ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌី បានធ្វើការវាយប្រហារតាមអាកាសលើប្រទេសយេម៉ែន ជាបន្តបន្ទាប់គ្នាឈានដល់ថ្ងៃទី១៦ហើយកាលពីថ្ងៃសុក្រ ដោយយកជាទីដៅនៃការវាយប្រហារនូវឃ្លាំងអាវុធដែលត្រូវបានប្រើប្រាស់ដោយពួកឧទ្ទាម Shi'ite Houthi នៅក្នុងរដ្ឋធានីសាណាអា (Sana'a)។
ពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថា ការវាយប្រហារតាមអាកាសទាំងនេះបានត្រូវចំក្រសួងការពារប្រទេសនិងអាគារឯទៀតៗដោយមានរួមបញ្ចូលទាំងជំរុំយោធាមួយដែលគេជឿថាបានត្រូវត្រួតត្រាដោយកងកម្លាំងឧទ្ទាមស្មោះត្រង់នឹងអតីតប្រធានាធិបតីប្រទេសទេសយេម៉ែន លោក Ali Abdullah Saleh។
ពួកឧទ្ទាមបានត្រួតត្រាក្រុងសាណាអាហើយ និងកំពុងស្វះស្វែងវាយយកក្រុង Aden ដែលជាក្រុងធំបំផុតក្នុងប៉ែកខាងត្បូងប្រទេសយេម៉ែន នៅពេលដែលពួកគេប្រយុទ្ធប្រឆាំងនឹងកងកម្លាំងដែលគាំទ្រលោក Abd-Rabbu Mansour Hadi ប្រធានាធិបតីនៃប្រទេសយេម៉ែន មានការគាំទ្រពីអន្តរជាតិហើយបានរត់គេចខ្លួនចេញពីប្រទេសកាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យម្នាក់នៃក្រសួងការពារប្រទេសស.រ.អា.បាននិយាយកាលពីថ្ងៃសុក្រថា មាន«ការប្រយុទ្ធប្រទាញប្រទង់គ្នា»ដណ្តើមក្រុង Aden ក៏ប៉ុន្តែគ្មានការងឿងឆ្ងល់ទេថា ពួក Houthis ត្រួតត្រាផ្នែកធំមួយនៃក្រុងនេះហើយ។
កាលពីប៉ុន្មានម៉ោងមុននេះ មានការវាយប្រហារតាមអាកាសខ្លាំងបំផុតដឹកនាំដោយអារ៉ាប៊ីសាអូឌី ដោយយកពួកឧទ្ទាម Shi'ite Houthis ដែលគេមានជំនឿថាទទួលការទ្រទ្រង់ពីប្រទេសអ៊ីរ៉ង់ជាទីដៅនៃការវាយប្រហារ៕