លោក សម រង្ស៊ី មេដឹកនាំក្រុមជំទាស់ ដែលភៀសខ្លួននៅក្រៅប្រទេស អះអាងកាលពីថ្ងៃអាទិត្យថា ការបង្កើតចលនាសង្គ្រោះជាតិថ្មីគឺដើម្បីជួយបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិបានចូលរួមក្នុងការបោះឆ្នោតនិងធ្វើឱ្យការបោះឆ្នោតនៅពេលខាងមុខមានភាពត្រឹមត្រូវ។ ទោះយ៉ាងណាក៏ដោយ ការបង្កើតចលនាថ្មីនេះត្រូវគេមើលឃើញថា ជាសញ្ញានៃការប្រេះឆារបស់ក្រុមជំទាស់ទៅវិញ។
ការលើកឡើងរបស់លោក សម រង្ស៊ី គឺធ្វើឡើងក្រោយពីការប្រកាសបង្កើត«ចលនាសង្គ្រោះជាតិ» កាលពីចុងសប្តាហ៍នេះដើម្បីប្រមែប្រមូលអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនិងគណបក្សសង្គ្រោះជាតិក្រោយការរំលាយគណបក្សនេះ កាលពីខែវិច្ឆិកាកន្លងទៅ។
សេចក្តីថ្លែងការណ៍មួយរបស់ចលនានេះឱ្យដឹងថា មន្រ្តីចំនួន៩រូប ជាតំណាងនៃចលនានេះ។ មន្ត្រីទាំងនេះ រួមមានអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួន៦រូប គឺលោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក តុ វ៉ាន់ចាន់ លោក ទួន យក់ដា និងអ្នកស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោក សម រង្ស៊ី។ ចំណែកឯមន្រ្តី៣រូបទៀត ជាអតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលទទួលខុសត្រូវនៅខាងក្រៅប្រទេស រួមមានលោក ជា គឹមលី លោក អ៊ុង រិទ្ធី និងលោក គា រី។
ថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកនៅសហរដ្ឋអាមេរិក និងផ្សាយតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃអាទិត្យ លោក សម រង្ស៊ី អះអាងថា ចលនាថ្មីនេះគឺដើរស្របនឹងគណបក្សសង្គ្រោះជាតិ និងប្រមូលផ្តុំអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលកំពុងបែកខ្ជះខ្ជាយក្រោយការរំលាយនោះ។ លោកបន្តថា ចលនាសង្គ្រោះជាតិនេះនឹងអាចរលាយដោយខ្លួនឯងពេលដែលលោក កឹម សុខា និង អ្នកទោសមនសិការមួយចំនួន រួមមានសកម្មជនសិទ្ធិដីធ្លី បរិស្ថាន សកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិត្រូវបានដោះលែង។
«តាមរយៈចលនានេះ អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ អាចធ្វើការបានដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតត្រឹមត្រូវ ហើយយើងមិនបាច់និយាយបន្ថែមទេ! បើមានការបើកផ្លូវគឺបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិឈ្នះ។ ដូច្នេះត្រូវយល់ឱ្យច្បាស់! សូមយល់ឱ្យច្បាស់ថា ចលនានេះមិនមានបំណង បំបែកគណបក្សសង្គ្រោះជាតិទេ។ ម៉េចក៏មានចលនាផង មានគណបក្សផង? ផ្ទុយទៅវិញគឺជួយគ្នា យោងគ្នា។ ក្នុងខណៈដែលគណបក្សមិនអាចធ្វើអីកើត ទាល់តែមានចលនាជួយគណបក្ស បើកផ្លូវឱ្យគណបក្ស»។
តុលាការកំពូលនៃប្រទេសកម្ពុជា កាលពីខែវិច្ឆិកាកន្លងទៅ សម្រេចធ្វើការរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជា និងហាមប្រាមមិនឲ្យមន្ត្រីសំខាន់ និងសមាជិកគណបក្សនេះចំនួន១១៨នាក់ចូលរួមក្នុងសកម្មភាពនយោបាយចំនួនប្រាំឆ្នាំ ក្រោមបទចោទទាក់ទិននឹងអំពើក្បត់ជាតិ។ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងក្រោយការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់នេះ តំណាងរាស្ត្រនិងមន្ត្រីសំខាន់ៗរបស់គណបក្សនេះបានរត់ភៀសខ្លួនទៅក្រៅប្រទេស ចំណែកមួយចំនួនទៀត នៅក្នុងប្រទេសត្រូវបញ្ចប់ជីវិតនយោបាយរបស់ខ្លួន។
ក្នុងវីដេអូខ្លីដែលផ្សាយតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក លោក សម រង្ស៊ី កាលពីថ្ងៃអាទិត្យកន្លងទៅក៏បានបញ្ជាក់ថា ចលនាសង្គ្រោះជាតិ ដែលនឹងប្រមូលផ្តុំអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិនោះនឹងមានកម្លាំងខ្លាំងជាងមុន ហើយអាចធ្វើអ្វីជាច្រើនដែលគណបក្សនយោបាយក្នុងប្រទេសមិនអាចធ្វើបាន។
«ចលនានេះយើងអាចធ្វើសកម្មភាពខ្លាំងជាងគណបក្សទៀត។ បើយើងធ្វើសកម្មភាពជាគណបក្ស ឧបមាថា នៅជាគណបក្ស យើងមិនអាចអំពាវនាវឱ្យប្រជារាស្ត្រប៉ះបោរ ឱ្យប្រជារាស្ត្រងើបឈរ ឱ្យប្រជារាស្ត្រធ្វើបាតុកម្ម ឱ្យប្រជារាស្ត្រ ប្រជាពលរដ្ឋ ជាពិសេសយើងអាចឲ្យកម្មករធ្វើកូដកម្មទេ។ ឥឡូវបើនរណាហ៊ានអំពាវនាវអីចឹង ក្នុងជួរគណបក្សសង្គ្រោះជាតិហ្នឹងច្បាស់ជាគេរករឿងខ្លាំងមែនទែន គឺគណបក្សមិនអាចទេ! ហើយជាពិសេសអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធឈរខាងប្រជារាស្ត្រ កុំឈរខាងជនផ្តាច់ការ»។
យ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក សម រង្ស៊ី គឺខុសពីការលើកឡើងរបស់អ្នកតំណាងគណបក្សកាន់អំណាចនិងអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា ដែលយល់ថា នេះជាសញ្ញាមួយនៃការចាប់ផ្តើមបែកបាក់របស់ក្រុមជំទាស់ទៅវិញ។
អ្នកនាំពាក្យនៃគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន គឺលោក សុខ ឥសាន ថ្លែងប្រាប់ VOA ថា គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជាមិនមានក្តីបារម្ភអ្វីចំពោះវោហាសាស្ត្ររបស់លោក សម រង្ស៊ីនោះទេ ហើយដំណើរការរបស់ចលនាថ្មីនេះដែលលោកហៅថាជា«ឧទ្ទាមក្រៅច្បាប់» គឺមានត្រឹមតែនៅក្រៅប្រទេសប៉ុណ្ណោះទេ។ អ្នកនាំពាក្យរូបនេះបន្តថា ការបង្កើតចលនាថ្មីនេះគឺអាចនាំដល់ការប្រេះឆាក្នុងក្រុមអ្នកជំទាស់ ដោយសារ សមាជិក និងតំណាងរបស់ចលនាសង្គ្រោះជាតិនេះមិនបានបញ្ចូលអ្នកដែលធ្លាប់គាំទ្រលោក កឹម សុខា នោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យនៃគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ថ្លែងថា៖
«ឥឡូវនេះគឺតាមសភាពការណ៍ថ្មីនេះគឺអ្នកបង្កើតហ្នឹងវាជាអ្នកនិយមគណបក្សភ្លើងទៀន ហើយដូចជាកាសចោលអ្នកមកពីសិទ្ធិមនុស្ស។ អីចឹងទេ យើងឃើញថា មានការខ្វែងគំនិតគ្នា។ អ្នកបង្កើតនោះគឺមានតែប្រាំ ប្រាំមួយនាក់ប៉ុណ្ណោះទេ សុទ្ធតែអ្នកមកពីភ្លើងទៀននិយម ហើយចំណែកអ្នកដែលនៅសិទ្ធិមនុស្សនិយមហ្នឹងគឺមានសតិអាម្មណ៍មិនចង់ឱ្យមានការបង្កើតក្រុមចលនាខុសច្បាប់ ជាឧទ្ទាមក្រៅច្បាប់នោះទេ បាទ!»
ដោយឡែក លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកឃ្លាំមើលការវិវឌ្ឍស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា យល់ថា ការបង្កើតចលនាថ្មីនេះគឺជាចំណុចផ្តើមនៃការបែកបាក់របស់គណបក្សសង្គ្រោះជាតិ ពី«គណបក្ស ទៅចលនា» ដែលលោកថា មានកម្រិតតូចជាងមុន ហើយលោកក៏មិនបានឃើញការចូលរួមរបស់តំណាង ឬអ្នកគាំទ្រគណបក្សនេះនៅក្នុងស្រុកផងដែរ។
«ការចាប់ផ្តើមនៃទីបញ្ចប់នេះគណបក្សសង្គ្រោះ ដោយសារយើងឈប់ប្រើប្រាស់រចនាសម្ព័ន្ធនៃគណបក្សក្នុងការធ្វើសកម្មភាពអ្វីផ្សេងៗ ហ្នឹងណា៎ បាទ! អីចឹងការរំលាយនោះគឺគ្រាន់តែរំលាយក្នុងក្រដាស់ ក៏ប៉ុន្តែចិត្តថ្លើមអី មិនទាន់រំលាយរចនាសម្ព័ន្ធ ដែលតាមចិត្តថ្លើមរបស់មនុស្សហ្នឹងគឺវាកាន់តែបាក់បែកបន្តទៅទៀតហើយ»។
ទោះយ៉ាងណាក៏ដោយ លោក ឡៅ ម៉ុងហៃ យល់ថា ចលនាថ្មីនេះនឹងមិនមានឥទ្ធិពលខ្លាំងក្លាអ្វីនោះទេចំពោះការបោះឆ្នោតនៅពេលខាងមុខ ហើយគណបក្សប្រជាជនកម្ពុជានឹងអាចគ្រប់គ្រងអំណាចតទៅមុខទៀត ហើយស្ថានភាពនយោបាយនឹងអាចអាក្រក់ជាងនេះ ប្រសិនបើសហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត២០១៨ខាងមុខ។
«អាចអីចឹង ក៏ប៉ុន្តែ អត់ដោះស្រាយបញ្ហា អត់ដោះស្រាយភាពតានតឹង ឬក៏ស្ថានការណ៍អាក្រក់ដូចស្ថានភាពសព្វថ្ងៃនោះទេបាទ។ បោះឆ្នោតគឺបោះឆ្នោតតែរៀបចំនៅក្នុងបរិយាកាសសព្វថ្ងៃ បាទ! ដែលមិនមានលក្ខណៈជួយឱ្យមានការបោះឆ្នោតដោយសេរីយុត្តិធម៌នោះទេគឺលទ្ធផលបានមកគឺអត់បានដោះស្រាយបញ្ហាអីដដែលគឺនៅតែច្របូកច្របល់ដដែល ប្រហែលជាពិបាកជាងសព្វថ្ងៃនេះ ប្រសិនបើគេមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះ»។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលគេមើលឃើញថា ជាដៃគូប្រជែងដ៏ធំរបស់លោក ហ៊ុន សែន ក្នុងការបោះឆ្នោតជាតិ២០១៨ ប្រទេសកម្ពុជារងការរិះគន់យ៉ាងខ្លាំងៗពីមជ្ឈដ្ឋានអន្តរជាតិ ដោយការនេះប្រាសចាកពីគោលការណ៍ប្រជាធិបតេយ្យ។ ភ្លាមៗនោះដែរ ប្រទេសម្ចាស់ជំនួយធំៗមួយចំនួនពីបស្ចិមប្រទេសបានសម្រេចកាត់ជំនួយ និងដាក់វិធានការនានាលើមន្ត្រីគណបក្សកាន់អំណាច ហើយពួកគេដាក់ការសង្ស័យលើដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
បើទោះជាយ៉ាងនោះក្តី គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន មិនបានបង្ហាញពីក្តីបារម្ភ ឬរារែកក្នុងការដាក់សម្ពាធលើក្រុមជំទាស់នោះទេ។ លើសពីនេះទៀត សម្ព័ន្ធមិត្តនៃគណបក្សកាន់អំណាចគឺប្រទេសចិនកុម្មុយនិស្ត និងរុស្ស៊ីបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនថា នៅកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ។
ស្របពេលដែលចលនាសង្គ្រោះជាតិថ្មីនៅឯបរទេសត្រូវបានបង្កើតឡើង លោក ហ៊ុន សែន មេគណបក្សកាន់អំណាច បានបញ្ជាក់សារជាថ្មីនៅថ្ងៃច័ន្ទនេះ ដោយអះអាងថា លោក នឹងនៅតែជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជារយៈពេល១០ឆ្នាំទៅមុខទៀត គឺដល់ឆ្នាំ២០២៨។ លោកថាការស្ថិតក្នុងអំណាចរបស់លោកគឺដើម្បីជួយប្រជាជននិងប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់៕