ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ដីធ្លី​នៅ​តែ​បន្ត​ទាម​ទារ​ឲ្យ​ដោះ​លែង​សមាជិក​ក្រុម​របស់​ខ្លួន


ពលរដ្ឋ​បឹងកក់​កាន់ផ្ទាំង​ក្រដាស​ពាក្យ​ស្លោក​ក្នុង​ពេល​តវ៉ា​មួយ​ដោយ​សុំឲ្យ​ព្រះមហាក្សត្រជួយ​ដោះលែង​អ្នក​ភូមិ​និង​ម្តាយ​របស់​ពួកគេនៅ​មុខ​ព្រះបរមរាជវាំងក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១១ មិថុនា ២០១២។ ពាក្យ​នៅ​លើបដា​អានថា៖ «ជួយ​ប្រជាជន​បឹងកក់​ផង ជួយផង!!!»
ពលរដ្ឋ​បឹងកក់​កាន់ផ្ទាំង​ក្រដាស​ពាក្យ​ស្លោក​ក្នុង​ពេល​តវ៉ា​មួយ​ដោយ​សុំឲ្យ​ព្រះមហាក្សត្រជួយ​ដោះលែង​អ្នក​ភូមិ​និង​ម្តាយ​របស់​ពួកគេនៅ​មុខ​ព្រះបរមរាជវាំងក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១១ មិថុនា ២០១២។ ពាក្យ​នៅ​លើបដា​អានថា៖ «ជួយ​ប្រជាជន​បឹងកក់​ផង ជួយផង!!!»

ក្រុម​សកម្ម​ជន​ដី​ធ្លី​មក​ពី​សហគមន៍​បឹងកក់ ព្រះសង្ឃ​ និង​សហគមន៍​រង​គ្រោះ​ដោយសារ​ជម្លោះ​ដី​ធ្លី​ដទៃ​ទៀត​ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ពី​មុខ​មន្ទីរ​រដ្ឋ​សភា​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​ដើម្បី​ជំរុញ​ឲ្យ​ដោះ​លែង​សកម្មជន​ដី​ធ្លី​ចំនួ​ន​ដប់​នាក់​និង​ព្រះ​សង្ឃ​ចំនួន​បី​អង្គ​ រួម​ទាំង​សកម្ម​ជន​នយោបាយនិង​អ្នក​នយោបាយ​គណបក្ស​ជំទាស់​ផង​ដែរ។​

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ស្រប​គ្នា​នឹង​អង្គការ​ Human Rights Watch របស់​សហ​រដ្ឋ​អាមេរិក​ បាន​ថ្កោល​ទោសការ​ចាប់​ខ្លួន​និង​ការ​កាត់​ទោស​សកម្ម​ជន​ដីធ្លី​និង​ព្រះសង្ឃ​ទាំង​បី​អង្គ។​

ដៃ​កាន់​ផ្កា​ឈូក ​នៅ​ពីមុខ​ខ្លោងទ្វារ​ចូល​រដ្ឋ​សភា​ជាមួយ​នឹង​ស្ត្រី​និង​ក្រុម​អ្នក​តវ៉ា​ប្រមាណ​ជិត​១០០​នាក់​ អ្នក​ស្រី​យ៉ោម បុប្ផា​ ជា​អ្នក​តវ៉ាក្នុង​ទំនាស់​ដីធ្លី​នៅ​បឹងកក់​យ៉ាង​សកម្ម​មួយ​រូប។​

អ្នក​ស្រី​បញ្ជាក់​ថា ​ការទាម​ទារ​នេះ​គឺ​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​នយោបាយ​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ពីរ​រូប ​សកម្មជន​ដីធ្លី​ដប់​នាក់​ ​និង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បី​អង្គ​ដែលត្រូវ​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក​និង​កាត់​ទោស​ដាក់​ពន្ធនាគារ។​

«យើង​ទាំង​អស់​គ្នា ​ជា​ប្រជា​ពលរដ្ឋ​ដឹង​ថា​ នេះ​ជា​រឿង​អយុត្តិ​ធម៌​ដ៏​ធំ​មួយ។​ ដូច្នេះ​យើង​ជា​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ទាំង​អស់​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ទាំង​១៥​រូប​នេះ​តែ​ម្តង»។​

កាល​ពី​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធសប្តាហ៍​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ដាក់​ទោស​ស្ត្រី​សកម្ម​ជន​ដី​ធ្លី​ដ៏​សកម្ម​ក្នុង​ទី​ក្រុង​ភ្នំពេញ​ចំនួន​ដប់​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​មួយ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ពីរលានរៀលឬ​ស្មើ​នឹង​៥០០​ដុល្លារ​ក្នុង​ម្នាក់ៗ។ ​ស្រ្តីទាំង​នេះ​ភាគ​ច្រើន​មក​ពី​សហគមន៍​បឹងកក់។ ​ទោស​ទាំង​នេះ​គឺ​ជា​ទោស​កម្រិតខ្ពស់​បំផុត​ដែល​មាន​ចែង​ក្នុង​ច្បាប់​ក្នុង​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ​ពី​បទ​រំខាន​ដល់​កិច្ច​ការ​សមត្ថកិច្ច​សាធារណៈ​ និង​បទ​រំខាន​ដល់​ចរាចរណ៍​សាធារណៈ។​ ក្នុង​ចំណោម​ស្ត្រី​ដែល​ត្រូវ​ផ្តន្ទាទោស​ទាំង​នេះ​មាន​ស្ត្រី​សកម្ម​ជន​បឹងកក់​ចំនួន​ប្រាំ​នាក់​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​នា​ពេល​កន្លង​មក​ ហើយ​តុលាការ​គ្រាន់​តែព្យួរទោស​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ​ ក្នុង​នោះ​ដែរ​មាន​អ្នកស្រី​ទេព វន្នី​ ម្ចាស់​ពាន​រង្វាន់ ​Vital Voices Global Partnership ​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។​

ដោយ​ឡែក​ ព្រះសង្ឃត្រូវ​ចាប់​ខ្លួន​ក្នុង​សកម្ម​ភាព​រួម​ចំណែក​ក្នុង​ការ​តវ៉ា​និង​ក្នុង​ការ​ដឹក​ជញ្ជូន​ទង់ជាតិ​ ដែល​មាន​ដង​ធំៗ​ ហើយ​ត្រូវ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ដំបង។​

ក្រុម​អ្នក​តវ៉ា​បាន​អង្គុយ​នៅ​លើ​ផ្លូវ​ថ្នល់​ និង​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​ប្រចាំ។​

តំណាង​រាស្ដ្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​មក​ជួប​ក្រុម​ប្រជា​ពលរដ្ឋ។​ តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​យក​ញ្ញត្តិ​ដែលបញ្ជាក់​ពី​ការ​ទាម​ទារនៅ​ក្នុង​នោះ​របស់​ក្រុម​អ្នក​តវ៉ា។​

ដោយ​ឡែក​ លោកស្រី​ឡោ ខេង ​តំណាង​រាស្ដ្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ផ្តល់​យោបល់​ឲ្យ​មាន​ការឲ្យ​ជន​ជាប់​ចោទ​ធ្វើ​ការ​ប្តឹង​ទាស់​តាម​នីតិវិធី​តុលាការ​ ហើយ​សមាជិក​សភា​នឹង​ជួយ​ធ្វើ​ការ​សម្រប​សម្រួល។​

«(យើង)​យក​ទៅ​ពិភាក្សា​គ្នា​ចំពោះ​ការ​ចាប់​ចង​ទាំង​អស់​នេះ ​ហើយយើង​នឹង​ធ្វើ​ទៅ​តាម​នីតិវិធី​នៃ​រដ្ឋ​សភា​របស់​យើង។​ ហើយ​សភា​នឹង​ខិត​ខំ​សម្រប​សម្រួល​ជា​មួយ​ខាង​តុលាការ​ដើម្បី​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​និង​ព្រះ​សង្ឃ​របស់​យើង»។​

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ពីរ​អង្គបាន​ទទូច​នៅ​ចំពោះ​មុខ​តំណាង​រាស្ដ្រ​គណបក្ស​កាន់​អំណាច​ និង​លោក​ចាន់ ចេង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ព្រះពុទ្ធ​សាសនា​និង​មាន​សីលធម៌​ចំពោះ​ព្រះ​ពុទ្ធ​សាសនា។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​នេះ​ ​ដោយ​ចាត់ទុក​ថា​ ចំណាត់​ការ​លើ​សកម្ម​ជន​ដីធ្លី​និង​ព្រះ​សង្ឃ​គឺ​ជា​«រលក​ថ្មី​មួយ​នៃ​ការ​ចាប់​ខ្លួន​គណបក្ស​ប្រឆាំង ​និង​សកម្មជន​សង្គម»​ ហើយ​ប្រទេស​ម្ចាស់​ជំនួយ​«គួរ​តែ​ប្រឆាំង​នឹង​ការ​បៀតបៀន​ ការ​ដាក់​ឃុំឃាំង​ និង​ការ​កាត់ទោស​ជន​ដែល​ប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​ហើយ​រដ្ឋា​ភិបាល​កម្ពុជា​គួរ​តែ​បញ្ឈប់​ការ​បង្រ្កាប»។​

ឆ្លើយ​តប​មក​វិញ​ លោក​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋម​ន្ត្រី​លើក​ឡើង​ថា​ ចំណាត់​ការ​នេះ​គឺជា​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់​និង​សណ្តាប់​ធ្នាប់​និង​ការ​បំបាត់​និទណ្ឌភាព។ ​ហើយ​វាមិន​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ចរចា​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ស្តី​ពី​ការ​កែ​ទម្រង់ការ​បោះ​ឆ្នោត​នោះ​ទេ។​

ទោះ​ជា​យ៉ាង​ណា ​លោក​ចាន់ សូវ៉េត ​អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ មើល​ឃើញ​ថា​ រដ្ឋា​ភិបាល​បាន​ប្រព្រឹត្ត​ប្រាសចាក​នឹង​«ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ»​ក្នុង​ការ​បង្រ្កាប​លើ​ក្រុម​អ្នក​តវ៉ា​នេះ៕

XS
SM
MD
LG