រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​ការពារ​សន្និសីទ​សន្តិភាព​របស់​ស៊ីរី

រូបឯកសារ៖ លោក Sergey Lavrov រដ្ឋ​មន្ត្រីក្រសួង​ការ​បរទេស​រុស្ស៊ី។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​ Sergei Lavrov ​បាននិយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​កិច្ច​ចរចា​សន្តិភាពដឹក​នាំ​ដោយ​រុស្សី​នៅ​ខែ​ក្រោយ​នៅក្នុង​ក្រុង​ Sochi ​មាន​«ការគាំ​ទ្រ​ទូលំ​ទូលាយ»​ក្នុង​ចំណោម​ប្រជា​រាស្ត្រ​ស៊ីរី​ហើយ​មាន​ន័យ​ ជា​មូលដ្ឋាន​សម្រាប់​ដំណើរ​ការ​សន្តិភាព​មួយ​ចាត់​ចែង​ដោយ​អ.ស.ប.។

អត្ថាធិប្បាយ​របស់​លោក ​Lavrov មាន​ឡើងក្រោយ​ពី​ពួក​ឧទ្ទាម​ស៊ីរី​៤០​ក្រុមបាន​និយាយ​ថា​ ប្រទេស​រុស្សី​ខិត​ខំ​ព្យាយាម​ចៀស​ពី​ដំណើរ​ការ​សន្តិភាព​របស់​អ.ស.ប.​ហើយ​ថា​ ពួក​គេ​នឹង​មិន​ចូល​រួម​ក្នុងកិច្ច​ចរចា​សន្តិភាព​ក្នុង​ក្រុង​ Sochi នោះ​ទេ។​

ពួក​ឧទ្ទាម​ស៊ីរី​បាន​និយាយ​ថា​ រុស្ស៊ី​ចង់ឱ្យ​ពួក​គេ​បោះ​បង់​ចោល​ការ​ទាម​ទារ​របស់​ពួក​គេ​ឱ្យ​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ​ចុះ​ចេញ​ពី​តំណែង។

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ពួក​ឧទ្ទាម​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «យើង​ច្រាន​ចោល​សំណើ​នេះ​ហើយ​យើង​បញ្ជាក់​ថា​រុស្ស៊ី​ជា​អ្នក​ឈ្លានពាន​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ប្រឆាំង​នឹង​ជន​ជាតិ​ស៊ីរី។​ ប្រទេស​រុស្ស៊ី​មិន​បាន​ចាត់​វិធានការ​ណា​មួយ​ដើម្បី​សម្រាល​ទុក្ខវេទនា​របស់​ប្រជារាស្ត្រ​ស៊ីរី​ទេ​ ហើយ​រុស្ស៊ី​មិន​បាន​ដាក់​គំនាប​សង្កត់​លើ​របប​គ្រប់គ្រង​ដែល​ខ្លួន​អះ​អាង​ថា​ខ្លួន​ធានា​រ៉ាប់រង​ឱ្យ​ចាត់​វិធាន​ការ​សូម្បីតែ​បន្តិច​ ​ឆ្ពោះ​ទៅ​កាន់​មាគារ​ពិត​ប្រាកដ​ដើម្បី​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ»។

ពួក​ឧទ្ទាម​និយាយ​ថា​ អ្នក​សម្រប​សម្រួល​ក្នុង​កិច្ច​ចរចា​សន្តិភាព​ត្រូវ​តែ​ជា​អ្នក​សម្រប​សម្រួល​អព្យាក្រឹត​និង​ស្មោះ​ត្រង់។ ពួក​គេ​និយាយ​ថា​ប្រទេស​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ខ្លាំង​បំផុត​របស់​របប​គ្រប់​គ្រងស៊ីរី​មិន​មែន​ជា​អ្នក​សម្រប​សម្រួល​អព្យាក្រឹត​និង​ស្មោះ​ត្រង់​ទេ។​

រដ្ឋាភិបាល​ស៊ី​រី​បាន​និយាយ​ថា ​ខ្លួន​នឹង​ចូល​រួម​ក្នុង​កិច្ច​ចរចា​សន្តិភាព​ក្នុង​ក្រុង​ Sochi។​ ប្រទេស​តួកគី​ ដែល​បាន​គាំទ្រ​ក្រុម​ប្រឆាំង​ក៏​គ្រោង​នឹង​ចូល​រួមក្នុង​កិច្ច​ចរចា​នេះ​ដែរ ក៏ប៉ុន្តែ​បាន​និយាយ​ថា ​ក្រុម Kurdes មិន​គួរ​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កិច្ច​ចរចានេះ​ទេ។​

គណបក្ស​សហភាព​ប្រជាធិបតេយ្យ​ភាសា​អង់គ្លេស​ហៅ​ថា​ Democratic Union Party ​របស់​ក្រុម​ជន​អំបូរ​ Kurde​ ក្នុង​ប្រទេស​ស៊ីរី​និយាយ​ថា​ ពួក​គេមាន​សិទ្ធិ​ចូល​រួម​ក្នុង​កិច្ចចរចា​សន្តិភាព​ដែរ៕