ប្រទេស​អារ៉ាប៊ី សាអូឌី​​ថា​អ្នកកាសែត​ Khashoggi ​ស្លាប់​នៅ​ក្រោយ​ការ​វាយ​តប់គ្នា​នៅ​ក្នុង​ស្ថាន​កុងស៊ុល

បាតុកម្ម​ Jamal Khashoggi នៅ​សេតវិមាន

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​បាន​រាយការណ៍​ថាអាជ្ញាធរ​ប្រទេសអារ៉ាប៊ី សាអូឌី​និយាយ​ថាលទ្ធផល​ដំបូងៗ​នៃការ​ស៊ើបអង្កេត​របស់​ខ្លួនអំពីការ​បាត់​ខ្លួន​អ្នកកាសែត អារ៉ាប៊ី សាអូឌី លោក​ Jamal Khashoggi បង្ហាញ​ថា​លោកបាន​ស្លាប់​នៅ​ក្នុងស្ថាន​កុងស៊ុល​នៃ​ប្រទេស​ អារ៉ាប៊ី សាអូឌីក្នុង​ក្រុង​អ៊ីស្តង់ប៊ុល នៅ​ក្រោយ​មានការ​វាយ​តប់​ជាមួយ​ពួក​មនុស្ស​ដែល​លោក​បានជួប​នៅ​ក្នុង​ទី​នោះ។​

សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ព្រះរាជអាជ្ញា​សាធារណៈ​នៃ​ប្រទេស​ អារ៉ាប៊ី សាអូឌី​ដែល​ទូរទស្សន៍​រដ្ឋ​នៃ​ប្រទេស​នេះ​បានផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​បានចែង​ថា​រហូត​មក​ដល់ពេល​នេះពលរដ្ឋ​ អារ៉ាប៊ី សាអូឌី ១៨​នាក់​បានត្រូវ​ចាប់ខ្លួនក្នុង​ការ​ពាក់ព័ន្ធ​ជា​មួយ​ការស្លាប់​របស់​លោក Khashoggi។​ សេចក្តី​ថ្លែង​ការណ៍នេះ​ក៏​បាន​និយាយ​ដែរ​ថា​លោក Saud al-Qahtani ទី​ប្រឹក្សា​ព្រះរាជ​តុលាការ​និង​លោក Ahmed Assiri អនុ​ប្រធានផ្នែក​ស៊ើបការ​សម្ងាត់ក៏​បានត្រូវ​ដក​ចេញ​ពី​តំណែង​ដែរ។​

ព្រះរាជអាជ្ញា​ក៏​បានថ្លែង​ដែរ​ថា​ការ​ស៊ើបអង្កេត​អំពី​មរណភាព​របស់​លោក Khashoggi កំពុង​មាន​ធ្វើតទៅ​ទៀត។​

ទី​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​ក៏​បានផ្សាយ​ដែរ​ថា​ព្រះចៅ​ Salman​ ក៏​បានបញ្ជា​ដែរ​ឱ្យមានការ​បង្កើតគណៈកម្មាធិការ​មួយ​ដឹក​នាំ​ដោយ​ព្រះអង្គម្ចាស់​រជ្ជទាយាទដើម្បី​រៀប​ចំសេវា​ស៊ើបការ​សម្ងាត់​របស់​ព្រះរាជាណាចក្រ​នេះ​ជា​ថ្មីឡើងវិញ។​

អត្ថាធិប្បាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ជា​ការទទួល​សារភាព​លើកដំបូង​ដោយ​រដ្ឋាភិបាល អារ៉ាប៊ី សាអូឌី​ថា​លោក Khashoggi បានស្លាប់ទៅ​ហើយ។​

សេតវិមាន​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយថា​ខ្លួន «ទទួល​ស្គាល់​សេចក្តី​ប្រកាស​នេះពី​ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌី​ដែល​ថា​ការ​ស៊ើបអង្កេត​របស់ពួក​គេ​អំពី​ជោគវាសនា​របស់​លោក Jamal Khashoggi កំពុង​មានការ​ជឿនលឿន​ហើយ​ថា​អាជ្ញាធរ​នៃ​ប្រទេស​នេះ​បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​ពួកជន​ជាប់សង្ស័យ​ដែលពួក​គេ​បានបង្ហាញ​អត្តសញ្ញាណ​រហូតមក​ដល់​ពេល​នេះ»។

នៅ​ពេល​ត្រូវ​សួរ​អំពី​សេចក្តី​ប្រកាស​នេះ​របស់​អាជ្ញាធរ អារ៉ាប៊ី សាអូឌីលោកប្រធានាធិបតី​ Donald Trump បាន​និយាយ​ប្រាប់ពួកអ្នកកាសែត​នៅ​ក្នុងរដ្ឋ Arizona ថា​ «នេះ​ជា​ជំហានដំបូង​ធំមួយ»។ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាងណាក៏​ដោយក៏​លោកបានថ្លែង​ដែរ​ថា «យើង​មានសំណួរ​ខ្លះ» សម្រាប់​ពួក អារ៉ាប៊ី សាអូឌីហើយ​លាក​បាននិយាយ​បន្ថែមថា​ «យើង​នឹង​ធ្វើការ​ជាមួយ​សភា​អំពី​ការណ៍នេះ»៕