ក្រុមមន្ត្រីផ្នែកគ្រាអាសន្នបាននិយាយថា ការវាយប្រហារដោយមីស៊ីលរុស្ស៊ីនៅថ្ងៃសុក្រនេះលើក្រុងកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅផ្នែកកណ្តាលអ៊ុយក្រែនបានសម្លាប់ប៉ូលិសម្នាក់និងធ្វើឱ្យរបួសយ៉ាងតិចណាស់ ៤៤ នាក់ទៀត។ ក្រុមមន្ត្រីបានថ្លែងថា ការវាយប្រហារនេះស្ថិតក្នុងចំណោមការវាយប្រហារជាច្រើនរបស់រុស្ស៊ីនៅទូទាំងប្រទេសនៅពេលយប់មិញ។
អគារ ១០ ខ្នងបានខូចខាតក្នុងការវាយប្រហារលើក្រុង Kryvyi Rih។ បើតាមលោក Ihor Klymenko រដ្ឋមន្ត្រីកិច្ចការក្នុងប្រទេសនៃប្រទេសអ៊ុយក្រែនថា មនុស្សបីនាក់ក្នុងបណ្តាមនុស្សត្រូវយកចេញពីកម្ទេចអគារ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ រូបថតផ្សាយដោយលោក Klymenko តាមបណ្តាញសង្គម Telegram បង្ហាញអគារមួយខ្នងឆេះនិងសេវាសង្គ្រោះបន្ទាន់ជម្លៀសក្រុមជនត្រូវរបួស។
លោក Klymenko បានថ្លែងថា មនុស្សបីនាក់ក៏បានត្រូវរបួសដែរក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៊ីក្នុងក្រុង Sumy នៅប៉ែកខាងកើតប្រទេស។ លោក Oleh Kiper អភិបាលតំបន់បាននិយាយថា កងកម្លាំងរុស្ស៊ីក៏បានវាយប្រហារតំបន់ Odesa នាផ្នែកខាងលិចប្រទេសដោយប្រើដ្រូនជាលើកទី៥ក្នុងពេលមួយសប្តាហ៍។ មិនមានការរាយការណ៍អំពីមនុស្សស្លាប់ទេ។
អភិបាលតំបន់លោក Vitalii Kim បាននិយាយតាមបណ្តាញសង្គម Telegram ថា តំបន់ Mykolaiv ក្នុងប៉ែកខាងត្បូងប្រទេសក៏ត្រូវបានយកជាទីដៅនៃការវាយប្រហារដែរ៕