ក្រុមមន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា មនុស្សយ៉ាងតិច ១៧ នាក់ត្រូវបានសម្លាប់និងរាប់សិបនាក់ទៀតបានរបួសនៅក្នុងការវាយប្រហារមួយរបស់រុស្ស៊ីកាលពីថ្ងៃពុធលើផ្សារមួយនៅកណ្តាលក្រុង Kostiantynivka នាប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថា ផ្សារមួយ ហាងលក់ទំនិញ និងឱសថស្ថានមួយបានរងគ្រោះនៅក្នុងក្រុងឧស្សាហកម្មនេះ ស្ថិតនៅជិតខ្សែបន្ទាត់ជួរមុខនៃសមរភូមិ ប្រមាណ ៣០គ.ម. ពីក្រុង Bakhmut ដែលនៅទីនោះមានការប្រយុទ្ធគ្នាខ្លាំងច្រើនខែមកហើយ។
លោក Zelenskyy បានមានប្រសាសន៍ក្នុងសន្និសីទកាសែតមួយនៅក្រុងកៀវថា៖ «ក្រុមជនដែលស្គាល់កន្លែងនោះដឹងច្បាស់លាស់ថា វាជាកន្លែងស៊ីវិលមួយ។ គ្មានកងឯកភាពយោធានៅជិតទីនោះទេ»។
វីដេអូបង្ហាញតាមបណ្តាញសង្គម Telegram បង្ហាញឱ្យឃើញពីការផ្ទុះខ្លាំងមួយតាមផ្លូវច្រកចន្លោះហាងលក់ទំនិញ ហើយមានមនុស្សដួលនៅនឹងដី ហើយមនុស្សខ្លះទៀតរត់រកទីជម្រក។ បណ្តាញព័ត៌មានក្នុងស្រុក ពណ៌នាការផ្ទុះនោះថា ជាការវាយប្រហារដោយមីស៊ីល។
នៅកន្លែងឯទៀតវិញ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារមួយដោយដ្រូនរុស្ស៊ីលើតំបន់កំពង់ផែមួយក្នុងតំបន់ Odesa បានសម្លាប់មនុស្សម្នាក់។
រុស្ស៊ីក៏បានវាយប្រហារដោយមីស៊ីលលើរដ្ឋធានីកៀវដែរ កាលពីព្រឹកថ្ងៃពុធ។ តែលោក Serhiy Popko ប្រធានរដ្ឋបាលយោធារបស់ក្រុងនេះ បាននិយាយតាម Telegram ថា កងការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលទាំងនោះ ហើយថា គ្មានរបាយការណ៍អំពីការខូចខាតឬមនុស្សស្លាប់ទេ។
ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា កងការពារដែនអាកាសខ្លួនបានបំផ្លាញដ្រូនអ៊ុយក្រែនមួយកាលពីយប់ថ្ងៃអង្គារ លើតំបន់ Bryansk នៅជាប់ព្រំដែនអ៊ុយក្រែន។ អភិបាលតំបន់ Bryansk បាននិយាយថា គ្មានរបាយការណ៍អំពីមនុស្សស្លាប់ទេ៕