លោក ​សម រង្ស៊ី ​ប្រកាស ​«ចលនា​សង្រ្គោះជាតិ»​ ជា​ផ្លូវការ​ បើ​ទោះ​ប្រឈម​ការ​បង្រ្កាប​ពី​រដ្ឋាភិបាល

រូបឯកសារ៖ លោក សម រង្ស៊ី ឆ្លើយ​សំណួរ​ក្នុង​ការ​ជួប​ជុំ​សំណេះ​សំណាល​ជា​មួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ក្នុង​ភោជនីយដ្ឋាន Harvest Moon រដ្ឋ  Virginia កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី០៦ ខែ​តុលា ឆ្នាំ២០១៦។ (VOA)

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​យល់​ថា លោក សម រង្ស៊ី មិន​គួរ​បង្កើត​ចលនា​ថ្មី​ណា​មួយ​ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​កើត​ចេញ​ពី​ការ​ចាប់ដៃ​ជាមួយ​​លោក កឹម សុខា នោះ​ទេ។

ចលនា​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សម រង្ស៊ី ត្រូវ​បាន​ប្រកាស​ដំណើរការ​ជា​ផ្លូវការ បើ​ទោះ​បី​ជា​មេ​ទាហាន​និង​មេ​នគរបាល​ជាន់ខ្ពស់​នៅ​កម្ពុជា ​បាន​ហៅ​ចលនា​នេះ​ថា​ជា​ «ភេរវកម្ម» និងប្រកាស​ជា​បន្តបន្ទាប់​ថា​ត្រូវ​តែ​កម្ទេច ប្រសិន​បើ​កើត​មាន​នៅ​កម្ពុជា។​

លោក សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេសកាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ បាន​ប្រកាស​ជា​ផ្លូវការ ដំណើរការ​ចលនាសង្គ្រោះជាតិរបស់​ខ្លួនក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ដោយ​មានការ​ចូលរួម​ពី​ក្រុម​អតីតមន្រ្តី​ជាន់​ខ្ពស់ តំណាងរាស្ត្រ និង​សកម្មជន​របស់​គណបក្សសង្គ្រោះ​ជាតិ​មួយ​ចំនួន។ នេះ​បើ​តាម​វីដេអូ​រយៈពេល​ជិត​ពីរ​ម៉ោង ​ដែល​ត្រូវ​បាន​បង្ហោះលើ​ទំព័រ​ Facebook របស់​លោក សម រង្ស៊ី ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ។

ក្នុង​វីដេអូ​នោះ លោក សម រង្ស៊ី លើកឡើង​ជា​ថ្មី​ថា ការ​បង្កើត​ចលនា​សង្គ្រោះជាតិ គឺ​មាន​គោលបំណង​ទាមទារ​ឲ្យ​មានការដោះ​លែង​លោក កឹម សុខា ​ដោះលែង​អ្នកទោស​នយោបាយ​ជាច្រើន​រូប​ទៀត​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និងទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ ​ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។ លោក​បន្ថែម​ថា ​ឆ្នាំ​២០១៨ នឹង​ក្លាយ​ជា​ឆ្នាំ​ដែល​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្តូរ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ជឿ​ថា ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ផ្តាច់ព្រ័ត្រ។ បន្តិច​ទៀត​នេះ​យើង​នឹង​និយាយ​អំពី​ផែនការសកម្មភាព​របស់​យើង ប៉ុន្តែ​ខ្ញុំ​សុំ​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ​ ថា​ឲ្យឆ្នាំ​២០១៨​នេះ ឃើញ​នូវ​ការ​ផ្លាស់ប្តូរ​ដែល​ប្រជារាស្រ្ត​ខ្មែរ​រង​ចាំ​យូរ​ណាស់​មក​ហើយ»។

លោក​ សម រង្ស៊ី​ និង​អតីត​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ដែល​កំពុងស្ថិត​នៅ​ក្រៅ​ប្រទេស​ ចាប់​ផ្តើម​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​ ​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨ ដោយ​អះអាង​ថា ដើម្បី​តស៊ូ​ដោយ​សន្តិវិធី​ តាមរយៈ​ការ​រៀបចំ​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។ លោក សម រង្ស៊ី បាន​អំពាវនាវ​កុំ​ឲ្យ​ថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​សង្រ្គោះជាតិ​ ​ ​ប្រកាស​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ចលនា​នេះ​ជា​សាធារណៈ​ ​ដើម្បី​ធានា​សុវត្ថិភាព​ ​និង​ធានា​ប្រសិទ្ធភាព​ការងារ​របស់​ចលនា​នេះ។

ចលនា​សង្រ្គោះជាតិ​នេះ មិន​ត្រូវ​បាន​គាំទ្រ​ដោយ​មន្រ្តី​ដែល​មាន​អតីត​ភាព​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស ដែល​បង្កើត​ឡើង​ដោយ​លោក កឹម សុខា នោះ​ទេ។ លោក កឹម សុខា ផ្ទាល់ ក៏​បាន​ប្រកាស​មិន​គាំទ្រ​ចលនា​នេះ​ដែរ។

ក្រោយ​ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះជាតិនេះ គេ​ឃើញមន្រ្តី​ជាន់ខ្ពស់​ដែល​ជា​មេ​ទាហាន និង​មេ​នគរបាលជាច្រើន​រូប រួម​មាន លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក សៅ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជាដើម បាន​ហៅ​ចលនា​នោះថា ជា​ភេរវកម្ម និង​បានប្តេជ្ញា​បង្រ្កាបចលនា​នោះ មិន​ឲ្យ​កើត​មាន​នៅ​កម្ពុជា។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានតាម​បណ្តាញ​សង្គម​ Telegram នា​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​ បង្ហាញ​ពីទំនាស់​រវាងក្រុម​និយម​លោក កឹម សុខា និង​ក្រុម​និយម​លោក សម រង្ស៊ី។ លោក​បន្ថែម​ថា ការ​ប្រកាសបង្កើតចលនា​ណា​មួយក្នុង​គោលបំណង​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ការ​ដាក់​បន្ទុក​ផ្លូវ​ច្បាប់​បន្ថែម​លើ​ក្រុម​របស់​លោក សម រង្ស៊ី។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បានសរសេរក្នុង​ន័យ​ដើម​ថា៖

«ការ​យល់​ឃើញ​ប្រកប​ដោយ​ចិត្ត​លោភ​លន់ និង​អំណាច​នេះ​របស់​ក្រុម​និយម សម រង្សី ភ្លេច​គិត​ថា របស់​ដែល​ហៅ​ថា​ ចលនា​សង្គ្រោះ​ជាតិ​ស្អី​នេះ គឺជា​ក្រុម​ខុស​ច្បាប់ ទោះ​បី​នៅ​ក្រៅ​ប្រទេស​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​នៃ​ប្រទេស​កម្ពុជា វា​កាន់​តែ​បង្កើន​បទល្មើស​ឲ្យ​ខ្លួន កាន់​តែ​មាន​ពិរុទ្ធភាព​ធ្ងន់​ទៅៗ ដែល​នាំ​ឲ្យ​កាន់​តែ​ទទួល​ទោស​កាន់​តែ​ធ្ងន់​ថែម​ទៀត​ប៉ុណ្ណោះ»។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ឯករាជ្យ ប្រាប់ VOA ថា ការ​បង្កើត​ចលនា​ថ្មី​របស់​លោក សម រង្ស៊ី នឹង​មិន​អាច​ទទួល​បាន​ផ្លែផ្កាដូច​ការ​រំពឹង​ទុក​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ឡើយ។ លោក​បន្ថែម​ថា លោក សម រង្ស៊ី គួរ​តែ​រៀបចំ​យុទ្ធសាស្រ្ត​របស់​ខ្លួន​តាម​រយៈ​ការ​ឈរ​លើ​ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ ​មិន​គួរ​បង្កើត​ចលនា​អ្វី​ថ្មី​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«តែ​កាលណា​គេ​ធ្វើ​នយោបាយ គឺ​គេ​ត្រូវ​ការ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ ហើយ​ការ​រួបរួម​គ្នា​គឺ​បាន​លទ្ធផល​វិជ្ជមាន​យ៉ាង​ធំធេង គឺ​បាន​ទទួល​ការ​គាំទ្រ​ពី​មតិ​មហាជន​ជាច្រើន ហើយ​ក៏លេច​ចេញ​ជា​សន្លឹក​ឆ្នោត​នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧។ ហើយ​គេ​គួរ​តែ​បន្ត​ទៅ​ទៀត ​ពង្រឹង​ទៅ​វិញ មិនមែន​ទៅ​បង្កើត​ចលនា​អី​មួយផ្សេង​នោះ​ទេ។ អ្វី​ដែល​មាន​ស្រាប់​គេ​ពង្រឹង ហើយ​កែ​លម្អ ដើម្បី​ឲ្យ​មាន​ឯកភាព​គ្នា​បន្ថែម​ទៅ​ទៀត​នៅ​ក្នុង​ជួរ​បក្ស​ហ្នឹង សូម្បី​តែ​បក្ស​ហ្នឹង​រលាយ​ក៏​ដោយ»។​

ចលនា​សង្គ្រោះជាតិ​ត្រូវ​បាន​ប្រកាស​បង្កើត​ ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​ហើយ​មន្រ្តី​ជាន់​ខ្ពស់​ ​និង​តំណាងរាស្រ្តជាង​១០០នាក់​ ​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃដោយ​ចោទ​ថា​ គណបក្ស​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល៕