អ្នកបោះឆ្នោតបានឈរតម្រង់ជួរគ្នារង់ចាំចូលបោះឆ្នោតនៅតាមតស្ថានីយ៍បោះឆ្នោតនៅទូទាំងប្រទេសអាហ្វហ្គានីសា្ថន បើទោះបីជាមានការគំរាមកំហែងម្តងៗហើយម្តងទៀតពីក្រុមតាលីបង់ រួមទាំងការគំរាមកំហែងថ្មីចុងក្រោយនៅថ្ងៃព្រឹកថ្ងៃសៅរ៍នេះថាពួកគេនឹងធ្វើការវាយប្រហារនៅតាមស្ថានីយ៍បោះឆ្នោតទាំងអស់យ៉ាងណាក៏ដោយ។
ចំណែកឯនៅក្នុងរដ្ឋធានីកាប៊ុលវិញពួកអ្នកបោះឆ្នោតបានប្រឆាំងនឹងការគំរាមកំហែងទាំងនេះ។ នាង Fariba ដែលជាអ្នកបោះឆ្នោតម្នាក់រស់នៅក្នុងក្រុងកាប៊ុលបាននិយាយថា «យើងមិនខ្លាចការគំរាមកំហែងទាំងនេះទេ ពីព្រោះថាយើងចង់កសាងប្រទេសរបស់យើង។ យើងបានឮការគំរាមកំហែងជាច្រើននៅថ្ងៃនេះ ប៉ុន្តែយើងនៅតែមកបោះឆ្នោតនៅទីនេះ»។
នៅតាមស្ថានីយ៍បោះឆ្នោតផ្សេងៗទៀតនៅក្នុងប្រទេស ក្រុមអាជ្ញាធរហាក់ដូចជាមានទំនុកចិត្តអំពីការការពារសុវត្ថិភាពដល់អ្នកបោះឆ្នោត។
លោក Mohammad Rasul Omar ប្រធានគណៈកម្មការការបោះឆ្នោតឯករាជ្យក្នុងទីក្រុង Kunduz បាននិយាយថា ក្រុមមន្រ្តីបោះឆ្នោតរាយការណ៍ថាពួកតាលីបង់បានលួចយកសម្ភារៈបោះឆ្នោតយ៉ាងហោចណាស់ពីស្ថានីយ៍បោះឆ្នោតមួយកន្លែងនៅក្នុងខេត្ត ហើយពួកអ្នកសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាមានការវាយប្រហារដោយគ្រាប់រ៉ុកែ្កតនៅតាមកន្លែងជាច្រើននៅក្នុងខេត្ត ប៉ុន្តែមានការពារសុវត្ថិភាពបានយ៉ាងតឹងរឹង។ យើងមានការសហការយ៉ាងល្អជាមួយកងកម្លាំងសន្តិសុខ»៕