នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ (Mahathir bin Mohamad) បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាន VOA Khmer កាលពីសប្ដាហ៍មុនថាប្រទេសម៉ាឡេស៊ី មិនបានទទួលសាលដីការបស់តុលាការកម្ពុជា បង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៊ីទេ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងពេលដែលនាយករដ្ឋមន្ត្រីវ័យ៩៤ឆ្នាំរបស់ម៉ាឡេស៊ីរូបនេះ បានធ្វើសន្និសីទកាសែតមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងបូរីញូយ៉ក បន្ទាប់ពីលោកបានឡើងថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤នៅឆ្នាំនេះ។
ប្រមុខដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ទៀតថាម៉ាឡេស៊ី ក៏នឹងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដែរ នៅពេលដែលអ្នកយកព័ត៌មានវីអូអេ បានសួរលោកបន្ថែមថាតើម៉ាឡេស៊ី នឹងចាប់ខ្លួនលោក សម រង្ស៊ី តាមសំណើរបស់រដ្ឋាភិបាលកម្ពុជាឬទេ បើលោក សម រង្ស៊ី ធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ីនោះ។
លោក មហាធៀ មហាម៉ាត់ មានប្រសាសន៍ថា៖
«យើងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសណាមួយទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩ថា សាលដីកាចាប់ខ្លួនលោក សម រង្ស៊ី ត្រូវបានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំង១០រួចហើយ ក្រោយពេលដែលលោក សម រង្ស៊ី បានប្រកាសត្រៀមវិលត្រឡប់ចូលមកកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកា ខាងមុខ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជាផងដែរនោះ។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំងដ៏ធំដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលកាលពីឆ្នាំមុន បានរស់នៅដោយនិរទេសខ្លួនឯងក្រៅប្រទេសអស់រយៈពេលប្រាំឆ្នាំមកហើយ ដើម្បីគេចពីបណ្ដឹងព្រហ្មទណ្ឌជាច្រើនប្រឆាំងនឹងរូបលោក។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបច្ចុប្បន្ន បានអះអាងប្រាប់ក្រុមអ្នកយកព័ត៌មាន VOA Khmer ក្រោយពីចូលរួមកិច្ចប្រជុំមួយនៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុងបុរីញូយ៉កកាលពីចុងសប្ដាហ៍ថា ការណ៍ដែលសាលដីកាចាប់ខ្លួនលោក សម រង្ស៊ី មិនទាន់បានទៅដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺអាចដោយសារតែនីតិវិធីបញ្ជូនតែប៉ុណ្ណោះ។
«អាហ្នឹងគេមាននីតិវិធីរបស់គេ ប្រហែលជាមិនទាន់ទៅដល់គាត់ ប៉ុន្តែយើងបានផ្ញើទៅកាន់ស្ថាប័នដែលពាក់ព័ន្ធនៅក្នុងកិច្ចការហ្នឹងរួចហើយ»។
លោក ប្រាក់ សុខុន បន្ថែមថា៖ «អារឿងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងជារឿងផ្សេង ប៉ុន្តែអារឿងសហការគ្នាក្នុងការចាប់ឧក្រិដ្ឋជន អាហ្នឹងជារឿងផ្សឹង»។
បណ្ដឹងចំនួនប្រមាណ១០ ត្រូវបានដាក់ប្រឆាំងនឹងរូបលោក សម រង្ស៊ី ដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជារួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភា លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នៅថ្ងៃ២៦ ខែកញ្ញា តុលាការក្រុងភ្នំពេញ ក៏បានសម្រេចចោទប្រកាន់មន្ត្រីជាន់ខ្ពស់៩នាក់នៃអតីតគណបក្សសង្គ្រោះជាតិ ដោយរួមទាំងលោក សម រង្ស៊ីផងនោះ ពីបទល្មើសថ្មីមួយទៀតគឺបទ «ឧបឃាត» ដែលតុលាការចាត់ទុកថាជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋាភិបាល។ តុលាការកម្ពុជា ក៏បានកោះហៅលោក សម រង្ស៊ី ជាថ្មីទៀត ឲ្យចូលខ្លួននៅដើមខែតុលានេះ៕