​រដ្ឋសភា​រុស្ស៊ី​សម្រេច​រារាំង​លទ្ធភាព​របស់​អ្នក​សារព័ត៌មាន VOA និង​វិទ្យុ​អឺរ៉ុប​សេរី ឬ​ក៏​វិទ្យុ​សេរីភាព

សភាថ្នាក់​ទាប​​រុស្ស៊ី​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ​បោះ​ឆ្នោត​សម្រេច​បង្កើត​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​សារព័ត៌មានអន្តរជាតិ​ថា ​ជា​ភ្នាក់​ងារ​បរទេស។

រដ្ឋសភា​ប្រទេស​រុស្ស៊ី​បាន​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​រារាំង​លទ្ធភាព​របស់​អ្នក​សារព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំឡេង​សហរដ្ឋ​អាមេរិក VOA និង​វិទ្យុ​អឺរ៉ុប​សេរី ឬ​ក៏​វិទ្យុ​សេរីភាព (Radio Free Europe/Radio Liberty)។

ការ​សម្រេច​របស់​រដ្ឋសភា​រុស្ស៊ី​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​ក្រសួង​យុត្តិធម៌​រុស្ស៊ី​បាន​កំណត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ​៩ ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ថា​ជា «ភ្នាក់ងារ​បរទេស‍»។

ការ​កំណត់​របស់​ក្រសួង​យុត្តិធម៌​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បង្ខំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក​គោរព​ទៅ​តាម​លក្ខខណ្ឌ​ដូច​ទៅ​នឹង​លក្ខខណ្ឌ​ដែល​ដាក់​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឧបត្ថម្ភ​ដោយ​បរទេស​គោរព​តាម​នៅ​ក្រោម​ច្បាប់​ឆ្នាំ ​២០១២ ដូច្នេះ​ដែរ។ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ណា​មួយ​ដែល​ផ្សាយ​ដល់​ទស្សនិកជន​រុស្ស៊ី ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នោះ​តម្រូវ​ឲ្យ​បញ្ជាក់​ថា​ខ្លួន​ជា «ភ្នាក់ងារ​បរទេស‍»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នោះ​ក៏​តម្រូវ​ឲ្យ​ផ្ញើ​របាយការណ៍​ជា​ទៀងទាត់​អំពី​ថវិកា និង​គោល​បំណង​របស់​ពួកគេ ក៏​ដូចជា​វិធី​ដែល​ពួកគេ​ចំណាយ​ថវិកា​ទាំង​នោះ និង​ថា​តើ​នរណា​ជា​អ្នក​គ្រប់គ្រង​របស់​ពួកគេ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី Heather Nauert បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា វិធានការ​នេះ​គឺ​ជា​វិធានការ​មិន​ត្រឹមត្រូវ។ លោកស្រី​បាន​បន្ថែម​ថា ក្រសួង​ការបរទេស​អាមេរិក​មាន​ការ​ព្រួយបារម្ភ​ថា ការ​កំណត់​ថ្មី​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​សារព័ត៌មាន​អាមេរិកាំង៕