ប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ីបានបញ្ជាក់កាលពីសប្តាហ៍មុនថា លោកនឹងស្វះស្វែងរកការឈរឈ្មោះអាណត្តិទី៥ជាប្រធានាធិបតីរុស្ស៊ីនៅខែមីនាឆ្នាំក្រោយហើយនៅសប្តាហ៍នេះ លោកនឹងចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក មិនមែនតែនៅក្នុងប្រទេសរបស់លោកទេ ក៏ប៉ុន្តែ នៅឯនាយសមុទ្រនៅក្នុងតំបន់មជ្ឈឹមបូព៌ា។
ដោយការឈប់សំចតនៅក្នុងប្រទេសអេហ្ស៊ីប តួកគីនិងស៊ីរីដែលនៅទីនោះលោក Putin បានប្រកាសកាលពីថ្ងៃចន្ទថា កងទ័ពរុស្ស៊ីបានសម្រេចគោលដៅរបស់ខ្លួនក្នុងការជួយសង្គ្រោះប្រធានាធិបតីស៊ីរី Bashar Al-Assad ពីការបណ្តេញចេញពីដំណែងជាសុទិដ្ឋិនិយមដែលប្រធានាធិបតី Putin ស្វះស្វែងចង់បានដើម្បីមោទនភាពជាតិហើយនឹងបង្ហាញថាតើលោកបានធ្វើឲ្យមានឡើងវិញនូវតួនាទីសម័យសូវៀតរបស់រុស្ស៊ីជាមហាអំណាចមួយនោះយ៉ាងដូចម្តេច។
ការជាប់ឆ្នោតជាថ្មីទៀតរបស់លោកPutinជាការប្រាកដណាស់។ ការស្ទង់មតិបង្ហាញពីការទទួលជ័យជម្នះយ៉ាងស្រួលសម្រាប់លោក Putin ដែលបានដឹកនាំនយោបាយរបស់រុស្ស៊ីអស់រយៈពេលជិត២ទសវត្សរ៍ ក៏ប៉ុន្តែ មានសេចក្តីរាយ ការណ៍ថា លោក Putin និងពួកអ្នកជំនួយការណ៍របស់លោកមានការភ័យខ្លាចពី ភាពព្រងើយកន្តើយរបស់ពួកអ្នកបោះឆ្នោតហើយលោក Putin និងពួកអ្នកជំនួយការណ៍របស់លោកប្តេជ្ញាថានឹងធ្វើឲ្យពួកអ្នកបោះឆ្នោតចេញមកបោះឆ្នោតក្នុងចំនួនយ៉ាងច្រើននៅក្នុងខែមីនាហើយនឹងជាការបោះឆ្នោតលើក ស្ទួយភាពស្របច្បាប់យ៉ាងខ្លាំង។
ពួកអ្នកវិភាគនិយាយថា ការដើរតួនាទីលើឆាកពិភពលោកជាអ្នកសម្របសម្រួល ហើយនឹងការបង្ហាញមិត្តភក្តិថ្មីចាប់តាំងពីរដ្ឋាភិបាលក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ីរហូតដល់ឈូងសមុទ្រពែក បានទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេស៕