ការបាញ់​ផ្តក់​របស់​រុស្ស៊ី​ដៅ​លើ​រដ្ឋធានី​កៀវ​នៅ​ថ្ងៃ​សុក្រ​នេះ

ពលរដ្ឋ​ពិនិត្យ​​មើល​ការ​ខូចខាត​នៅ​ក្រោយ​ការ​វាយប្រហារ​​មួយ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​ទី​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។

គេ​ឮ​សំឡេង​ផ្ទុះ​ជា​ច្រើននៅព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​ក្នុង​រដ្ឋធានីកៀវដែល​ជា​ថ្ងៃ​ទី២​នៃ​ការ​ឈ្លានពានដ៏​ពេញ​ទំហឹង​របស់​រុស្ស៊ីទៅ​លើ​អ៊ុយក្រែនដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

កាសែត The New York Times រាយការណ៍​ថា ខ្លួន​បានផ្ទៀងផ្ទាត់​វីដេអូ​នៃ​ការផ្ទុះ​ជា​ច្រើន​កន្លែង​ដែល​បាន​បង្ហាញពី​កម្ទេច​បាក់បែក​យ៉ាង​ច្រើន​នៅ​ក្នុងរដ្ឋធានី​កៀវ។ កាសែត​នេះ​ ​ក៏​បាន​រាយការណ៍​ផង​ដែរ​ពីវីដេអូ​ដែល​ទំនង​ដូច​ជា​ការបាញ់​កាំជ្រួចមីស៊ីល​ពី​ដី​ទៅ​អាកាសយ៉ាង​តិច​ក៏២ដែរ​នៅ​ជិត​ទីក្រុង​កៀវ​មុន​ពេល​ដែល​ការផ្ទុះ​នោះ។

គេ​ក៏​បាន​ឮ​សូរ​សំឡេង​សារ៉ែនរោទ៍​ផង​ដែរនៅក្នុង​ទីក្រុងLviv ភាគខាង​លិច​អ៊ុយក្រែន​ដែល​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ប្រទេស​ប៉ូឡូញ​ជា​ទីកន្លែង​ដែល​ស្ថានទូត​បរទេសជា​ច្រើន​ បាន​រើ​ទៅកាន់​ទី​នោះ​ជា​បណ្តោះអាសន្ន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austinបាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា កងទ័ព​រុស្ស៊ី​ជា​ច្រើន​ដែល​បាន​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​តាមច្រក​ព្រំដែនប្រទេស​បេឡារុស បាន​រុល​ទៅមុខ​ស្ថិត​នៅ​ចំងាយ​ប្រមាន​៣២​គីឡូម៉ែត្រ​ពី​រដ្ឋធានី​កៀវ។

នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ុយក្រែន​វិញ កងទ័ព​រុស្ស៊ី បាន​កាន់កាប់​រោងចក្រ​ថាមពល Chernobylកាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymr Zelenskyy បាន​និយាយ​ថា «នេះ​ជា​ការ​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​អឺរ៉ុប​ទាំង​មូល»។
Chernobyl ជា​ទីតាំង​រោងចក្រ​អាវុធ​នុយក្លេអ៊ែរ​ ដែលធ្លាប់​មាន​ការផ្ទុះដ៏អាក្រក់​បំផុតរបស់​ពិភពលោកក្នុងអតីតកាល​កន្លង​មក។ ទី​តាំង​នេះ​និង​កន្លែង​ជុំវិញ​ទីនោះ​ នៅ​ពុំ​ទាន់​មាន​មនុស្ស​ទៅ​រស់​នៅ​នៅ​ឡើយ​ទេ ចាប់​តាំង​ពី​មាន​គ្រោះ​មហន្តរាយ​ផ្ទុះ​កាល​ពី​ឆ្នាំ​១៩៨៦​មក។

ផ្លូវ​ចេញ​ពី​ក្រុង​កៀវ​ត្រូវ​កក​ស្ទះ​កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (Jamie Dettmer/វីអូអេ)

កម្រង​រូបភាព៖ ពលរដ្ឋ​ចាកចេញ​ពី​រដ្ឋធានី​អ៊ុយក្រែន​ខណៈ​រុស្ស៊ី​បើក​ការ​វាយប្រហារ

ក្រុម​បាតុករ​ប្រឆាំង​សង្គ្រាម បាន​ធ្វើ​បាតុកម្មនៅទូទាំង​ប្រទេស​រុស្ស៊ី​ដែល​រួមមាន​នៅ​រដ្ឋធានី​មូស្គូ​និង​ទីក្រុង St. Peterburg ផង​ដែរ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិល​មិញ។ ពួក​មន្រ្តី​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ប្រមាណ​១.៧០០​នាក់ត្រូវ​បាន​ចាប់​ខ្លួន។ ប្រធានាធិបតី​អាមេរិក​ លោក Joe Biden បាន​ប្រកាសដាក់​ទណ្ឌកម្ម​បន្ថែម​ទៀតទលើ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ គឹ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​រុស្ស៊ីចូល​ឈ្លានពាន​អ៊ុយក្រែន។

លោក​ប្រធានាធិបតី Biden បាន​និយាយ​នៅ​សេតវិមាន​បន្ទាប់ពី​ជំនួប​តាម​អនឡាញកាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ជាមួយ​មេដឹកនាំ​ក្រុម​ប្រទេស G-7 និង​អង្គការ​អូតង់​ថា៖ «ប្រធានាធិបតី​រុស្ស៊ី​លោក Valdimir Putin ជា​អ្នក​ឈ្លានពាន។ លោក Putinបាន​ជ្រើសរើស​យកសង្គ្រាម​នេះ​ ហើយ​ឥឡូវ​នេះ​លោក​និង​ប្រទេស​របស់​លោក នឹងទទួល​រង​ផលវិបាក»។

សម្ពន្ធមិត្ត​អង្គការ​អូតង់​ដែល​រួម​មាន​ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប​ ក៏​បានប្រកាស​ដាក់​ទណ្ឌកម្មបន្ថែម​ទៀត​លើ​រុស្ស៊ីផង​ដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

ការ​ឈ្លានពាន​របស់​រុស្ស៊ីលើ​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទីផ្សារ​ពិភពលោក​ភ្លាមៗ​ដោយផ្សារ​ភាគហ៊ុន​ធ្លាក់ចុះ​ថ្លៃ​យ៉ាងខ្លាំង​ ហើយតម្លៃ​ទំនិញប្រើ​ប្រាស់​នៅ​លើ​ទី​ផ្សារបាន​ហក់​ឡើង​ខ្ពស់។ លោក Biden បាន​ទទួល​ស្គាល់ថា ពលរដ្ឋ​អាមេរិកាំង នឹងឃើញ​ការឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ផង​ដែរ។

ទោះជា​យ៉ាង​នេះ​ក្តី ក៏​លោក Biden និយាយ​ដែរ​ថា៖ «ការឈ្លានពាន​នោះ នឹង​មិន​អាចគ្មាន​ចម្លើយនោះ​ទេ។ ពលរដ្ឋ​អាមេរិកកាំងងើបឈរ​ការពារសេរីភាព។ នេះ​ជា​អត្តសញ្ញាណ​របស់​យើង»។

ទោះ​ជា​យ៉ាងណាក្តី លោក Biden បាន​បញ្ជាក់សារជា​ថ្មី​ថា កងទ័ព​អាមេរិក នឹង​ពុំ​ត្រូវ​បាន​បញ្ជូនទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ឡើយ។ កងទ័ព​អាមេរិក​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ប្រទេសដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​ដែល​នៅ​ជិត​អ៊ុយក្រែន​តែ​ប៉ុណ្ណោះ។ លោក​សន្យា​ថា​ កងទ័ព​អាមេរិក នឹង​ធ្វើសកម្មភាពប្រយុទ្ធ​រួម​គ្នាជា​មួយ​សម្ពន្ធមិត្ត​អង្គការ​អូតង់ ប្រសិន​បើ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Putin វាយ​ប្រហារហួស​ពី​ទឹកដី​អ៊ុយក្រែន​និង​ឆ្លងចូលក្នុង​ទឹកដី​របស់​ប្រទេស​ណា​មួយ​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​ដែល​មាន​៣០ប្រទេស​នោះ៕