ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល៖ ​អត្ថាធិប្បាយ​របស់​​មន្ត្រី​សិទ្ធិ​មនុស្ស​អ.ស.ប.​នៅ​កម្ពុជា​អំពី​ការ​ចាប់​ខ្លួន​ថ្មីៗ​​មិន​យុត្តិធម៌


លោក​ ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី
លោក​ ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី

មន្ត្រី​រដ្ឋាភិបាលនៅ​ថ្ងៃ​ពុធ​នេះ​បាន​ហៅ​សេចក្តី​ថ្លែង​ការណ៍​របស់​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ខាង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា ​ជា​សេចក្តី​ថ្លែង​ការណ៍​«យ៉ាង​ប្រញាប់​ប្រញាល់និង​អយុត្តិធម៌»​សម្រាប់​ប្រទេស​កម្ពុជា។​

​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម៉ោង​នៅ​កម្ពុជា​ លោក ​សុរិយា ​ប្រាសាទ​ស៊ូបេឌី​ (Surya Subedi) អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«គោរព​ច្បាប់​និង​គោល​ការណ៍​ឯករាជ្យ»​របស់​តុលាការ។ ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​«នូវ​អំណាច​គតិយុត្តិ ​ដោយ​ឯករាជ្យ​ពី​ការ​ជ្រៀតជ្រែង​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ»។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ និង​តុលាការ​ចាប់​ខ្លួន​សកម្មជន​ដី​ធ្លី​បឹងកក់ ​និង​ថ្មគោល​ចំនួន​ដប់​នាក់​ ព្រះ​សង្ឃ​ចំនួន​បី​អង្គ​និង​សកម្មជន​ និង​អ្នក​នយោបាយ​ជំទាស់​ចំនួន​ពីរ​នាក់​កាល​ពី​សប្តាហ៍​មុន។ ​សកម្មជន​ដី​ធ្លី​ត្រូវ​កាត់ទោស​ភ្លាម​យ៉ាង​តក់​ក្រហល់​ និង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​មួយ​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​២លាន​រៀល​ ឬ​ស្មើ​នឹង​៥០០​ដុល្លារ​អាមេរិក។ ​ទោស​នេះជា​ទោសអតិបរមា​ដែល​ចែង​ក្នុង​បទ​ចោទ​ប្រកាន់​ពួក​គេ។​

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ដដែល​ចាត់​ទុក​ថា​ «បុគ្គល​ទាំង​នេះ​ត្រូវ​ចាប់​ខ្លួន ​ត្រូវ​ចោទ​ប្រកាន់ ​និង​ត្រូវ​ផ្តន្ទា​ទោស​ហាក់​ដូចជា​អ្វីៗ​ត្រូវ​គេ​ដៅ​ទុក​រួច​ទៅ​ហើយ»។​

លោក​ ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ថ្លែង​ថា​ លោក សូរិយា ​ប្រាសាទ​ស៊ូបេឌី​ ប្រញាប់ប្រញាល់​ពេក​ក្នុង​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន។​

«ជា​ការ​ថ្លែង​ការណ៍​ដោយ​កណ្តៀត​កញ្ឆក់​ ដែល​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​នៃ​អង្គ​ហេតុ​នៃ​ការ​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​នៃ​សមត្ថ​កិច្ច​របស់​តុលាការ​កម្ពុជា ​ដោយ​លោក​យល់​ឃើញ​ថា ​ឲ្យ​តែ​មាន​ការ​ឃាត់​ខ្លួន​គឺ​ជា​ការ​បំពាន​លើ​សិទ្ធិ​សេរីភាព។ ​នេះ​ជា​បុរេវិនិច្ឆ័យ​របស់​លោក»។​

ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​មាន​អ្នក​ស្រី​ទេព វន្នី​ សកម្មជន​ដី​ធ្លី​បឹងកក់​ដ៏​ល្បី​ល្បាញ​ម្នាក់ ​និង​លោក​មាជ សុវណ្ណារ៉ា ​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មានរបស់​គណបក្ស​សង្គ្រោះ​ជាតិ។​

ពី​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​ អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​លោក​សូរិយា ​ប្រាសាទ​ស៊ូបេឌី​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍បន្ថែម​ទៀត​ថា លោក​មាន​ការ​ក្រៀមក្រំ​ដោយ​បាន​ឃើញ​តុលាការ​ប្រព្រឹត្ត​ម្តង​ហើយ​ម្តង​ទៀត​ដូច​ជា​ឧបករណ៍​របស់រដ្ឋាភិបាល។​

លោក​បាន​សង្កត់​ធ្ងន់​ថា​ ចាប់តាំង​ពី​លោក​កាន់​អាណត្តិ​ជា​អ្នក​រាយការណ៍​ពិសេស​លោក​«បាន​ឃើញ​បញ្ហា​នេះ​កើត​ឡើង​រាប់​មិន​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា»​ ហើយ​«អ្នក​ដែល​ស្វែង​រក​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋានអាច​នឹង​ត្រូវ​ចាប់​ខ្លួន ​ចោទ​ប្រកាន់ ​និង​ផ្តន្ទោ​ទោស​ ដោយ​មាន​ហេតុផល​តិច​តួច​ ឬ​ដោយ​គ្មានហេតុ​ផល​ទាល់​តែសោះ»។​

លោក ​ផៃ ស៊ីផាន​ យល់​ថា ​សេចក្តី​អត្ថាធិប្បាយ​របស់​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ខាង​លើ​ហាក់​ដូច​ជា​មាន​ភាព​លម្អៀង។​

«ហាក់​ដូច​ជា​គ្មាន​នូវ​យុត្តិធម៌​ ហើយ​គ្មាន​អាណា​គតិ​ ឬ​ភាព​ជា​កណ្តាល​របស់​ខ្លួន​ក្នុង​ការ​វិនិច្ឆ័យ​ចំពោះ​អ្វី​ដែល​កើត​ឡើង​ចំពោះ​កម្ពុជា។ ​គួរ​តែ​លោក​គោរព​នូវ​ដែន​សមត្ថកិច្ច​របស់​តុលាការ»។​

ទោះ​ជា​យ៉ាង​ណា​ លោក​នី​ ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ យល់​ស្រប​នឹងការ​លើក​ឡើង​របស់​លោក​សូរិយា ​ប្រាសាទ​ស៊ូបេឌី។​

«អ្វី​ដែល​ជា​ប្រសាសន៍​របស់​លោក​ឆ្លុះ​បញ្ចាំង​ទិដ្ឋភាព​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​អ្នក​មាន​អំណាច​ អ្នក​មាន​ឥទ្ធិពល​នយោបាយ​កំពុង​តែ​ធ្វើ​ការ​កៀប​សង្កត់​លើ​ភាគី​ទន់​ខ្សោយ»។​

ជាមួយ​គ្នា​នេះ​ លោក​យ៉ែម ប៉ុញ្ញារិទ្ធ ​តំណាង​រាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ទទួល​ស្គាល់​ថា​ ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជាមិន​ទាន់​មាន​ឯករាជ្យ​ភាព​ ហើយ​នៅ​ទន់​ខ្សោយ។​

«ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​មិន​ទាន់​មាន​ឯករាជ្យ ​និង​អព្យាក្រិត្យ​ពេញ​លេញនៅ​ឡើយ ដែល​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌​សង្គម​ ដោយសារ​មន្ត្រី​ខិល​ខូច​ ពុក​រលួយ​ រួម​ផ្សំ​ផង​ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រង​គ្រោះដោយ​សារ​ប្រព័ន្ធ​យុត្តិធម៌​បែប​នេះ។​ ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ដី​ធ្លី​បែរ​ជា​ជាប់​គុក»។​ ​

អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​សូរិយា ​ប្រាសាទ​ស៊ូបេឌី​សន្និដ្ឋាន​ថា ​«កង្វះ​ឯករាជ្យ​ភាព​របស់​តុលាការ​គឺ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​សម្រេច​ឲ្យ​បាននូវ​សង្គម​មួយ​យុត្តិធម៌​ និង​មាន​ការ​រួបរួម»ហើយ​លោក​យល់​ថា​ ប្រទេស​កម្ពុជា​នៅ​មាន​តម្រូវ​ការ​កែ​ទម្រង់​ជា​ច្រើន​ទៀត​លើ​ប្រព័ន្ធ​តុលាការ ​លើ​ការ​បោះឆ្នោត ​កែ​ទម្រង់​រដ្ឋសភា​និង​កែ​ទម្រង់​សាធារណៈ៕

XS
SM
MD
LG