ទីភ្នាក់ងារ​អាកាសចរណ៍​រុស្ស៊ី​ថា មេដឹកនាំ​ទាហាន​ស៊ី​ឈ្នួល​រុស្ស៊ី​លោក Prigozhin ជិះ​លើ​យន្តហោះ​ដែល​ធ្លាក់

រូបថត​ដែល​ផ្សាយ​ដោយ Ostorozhno Novosti កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា​ ឆ្នាំ២០២៣ បង្ហាញ​កន្លែង​ដែល​យន្តហោះ​ឯកជន​បាន​ធ្លាក់​នៅ​ជិត​ទី​ក្រុង Kuzhenkino ប្រទេស​រុស្ស៊ី។ ទីភ្នាក់ងារ​អាកាសចរណ៍​រុស្ស៊ី​ថា មេដឹកនាំ​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​លោក Yevgeny Prigozhin ជិះ​លើ​យន្តហោះ​ដែល​ធ្លាក់​នេះ។

មេដឹកនាំ​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​លោក Yevgeny Prigozhin ដែល​បាន​ដឹកនាំ​ការ​បះបោរ​ប្រដាប់​អាវុធ​រយៈពេល​ខ្លី​ប្រឆាំង​នឹង​យោធា​រុស្ស៊ី​កាលពី​ដើម​ឆ្នាំ​នេះ បាន​ជិះ​នៅ​លើ​យន្តហោះ​ដែល​បាន​ធ្លាក់​នៅ​ភាគ​ខាង​ជើង​ទីក្រុង​មូស្គូ​កាលពី​ថ្ងៃ​ពុធ ដែល​ការ​ធ្លាក់​នោះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ទាំង ១០ នាក់​ដែល​ជិះ​នៅ​លើ​យន្តហោះ​នោះ​ស្លាប់​បាត់បង់​ជីវិត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​យោង​លើ​ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​រុស្ស៊ី។

ការ​ធ្លាក់​យន្តហោះ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ភ្លាមៗ ដោយ​ហេតុ​ថា​វាសនា​របស់​លោក Prigozhin ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​យោធា​ឯកជន Wagner បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការ​ប៉ាន់ស្មាន​ខ្លាំងក្លា​តាំងពី​ពេល​ដែល​លោក​បាន​ធ្វើ​ការ​បះបោរ​នោះ​មក។

នៅ​ពេល​នោះ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្កោលទោស​ការ​បះបោរ​នេះ​និង​បាន​សន្យា​ថា​នឹង​សងសឹក។ ប៉ុន្តែ ការ​ចោទ​ប្រកាន់​លើ​លោក Prigozhin ត្រូវ​បាន​ទម្លាក់​ចោល​ភ្លាមៗ។

លោក Prigozhin ដែល​ទាហាន​របស់​លោក​គឺ​ជា​កង​កម្លាំង​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​មួយ​ចំនួន​សម្រាប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដក​ខ្លួន​ថយ​ទៅ​កាន់​ប្រទេស​បេឡារុស ខណៈ​ពេល​ដែល​លោក​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​យូរៗ​ម្ដង។

ការ​ធ្លាក់​យន្តហោះ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ថា នាយ​ឧត្តម​សេនីយ៍​កំពូល​មួយ​រូប​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក Prigozhin ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ជា​មេបញ្ជាការ​កងទ័ព​ជើង​អាកាស។

យន្តហោះ​ដែល​មាន​អ្នក​បើក ៣ នាក់ និង​អ្នក​ធ្វើ​ដំណើរ ៧ នាក់​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​មូស្គូ​ទៅ​កាន់​ទីក្រុង St. Petersburg បាន​ធ្លាក់​នៅ​ចម្ងាយ​ជិត ៣០០ គីឡូម៉ែត្រ​ពី​ភាគ​ខាង​ជើង​នៃ​ទីក្រុង​មូស្គូ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ដែល​យោង​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Tass របស់​រុស្ស៊ី។

ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល Rosaviatsia របស់​រុស្ស៊ី​បាន​រាយការណ៍​ភ្លាមៗ​ថា​លោក Prigozhin ស្ថិត​នៅ​ក្នុង​បញ្ជី​អ្នក​ដំណើរ និង​បន្ទាប់​មក​បាន​បញ្ជាក់​ថា បើ​យោង​តាម​ក្រុមហ៊ុន​អាកាសចរណ៍ លោក​ពិតជា​ជិះ​នៅ​លើ​យន្តហោះ​នោះ​មែន។

នៅ​មុន​ហ្នឹង លោក Vladimir Rogov ដែល​ជា​មន្ត្រី​តែងតាំង​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់ Zaporizhzhia ដែល​មួយ​ផ្នែក​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន បាន​និយាយ​ថា លោក​បាន​និយាយ​ជាមួយ​នឹង​មេបញ្ជាការ​នានា​របស់​ក្រុម​ទាហាន Wagner ហើយ​មេបញ្ជាការ​ទាំង​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក Prigozhin គឺ​ពិតជា​ជិះ​នៅ​លើ​យន្តហោះ​នោះ​មែន ក៏ដូចជា​លោក Dmitry Utkin ផង​ដែរ ដែល​មាន​ឈ្មោះ​សម្ងាត់ Wagner របស់​លោក​បាន​ក្លាយជា​ឈ្មោះ​របស់​ក្រុមហ៊ុន​ទាហាន​ស៊ី​ឈ្នួល​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​អ្វី​បាន​កើតឡើង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ភ្ញាក់ផ្អើល​នោះ​ឡើយ»៕