បេសកជនអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការវិបត្តិប្រទេសស៊ីរី លោក Staffan de Mistura បាននិយាយថា ទោះបីជាមានការព្រួយបារម្ភមួយចំនួនអំពីអំពើហិង្សានាពេលថ្មីៗនេះក៏ដោយ ក៏លោកជឿថា «ស្ថានការណ៍នៃការពិតបានឈានមកដល់ហើយ»។ លោកលើកឡើងដូច្នេះ ពេលដែលលោកត្រៀមរៀបចំកិច្ចចរចាសន្តិភាពជុំថ្មីមួយទៀត ដែលមានគោលបំណងបញ្ចប់ជម្លោះដែលអូសបន្លាយជិត ៧ ឆ្នាំ កន្លងមកនេះ។
កិច្ចចរចាដែលដឹកនាំដោយអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដែលគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃអង្គារនេះ គឺជាកិច្ចចរចាជុំទី ៨ ចាប់តាំងពីឆ្នាំ ២០១២ មក។ ការប្រឹងប្រែងលើកមុនៗឲ្យមានកិច្ចចរចាសន្តិភាពនេះ បានទទួលបរាជ័យភ្លាមៗ ដោយសារតែមានការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលប្រទេសស៊ីរី និងគណៈប្រតិភូរបស់ពួកឧទ្ទាម ដែលក្នុងនោះមានទាំងការខ្វែងគំនិតគ្នាអំពីថាតើលោកប្រធានាធិបតីស៊ីរី Bashar al-Assad គួរតែនៅកាន់តំណែងដដែល ឬក៏យ៉ាងណានោះ។
ឥឡូវនេះ ភាគីទាំងពីរទំនងជាមានគោលជំហរដូចគ្នា បន្ទាប់ពីប្រធានគណៈប្រតិភូក្រុមប្រឆាំងលោក Nasr Hariri បានប្រាប់អ្នកយកព័ត៌មាននានាកាលពីថ្ងៃចន្ទម្សិលមិញថា គោលបំណងរបស់ពួកគេគឺមិនឲ្យលោក Bashar al-Assad នៅកាន់តំណែងបន្តទៅមុខទៀតនោះទេ នៅពេលដែលការផ្លាស់ប្ដូរនយោបាយចាប់ផ្ដើម។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោកស្រី Alessandra Vellucci បាននិយាយនៅថ្ងៃអង្គារនេះថា គណៈប្រតិភូរបស់រដ្ឋាភិបាលស៊ីរីមិនទាន់បានធ្វើដំណើរមកដល់ទីក្រុងហ្សឺណែវនៅឡើយទេ ប៉ុន្តែគ្រោងនឹងធ្វើដំណើរទៅដល់នៅថ្ងៃពុធស្អែកនេះ។ ប៉ុន្តែលោក Staffan de Mistura គ្រោងនឹងបន្តការប្រជុំជាមួយនឹងគណៈប្រតិភូក្រុមប្រឆាំងនៅថ្ងៃអង្គារនេះ។
លោក Staffan de Mistura បាននិយាយថា លោកជឿជាក់ថា វាអាចទៅរួចដែលភាគីទាំងពីរបង្រួមភាពខ្វែងគំនិតគ្នា ពេលពួកគេចរចានៅក្រោមគោលការណ៍ដែលសម្រេចដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងរៀបចំការបោះឆ្នោតនៅក្នុងប្រទេសស៊ីរី៕