រុស្ស៊ីកំពុងពង្រីកការលក់ដូរអាវុធយ៉ាងឆាប់រហ័សនៅទូទាំងសាកលលោក ដោយលោក Alexander Fomin អនុរដ្ឋមន្រ្តីការពារប្រទេសរុស្ស៊ី បានបញ្ជាក់ប្រាប់កាសែត Krasnaya Zvezda ដែលជាកាសែតកងទ័ពរបស់រុស្ស៊ី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ថា រដ្ឋាភិបាលក្រុងមូស្គូ បានចុះហត្ថលេខាលើសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការខាងយោធាជាមួយប្រទេសចំនួន៣៩នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើននៃប្រទេសទាំងនោះស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសឡាវផង ដែលមិនបានទិញអាវុធរុស្ស៊ីក្នុងទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ការពង្រីកការលក់អាវុធនោះកើតមានឡើងនៅពេលដែលទំនាក់ទំនងរវាងរុស្ស៊ីនិងអង្គការអូតង់ មានការបែកបាក់។
ពួកអ្នកវិភាគនិយាយថា សម្ព័ន្ធភាពចាស់ក្នុងសម័យសង្គ្រាមត្រជាក់ជាមួយប្រទេសផ្សេងៗដូចជាប្រទេសឡាវ ការចង់បានរបស់រដ្ឋាភិបាលក្រុងមូស្គូនូវកិច្ចព្រមព្រៀងផ្លាស់ប្តូរទំនិញ ហើយនិងលទ្ធភាពនៃការប្រើផ្លូវដែកដែលកំពុងសាងសង់ដែលនឹងផ្តល់ផ្លូវដឹកជញ្ជូនទៅកាន់កំពង់ផែសមុទ្រនិងផ្លូវពាណិជ្ជកម្មនៅតាមឆ្នេរសមុទ្រនៅវៀតណាម កម្ពុជា និងថៃ ទាក់ទាញចំណាប់អារម្មណ៍ដល់រដ្ឋាភិបាលក្រុងមូស្គូ ហើយការលក់ដូរអាវុធជាផ្នែកនៃការខំប្រឹងប្រែងដ៏ធំមួយដោយប្រទេសរុស្ស៊ីដើម្បីពង្រឹងការទាក់ទងរបស់ខ្លួនជាមួយប្រទេសទាំងនោះ។
លោក Gavin Greenwood ជាអ្នកវិភាគនៅអង្គការ A2 Global Risk ដែលជាអង្គការខាងសន្តិសុខមានទីតាំងនៅក្នុងហុងកុង និយាយថា «គោលបំណងរបស់រដ្ឋាភិបាលក្រុងមូស្គូ ទំនងមានទាំងផ្នែកពាណិជ្ជកម្មនិងការបង្អាក់ផងនៅពេលដែលមានការថមថយការមិនយកចិត្តទុកដាក់ខាងវិស័យការពារប្រទេសរបស់សហរដ្ឋអាមេរិកឬអឺរ៉ុប ជាកត្តាដែលធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូឈ្នះ»។
លោក បាននិយាយទៀតថា រុស្ស៊ី បានលក់អាវុធចំនួន២៥ភាគរយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីឆ្នាំ២០០០មក។ នេះតាមវិទ្យាស្ថានស្រាជ្រាវសន្តិភាពអន្តរជាតិនៅក្រុងស្តុកខុល។ រដ្ឋាភិបាលក្រុងមូស្គូ បានលក់អាវុធតម្លៃ៦ពាន់៦រយលានដុល្លារទៅឲ្យតំបន់អាស៊ីអាគ្នេយ៍នៅចន្លោះឆ្នាំ២០១០និង២០១៧ ដែលស្មើនឹងសហរដ្ឋអាមេរិកនិងចិនរួមគ្នា។
លោកនិយាយថា ការផ្គត់ផ្គង់ដើម្បីជំនួសអាវុធរុស្ស៊ី ទំនងមិនកើតមានឡើងទេ នៅពេលដែលប្រទេសទាំងនោះ កំពុងពិចារណាកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនិងអឺរ៉ុបនោះ៕