នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមមេធាវីបានប្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងការដាក់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញលើស្ត្រីសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ដ៏ល្បីល្បាញចំនួនប្រាំពីរនាក់។
ស្ត្រីទាំងប្រាំពីរនាក់ក្នុងនោះមានអ្នកស្រីទេព វន្នី ម្ចាស់ពានរង្វាន់ Vital Voices Global Partnership នៅសហរដ្ឋអាមេរិក និងស្ត្រីវ័យចំណាស់អាយុជាង៧០ឆ្នាំ ត្រូវផ្តន្ទាទោសកាលពីថ្ងៃអង្គារឲ្យជាប់ពន្ធនាគារមួយឆ្នាំនិងពិន័យជាប្រាក់ចំនួន២លានរៀល ឬស្មើនឹងប្រមាណ៥០០ដុល្លារអាមេរិកក្នុងម្នាក់ៗ។
លោកស្រី សាម សុគន្ធា មេធាវីមួយរូបក្នុងចំណោមមេធាវីចំនួនបួនរូបក្នុងសំណុំរឿងនេះឲ្យដឹងថា ក្រុមមេធាវីបានសម្រេចប្តឹងសារទុក្ខដោយសារយល់ថា ការដាក់ទោសនេះមិនត្រឹមត្រូវ។
«ពួកខ្ញុំជាមេធាវីបានដាក់ពាក្យប្តឹងឧទ្ធរណ៍ព្រឹកមិញហើយ»។
ស្ត្រីទាំងប្រាំពីរនាក់ រួមមានអ្នកស្រីទេព វន្នី អ្នកស្រីង៉ែត ឃុន ហៅម៉ាំមី អ្នកស្រីគង់ ចន្ថា អ្នកស្រីបូ ឆវី អ្នកស្រីសុង ស្រីលាភ អ្នកស្រីណង ស្រេងនិងអ្នកស្រីផាន ឈុនរ៉េតត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទទី១០ខែវិច្ឆិកាក្រោយពីពួកគាត់បានប៉ុនប៉ងបិទកំណាត់មហាវិថីព្រះមុន្នីវង្សដើម្បីជំរុញឲ្យអាជ្ញាធរសាលារាជធានីភ្នំពេញដោះស្រាយប្រព័ន្ធបង្ហូរទឹកជំនន់ដែលធ្វើឲ្យលិចលំនៅដ្ឋានរបស់ពួកខ្លួន។
តុលាការបានចោទប្រកាន់ពួកគាត់ពីបង្កឧបសគ្គធ្វើឲ្យរាំងស្ទះចរាចរណ៍សាធារណៈ។
ប៉ុន្តែក្រុមមេធាវីបានច្រានចោលការចោទប្រកាន់នេះ។
លោកស្រីមេធាវីសាម សុគន្ធាបញ្ជាក់ថា ជនជាប់ចោទទាំងប្រាំពីរនាក់គ្រាន់តែធ្វើការតវ៉ាដើម្បីការដោះស្រាយប្រព័ន្ធបង្ហូរទឹកតែប៉ុណ្ណោះ។
«ខ្ញុំបានស្តាប់ការសួរដេញដោលកូនក្តីខ្ញុំ ឃើញថា គាត់បានទៅស្នើសុំឲ្យសាលាក្រុងជួយដោះស្រាយបញ្ហាទឹកស្អុយចូលក្នុងផ្ទះគាត់ គឺមិនមានរឿងធ្វើបាតុកម្ម ឬបិទផ្លូវដូចការចោទប្រកាន់ទេ ពោលគឺគ្រាន់តែទៅរកអាជ្ញាធរជួយដោះស្រាយពីបញ្ហាទឹកស្អុយប៉ុណ្ណោះ»។
កាលពីថ្ងៃពុធទី១២ខែវិច្ឆិកា អង្គការក្នុងស្រុកចំនួន៣០បានសម្តែងការសោកស្តាយ«ជាខ្លាំង»ចំពោះការចាប់ឃុំខ្លួន និងផ្តន្ទាទោសអ្នកតំណាងសហគមន៍បឹងកក់ទាំង៧នាក់នេះ។
ជាមួយគ្នានេះ ស្ត្រីសកម្មជនដីធ្លី និងជាអ្នករងគ្រោះដោយសារជម្លោះដីធ្លីក្នុងទីក្រុងភ្នំពេញបីនាក់ រួមទាំងអតីតព្រះសង្ឃមួយអង្គផង ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួនមួយឆ្នាំនិងពិន័យជាប្រាក់ចំនួនពីរលានរៀលផងដែរកាលពីថ្ងៃពុធម្សិលមិញនេះ។
តុលាការបានចោទប្រកាន់ស្ត្រីទាំងបីនាក់និងអតីតព្រះសង្ឃមានឈ្មោះសឺន ហៃ ពីបទបង្កការរំខានកិច្ចការមន្ត្រីសាធារណៈតាមមាត្រាទី៥០៤នៃក្រមព្រហ្មទណ្ឌ ក្រោយពីស្ត្រី និងអតីតព្រះសង្ឃអង្គនេះត្រូវចាប់ខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលដែលពួកគេតវ៉ាឲ្យដោះលែងអ្នកភូមិបឹងកក់ទាំងប្រាំពីរនាក់ខាងលើ។
ប៉ុន្តែមេធាវីចំនួនប្រាំរូប និងជនជាប់ចោទទាំងបួនរូប បានច្រានចោលការចោទប្រកាន់នេះ។
លោកហម ស៊ុនរិទ្ធ នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូនិងជាមេធាវីម្នាក់ក្នុងចំណោមមេធាវីប្រាំនាក់ ការពារឲ្យអតីតព្រះសង្ឃនិងសកម្មជនដីធ្លីបីនាក់ទៀតបញ្ជាក់ថា ក្រុមមេធាវីកំពុងរៀបចំសំណុំឯកសារសម្រាប់ប្តឹងឧទ្ធរណ៍។
«កំពុងរៀបចំលិខិតស្នាមដើម្បីប្តឹងឧទ្ធរណ៍»។
នៅមិនទាន់មានប្រតិកម្មពីសហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិជុំវិញការចាប់ខ្លួននិងកាត់ទោសសកម្មជនដីធ្លីជាសេរីយ៉ាងគំហុកបែបនេះទេ។
ក្រោយពីសង្គ្រាមស៊ីវិលដ៏ហែកហួរ ប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃដែលភាគច្រើនប្រជាពលរដ្ឋក្រីក្រគឺជាអ្នករងគ្រោះ។
របាយការណ៍ថ្មីៗរបស់អង្គការសិទ្ធិមនុស្សនៅកម្ពុជាបង្ហាញថា មានប្រជាពលរដ្ឋយ៉ាងតិចចំនួន៧៧ម៉ឺននាក់ត្រូវបណ្តេញចេញពីលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០០០មក ក្នុងនោះប្រជាពលរដ្ឋចំនួន២ម៉ឺននាក់ត្រូវបណ្តេញចេញពីលំនៅដ្ឋានក្នុងរយៈពេលបីខែដើមឆ្នាំ២០១៤។
ក្រុមប្រជាពលរដ្ឋនៃសហគមន៍ក្រីក្រនៅបឹងកក់ បូរីកីឡា និងថ្មគោលក្នុងទីក្រុងភ្នំពេញបានបង្ហាញការប្រឆាំងរបស់ខ្លួនទៅនឹងការបណ្តេញចេញដោយមិនមានសំណងសមស្រប ហើយជារឿយៗ ពួកគេត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារ៕