​ មាន​តែ​ម្ចាស់​ភាគហ៊ុន​ទេ​ដែល​ទទួល​បាន​ចំណែក​នៃ​ប្រាក់​ចំណេញ​។

ជា​ធម្មតា​នៅ​ក្នុង​សាកូ​មួយ​ លក្ខណៈ​ពិសេស​របស់​វា​គឺ​ តែងតែ​មាន​ទំនាក់​ទំនង​រួម​មួយ​ក្នុង​ចំណោម​សមាជិក​ ដូចជា​មាន​វិជ្ជាជីវៈ​ដូចគ្នា​ ឬ​ដែល​រស់នៅ​ក្នុង​តំបន់​ដូចគ្នា​។

លោក​ Michael​ Maruga​ Mangeri​ គឺ​ជា​អ្នក​គ្រប់គ្រង​នៅ​Metropolitan​ National​ SACCO​ ដែល​មាន​ ប្រតិបត្ដិការ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៧​មកម្ល៉េះ​ និង​មាន​សមាជិក​៩០.០០០​នាក់​។

«សមាជិក​របស់​យើង​មាន​សិប្បករ​ juakali​ [សិប្បករ​លោហៈ​ធាតុ]​ កសិករ​ចិញ្ចឹម​គោ​ កសិករ​ដាំ​កាហ្វេ​ អ្នក​មាន​មុខរបរ​ទាក់ទង​នឹង​ទេសចរណ៍​ ហើយ​ក៏​មាន​ម្ចាស់​សហគ្រាស​ធុន​តូច​ដូចជា​ អ្នកលក់​គ្រឿង​ដែក​ និង​អ្នក​មាន​ហាង​ ឬ​តូប​ផ្សេងៗ​។ ទាំងនោះ​គឺជា​ ការងារ​ដោយ​ប្រើ​កម្លាំង​ យើង​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​។ ហើយ​យើង​កំពុង​ព្យាយាម​អភិវឌ្ឍ​ ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ប្រាក់កម្ចី​ ក្នុង​អត្រា​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​យ៉ាងខ្លាំង»។

លោក​ Ambrose​ Jagongo​ដែល​ជា​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​ និង​ភាព​ជា​សហគ្រិន​នៅ​ សាកល​វិទ្យាល័យ​កេន​យ៉ាត​តា​ (Kenyatta​ University​) មាន​អារម្មណ៍​ថា ​សាកូ​ គឺ​ជា​អនាគត​របស់​ សហគ្រិន​វ័យក្មេង​នៅ​ក្នុង​ប្រទេស​កេនយ៉ា​ ដែល​ទើប​តែ​ចាប់ផ្តើម​។

«​បញ្ហា​វត្ថុ​បញ្ចាំធានា​បាន​បង្ក​ជា​ឧបសគ្គ​សម្រាប់​អ្នក​ដែល​ពុំមាន​លទ្ធភាព​លើ​ផ្នែក​ហិរញ្ញវត្ថុ។ បើ​សិន​ជា​ខ្ញុំ​មិនមាន​វត្ថុបញ្ចាំ​ធានា​ទេ​ នោះ​ខ្ញុំ​ប្រហែល​ជា​មិន​ទៅ​រក​ធនាគារ​នោះទេ​។ ពីព្រោះ​ប្រសិន​បើ​ខ្ញុំ​ចង់​ចាប់​ផ្តើម​អាជីវកម្ម​មួយ​ ធនាគារ​នឹង​មិន​ផ្តល់​ប្រាក់កម្ចី​មក​ខ្ញុំ​នោះទេ​។ ធនាគារ​នឹង​ផ្តល់​ប្រាក់កម្ចី​មក​ខ្ញុំ​ នៅ​ករណី​មួយ​ នៅ​ពេល​ដែល​ខ្ញុំ​មាន​មុខ​ជំនួញ​មួយ​រួច​ទៅ​ហើយ​ ដែល​ពួកគេ​អាច​មើល​ឃើញ​»។

ការ​ស្រាវជ្រាវ​មួយ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​បង្ហាញ​ថា​ ប្រហែល​ជា​ប្រាំពីរ​ភាគរយ​ នៃ​ចំនួន​ប្រជាជន​អាហ្រ្វិកជាប់​ពាក់ព័ន្ធ​នឹង​ប្រភេទ​ផ្សេងៗ​នៃ​សហ​ហិរញ្ញប្បទាន​។

នៅ​ក្នុង​ប្រទេស​កេនយ៉ា​ ចំពោះ​ប្រជាជន​ដែល​មិនអាច​ទទួល​បាន​ហិរញ្ញប្បទាន​តាម​របៀប​ផ្សេង​បាន​នោះ ​សហ​ហិរញ្ញប្បទានបាន​កំពុង​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​យ៉ាង​ខ្លាំង ​៕

ប្រែសម្រួលដោយ ហង្ស វុទ្ធិកា