វីដេអូ​របស់​រុស្ស៊ី​បង្ហាញ​អំពី​មេបញ្ជាការ​រុស្ស៊ី​ដែល​អ៊ុយក្រែន​អះអាង​ថា​បាន​សម្លាប់​នៅ​មាន​ជីវិត

រូបឯកសារ៖ ​លោក​ឧត្តមនាវីឯក​ Viktor Sokolov ដែល​ជា​មេបញ្ជាការ​នៃ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី លើកដៃ​គោរព​ក្នុង​ពិធី​មួយ​នៅ​ក្នុង​ទីក្រុង Sevastopol នៅ​តំបន់ Crimea កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

កាលពី​ថ្ងៃ​អង្គារ ប្រទេស​រុស្ស៊ី​បាន​បញ្ចេញ​វីដេអូ​មួយ​បង្ហាញ​អំពី​លោក​ឧត្តមនាវីឯក​ Viktor Sokolov ដែល​ជា​មេបញ្ជាការ​នៃ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ប្រទេស​អ៊ុយក្រែន​បាន​អះអាង​ថា ​បាន​សម្លាប់​លោក​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល។

នៅ​ក្នុង​វីដេអូ​នោះ គេ​ឃើញ​លោក Sokolov ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​មួយ​តាម​វីដេអូ នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu បើក​ការ​ប្រជុំ​ជាមួយ​នឹង​ក្រុម​មេបញ្ជាការ​នានា។

គេ​មិន​ច្បាស់​ទេ​ថា ​តើ​វីដេអូ​នេះ​ត្រូវ​បាន​ថត​នៅ​ពេល​ណា​នោះ។

កង​កម្លាំង​ពិសេស​របស់​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ពួកគេ​បាន«បញ្ជាក់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់» បន្ទាប់ពី​រុស្ស៊ី​បាន​ចេញ​ផ្សាយ​នូវ​វីដេអូ«ដែល​បង្ហាញ​ថា ​លោក Sokolov នៅ​រស់»។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​លោក Rustem Umerov បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN កាលពី​ថ្ងៃ​អង្គារ​ថា លោក Sokolov មិន​គួរ​ស្ថិត​នៅ​ក្នុង​តំបន់ Crimea នោះ​ទេ​ដោយសារតែ​តំបន់​នោះ​គឺ​ជា​ដែនដី​អ៊ុយក្រែន​ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី។

លោក Umerov បាន​និយាយ​ថា៖ «ដូច្នេះ ប្រសិនបើ​គាត់​ស្លាប់ វា​ជា​ដំណឹង​ល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​ថា​ យើង​កំពុង​បន្ត​រំដោះ​ដែនដី​របស់​យើង​មក​វិញ»។

កង​កម្លាំង​ពិសេស​របស់​អ៊ុយក្រែន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា លោក Sokolov ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​កាលពី​សប្ដាហ៍​មុន ដែល​ប៉ះ​ចំ​ទី​ស្នាក់ការ​កណ្ដាល​របស់​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​នៅ​ក្នុង​កំពង់ផែ Sevastopol ក្នុង​តំបន់ Crimea។

នៅ​ថ្ងៃ​ពុធ​នេះ​ដែរ រុស្ស៊ីបាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​និង​អង់គ្លេស​ថា​បាន​ជួយ​អ៊ុយក្រែន​ក្នុង​ការ​វាយប្រហារ​កាលពី​សប្តាហ៍​មុន​ប្រឆាំង​នឹង​ទីស្នាក់ការ​កណ្តាល​របស់​កងនាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​នៅ​តំបន់​ Crimea ​ដែល​កាន់កាប់​ដោយ​រុស្ស៊ី។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ​ការវាយប្រហារ​នេះ​ត្រូវ​បាន​«គ្រោងទុក​ជាមុន​ដោយប្រើ​មធ្យោបាយ​ស៊ើបការណ៍​សម្ងាត់​លោកខាងលិច​ ផ្កាយរណប​របស់​អង្គការ​អូតង់​ និង​យន្តហោះ​ឈ្លប​យកការណ៍»។

លោកស្រី​ Zakharova ​ក៏បាន​និយាយ​ផងដែរ​ថា ​ចារកម្ម​អាមេរិក ​និង​អង់គ្លេស​បាន​ជួយ​សម្រប​សម្រួល​ការវាយប្រហារ​ដោយ​មីស៊ីល​នោះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។