លោក សម រង្ស៊ី​ធានា​ថា អ្នកតំណាង​សហគមន៍​បឹងកក់​នឹង​ត្រូវ​ដោះលែង​តាម​ការសម្រប​សម្រួល​នយោបាយ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ភរិយា​គឺ​លោកស្រី ជូឡុង ​សូមូរ៉ា​​ ចូល​រួម​នៅ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​១០​នៃ​ការ​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី កាល​ពី​ថ្ង​ពុធ ទី​២៩ ខែ​តុលា ឆ្នាំ​២០១៤។

ប្រមុខ​ដឹក​នាំ​គណបក្ស​ជំទាស់​ធំ​ជាង​គេ​នៅក្នុងប្រទេស​កម្ពុជា ​បាន​ហៅ​ការ​ដោះលែងអ្នក​នយោ​បាយ​របស់​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​នៃ​គុក​ព្រៃ​ស​ គឺជាការ​សាកល្បង​មួយ​សម្រាប់ការ​រួប​រួម​ជាតិ​ និងសម្រាប់​ការ​ដោះ​លែង​សកម្មជន​ដី​ធ្លី​ដ​ទៃ​ទៀត។​

លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បានថ្លែង​យ៉ាង​ដូច្នេះនៅថ្ងៃ​ច័ន្ទ​នេះ​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​របស់​លោកនៅ​ចំពោះ​មុខ​កូន​និង​ប្តីរបស់​អ្នក​ស្រី​ង៉ែត​ ខុន ​ហៅម៉ាំមី ​ដែល​ជាស្ត្រីអ្នក​តវ៉ា​រឿង​ដី​ធ្លី​នៃ​សហគមន៍​បឹងកក់ចំណាស់​៧៥​ឆ្នាំ​ដ៏​សកម្ម​មួយ​រូប​ និងនៅ​ចំពោះមុខ​តំណាង​សហគមន៍​បុរី​កីឡា​និង​ថ្ម​គោល​សរុប​ប្រមាណ​ដប់​នាក់។​ ក្រុម​គ្រួសារ​ជន​រង​គ្រោះទាំងនេះ​បាន​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ជំទាស់​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ជា​មួយ​លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន សែន​អំពីការ​ទាម​ទារ​របស់​ពួក​គេ​ ឲ្យ​ដោះ​លែង​សកម្ម​ជន​ដី​ធ្លី​និង​ដោះ​លែង​ស្ត្រី​តវ៉ាដ៏​ចំណាស់​ជាង​គេ​ខាង​លើ​នេះ​ ដោយ​សារ​មូល​ហេតុ​វ័យ​ចំណាស់ ​និង​ដោយ​កត្តា​ត្រូវ​រៀប​មង្គល​ការ​កូន​ស្រី​របស់​ខ្លួន​នៅ​ចុង​ខែ​នេះ។​

លោក​សម រង្ស៊ី​បាន​និយាយ​ធានា​ដល់​ពួក​គេ​ថា ​លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​មាជ សុវណ្ណារ៉ា ​អ្នក​នយោបាយ​របស់​គណបក្ស​ជំទាស់​ និង​សកម្មជន​នយោបាយ​គណបក្ស​ជំទាស់ ហើយ​ការ​ដោះ​លែង​ពួក​គេ​នឹង​សម្រួល​ដល់​ការ​ដោះ​លែង​សកម្ម​ជន​ដី​ធ្លី​ និង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដទៃ​ទៀត។ លោក​មាជ សុវណ្ណារ៉ា​បាន​ប្តឹង​សារទុក្ខ​តាម​រយៈ​មេធាវី​របស់​ខ្លួន​សុំនៅ​ក្រៅ​ឃុំ ​ ហើយ​សវនាការ​លើ​បណ្តឹង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ខែ​ធ្នូ។ ​នេះ​បើ​យោង​តាម​លោក​សម រង្ស៊ី​ និង​មេធាវី​របស់​លោក​មាជ សុវណ្ណារ៉ា​គឺ​លោក​ចាន់ ចេន។​ លោក​សម រង្ស៊ី​បានអះអាង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ចំៗ​ថា ​លោក​បានជជែកនិង​អង្វរ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ក្នុង​បញ្ហា​នេះ។​

«ខ្ញុំ​បាន​និយាយ​អង្វរ​អ្នក​មាន​អំណាច​សុំ​ឲ្យ​ធ្វើ​កាយ​វិកា​មួយ​ឲ្យ​បញ្ចប់​ភាព​តាន​តឹង។ ​បើ​យើង​ចង់​ឲ្យ​ខ្មែរ​រួប​រួម​គ្នា​ ចេះ​ស្រឡាញ់ខ្មែរ​ យើង​អាច​ធ្វើ​កាយ​វិកា​មួយ​ចាប់​ផ្តើម​ថ្ងៃ​១២​នេះ​ ឲ្យ​បាន​ចេញ​ជា​រូប​រាង​ជាវិជ្ជមាន។ ​ពេល​នោះ​អាច​ទៅ​ដល់​អ្នក​ដទៃ​ទៀត​ ពីព្រោះ​លោកមាជ សុវណ្ណារ៉ា​ស្ថិត​ក្នុង​ចំណោមមនុស្ស​១៧​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ហើយ»។​

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​បង្រ្កាប​ក្រុម​អ្នក​តវ៉ាអំពី​បញ្ហា​ដី​ធ្លី​កាល​ពី​ខែ​មុន ​ហើយ​បាន​ចាប់​និង​កាត់​ទោស​ពួក​គេ​យ៉ាង​តក់​ក្រហល់។ ​ក្រុម​អង្គការ​សង្គម​ស៊ីវិលបាន​រិះ​គន់​ចំណាត់​ការ​នេះថា​ ជា​រឿង​ហួស​ហេតុ​មួយ។

អ្នក​នយោបាយ​បក្ស​ជំទាស់​និង​សកម្ម​ជន​បក្ស​ជំទាស់ ​រួម​ទាំង​សកម្ម​ជន​ដីធ្លី​ថ្ម​គោល ​បុរី​កីឡា​ បឹងកក់​ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ​សរុប​ចំនួន​១៧​នាក់​ ត្រូវ​ចាប់​ខ្លួន​ និង​ផ្តន្ទា​ទោស​ជា​បន្ត​បន្ទាប់ក្នុង​ខែដដែល​នោះ។​

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ មេដឹក​នាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៊ី​បាន​ទៅ​ជួប​ពួក​គេ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ព្រៃ​ស​ ហើយ​បាន​ហៅ​ករណី​ចាប់​ឃុំ​ខ្លួន​និង​ការ​ផ្តន្ទាទោស​ពួក​គេ​ថា ​ជា​រឿង​«នយោបាយ»។​

លោកអេង​ សៀង ​អាយុ​៨៧​គឺជា​ប្តី​របស់​អ្នកស្រី​ង៉ែត​ ខុន ​ហៅម៉ាំមី​ សកម្ម​ជន​ដី​ធ្លី​វ័យ​ចំណាស់​ដែល​កំពុង​ស្ថិត​ក្នុង​គុក​ឧក្រិដ្ឋ​ព្រៃ​ស។​

លោក​មាន​ប្រសាសន៍​ថា ​លោក​ស្នើ​ឲ្យ​លោក​សម រង្ស៊ី​ទៅ​ជួយ​និយាយ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ប្រពន្ធ​របស់​លោក។​

«ម៉ាំមី​ប្រពន្ធ​របស់​ខ្ញុំ​(កំពុង)​ជាប់​គុក​នៅ​ព្រៃ​ស។​ (ខ្ញុំ)​សុំ​លោក​ប្រធាន​សម រង្ស៊ី​ ជួយ​ផ្សាយ​ដល់​លោក​ហ៊ុន សែន។ ​សុំ​ឲ្យ​លោក​ហ៊ុន សែន​ជួយ​ដោះ​ស្រាយ​ឲ្យ»។

យោង​តាម​លោក​ហម ស៊ុនរិទ្ធ ​នាយក​រង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​និង​ជា​មេធាវី​ការ​ពារ​ឲ្យសកម្មជន​ដីធ្លី​ និង​ព្រះសង្ឃ​ដែល​ត្រូវ​ចាប់​ខ្លួន​ ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍ប្រឆាំង​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ។​ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​សម្រាប់​ការ​បើក​សវនាការ​នៅ​ឡើយ​ទេ។​

សកម្ម​ជន​ដី​ធ្លី​ភាគ​ច្រើន​និង​ព្រះ​សង្ឃ​ផង​ត្រូវ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​មួយ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រមាណ​៥០០​ដុល្លារ​អាមេរិក​ក្រោម​ការ​ចោទ​ប្រកាន់​ថា ​បាន​រំខាន​ដល់​មន្ត្រី​សាធារណៈ​ និង​បទ​ចោទ​ថា ​បាន​បិទ​ផ្លូវ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​សាធារណៈ៕