ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ភូមិ​បឹងកក់​ដែល​ជាប់​ឃុំឃាំង​ព្រមាន​បន្ត​ធ្វើ​កូដកម្ម​អត់​អាហារ

  • ហេង រស្មី

​អ្នក​ស្រី​ ទេព វន្នី​ ម្ចាស់​​ពាន​រង្វាន់​ស្រ្តី​ជា​អ្នក​ក្លាហាន​ Vital Voices

ក្រុម​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​៨​នាក់​បាន​ព្រមាន​ថា ​គ្រោង​នឹង​ធ្វើ​កូដកម្ម​តម​អាហារ​គ្មាន​ពេល​កំណត់​ ប្រសិន​ណា​បើ​ដល់​កំណត់​រយៈ​ពេល​មួយ​ខែនៃ​ការ​ឃុំ​ខ្លួន​គឺ​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ខាង​មុខ​នេះ ​ហើយ​ពួកគេមិន​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​ទេនោះ។

ការ​ព្រមាន​របស់​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​ពួក​គេ​មាន​គ្នា​ប្រមាណ​៩​នាក់​ក្នុង​ចំណោម​១១​នាក់​បាន​ធ្វើកូដកម្ម​តម​អាហារ​រយៈ​ពេល​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ដើម្បី​ប្រឆាំង​ជំទាស់​នឹង​សេចក្តី​សម្រេចរបស់​តុលាការ​កន្លង​មក។​

នៅ​ក្នុង​លិខិត​សរសេរ​ដោយ​ដៃផ្ញើ​ចេញ​ពី​ពន្ធនាគារព្រៃ​ស​«ម២»​ ដែល​វីអូអេ​បាន​ទទួល​ ​បាន​បញ្ជាក់​ថា​ សកម្មជន​ដីធ្លី​ទាំង​៨​នាក់​ដែល​គំរាម​ធ្វើ​កូដកម្ម​តម​អាហារ​រួម​មាន​អ្នក​ស្រី​ ទេព វន្នី​ ម្ចាស់ពាន​រង្វាន់​ស្រ្តី​ជា​អ្នក​ក្លាហាន​ Vital Voices ​អ្នកស្រី​ គង់ ​ចន្ថា​ ​អ្នកស្រី​ បូ ឆវី​ ​អ្នកស្រី សុង ស្រីលាភ​ ​អ្នកស្រី​អ៊ឹម ស្រីទូច​ ​អ្នកស្រី​លី ស៊ីវម៉ិញ​ ​អ្នកស្រីភួង​ សុភាព​ និង​ អ្នក​ស្រី​ហេង ពេជ្រ។​

ចំណែក​ឯ​ស្រ្តី​បឹងកក់​បី​នាក់​ផ្សេង​ទៀត ​ដែល​មាន​វ័យ​ចាស់​ជរា ​ដូច​ជា​អ្នក​ស្រី​ង៉ែត ឃុន​ «ហៅ​ មាំម៉ី»​ មិន​មាន​គម្រោងធ្វើ​កូដកម្មតម​អាហារ​ទេ។ ​ក៏​ប៉ុន្តែ​អ្នក​ស្រី​ក៏​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​លិខិត​ដែល​បាន​ផ្ញើ​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​ដែរ។​

លោក​ អ៊ូ គង់ជា​ អាយុ​៣៧​ ឆ្នាំ​ស្វាមី​អ្នក​ស្រី​ ទេព វន្នី​ បាន​បញ្ជាក់​ថា ​ដំណឹង​នេះ​ធ្វើ​ឲ្យលោក​ព្រួយ​បារម្ភ​ពី​សុខភាព​ ហើយ​នៅ​ថ្ងៃស្អែក​នេះ​លោក​នឹង​ទៅ​ពន្ធនាគារ​ដើម្បី​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ស្រី​ទេព វន្នី​ ឲ្យបញ្ឈប់​គម្រោងធ្វើ​កូដកម្ម​តម​អាហារ​នេះ។​

លោក​មាន​ប្រសាសន៍​ថា​ សកម្មជន​បឹងកក់​ទាំង​៨​នាក់ធ្វើ​កូដកម្ម​តម​អាហារ​ដោយ​សារ​តែ​ពួក​គេ​ជំទាស់​នឹង​ការ​កាត់​ក្តី​ដោយ​អយុត្តិធម៌​ពី​សាលា​ដំបូង​ក្រុង​ភ្នំពេញ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​បារម្ភ។​ បើ​គាត់​ធ្វើ​តែ​មួយ​ថ្ងៃ​ ខ្ញុំ​អត់​បារម្ភ​ទេ ​គាត់​អាច​ សុខភាព​គាត់​អាច​ទ្រទ្រង់​បាន។​ ប៉ុន្តែ​បើ​គាត់​ប្រកាស​ចាប់​ផ្តើម​ធ្វើ​រហូត​មែនខ្ញុំ​បារម្ភ​ពី​សុខភាព​គាត់​ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត»។

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃទី​១១​កន្លង​ទៅ​នេះ​បាន​កាត់​ទោស​យ៉ាង​តក់​ក្រហល់​បំផុត​ប្រឆាំង​ជំទាស់​នឹង​សកម្ម​ជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​១១​នាក់​ពី​បទ៖ ​«រាំង​ស្ទះ​ និង​បង្ក​ឧបសគ្គ​ដល់​ចរាចរណ៍​តាម​មាត្រាទី​៧៨​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក»។​

ការ​សម្រេចទោស​នេះ​គឺ​ជាកម្រិតទោស​ខ្ពស់​បំផុត​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា​ ពួកគេ​បាន​បិទ​ផ្លូវ​សារធារណៈ​នៅ​ពីមុខ​សាលា​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១០​កន្លង​ទៅ​នេះ​ ដើម្បី​តវ៉ា​ពី​រឿង​ទឹក​បាន​ជន់​លិច​ផ្ទះ​ពួកគេ​ នៅ​តំបន់​បឹងកក់។

អ្នក​ស្រី​សាម សុគន្ធា​ មេធាវី​ការ​ពារ​ក្តី​សកម្មជន​បឹងកក់​ បាន​បញ្ជាក់​ថា លោក​ស្រី​កំពុង​ជំរុញ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញបញ្ជូន​សំណុំ​រឿង​ក្តី​នេះ​ទៅ​ជំនុំ​ជម្រះនៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត​ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​រួច។ ក៏ប៉ុន្តែ​តុលាការ​សាលា​ដំបូង​មិន​ទាន់​បាន​បញ្ជូន​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។​

អ្នក​ស្រី​និយាយ​ថា៖​ «សាលា​ដំបូង​កាត់​ថ្ងៃ​មុន​ហើយ​ អញ្ចឹង​កូន​ក្តី​ខ្ញុំ​ប្តឹង​ឧទ្ធរណ៍។​ អញ្ចឹង​ខ្ញុំ​កំពុង​តែ​ជំរុញ​សាលា​ដំបូង​បញ្ជូន​ទៅ​សាលា​ឧទ្ធរណ៍»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ស្នើ​សុំសេចក្តី​អត្ថាធិប្បាយ តែ​មិន​អាច​ទាក់ទង​បាន​ទេ។​

លោក​ អំ សំអាត​ ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​មាន​ប្រសាសន៍​ថា៖​«ការ​ធ្វើ​កូដកម្ម​អត់​អាហារ​ ទី​មួយ​យើង​មើល​ទៅ​ វា​ប៉ះពាល់​ធ្ងន់​ធ្ងរ​សម្រាប់​សុខ​ភាព​របស់​គាត់។ ​ទីមួយ​គ្រាន់​តែ​ជាប់​ពន្ធនាគារ​នេះ​ ​សុខភាព​គាត់​ទ្រុឌ​ទ្រោម​ណាស់​ទៅ​ហើយ។​ ​ការ​គិត​ច្រើន ​វា​ធ្វើ​ឲ្យប៉ះពាល់​ផ្លូវ​ចិត្ត​ច្រើន​ណាស់​ហើយ»។​

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក ​សម រង្ស៊ី​ កាល​ពី​សប្តាហ៍​មុន​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ទាម​ទារ​ឲ្យដោះ​លែង​សកម្ម​ជន​គណបក្ស​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​ និង​ព្រះ​សង្ឃ​សរុប​ចំនួន​១៩​នាក់​ឲ្យមាន​សេរីភាព​វិញ។

លោក ​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ដំណើរ​ការ​ដោះ​លែង​ពួក​គេ​កំពុង​ដំណើរការ៕

XS
SM
MD
LG