អគ្គអធិការកិច្ចនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយទៅលើទីភ្នាក់ងារ FBI ដែលបានបើកការស៊ើបអង្កេតទៅលើទំនាក់ទំនងដែលគួរឲ្យសង្ស័យរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីឆ្នាំ២០១៦ និងប្រទេសរុស្ស៊ីដែលបានអះអាងថា ក្រុមមន្រ្តី FBI មានភស្តុតាងគ្រប់គ្រាន់ដើម្បីបើកការស៊ើបអង្កេតចោទប្រកាន់ប្រធានាធិបតី។
របាយការណ៍ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ ផ្ទុយពីការលើកឡើងរបស់ពួកអ្នកគាំទ្ររបស់លោក Trump និងគណបក្សសាធារណរដ្ឋរបស់លោក ដែលបានលើកឡើងថា ការស៊ើបអង្កេតរបស់ក្រុមមន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារ FBI មានការជំរុញផ្នែកនយោបាយប្រឆាំងនឹងលោក Trump។ ហើយក្រោយមកស្មាក្តីពិសេសលោក Robert Mueller បានដឹកនាំការស៊ើបអង្កេតនេះវិញ។
ក៏ប៉ុន្តែអគ្គអធិការកិច្ចលោក Michael Horowitz ក៏បានរិះគន់យ៉ាងខ្លាំងលើកំហុសធំមួយចំនួនរបស់ទីភ្នាក់ងារ FBI នៅក្នុងការទទួលការអនុញ្ញាតពីតុលាការឃ្លាំមើលកិច្ចការសម្ងាត់បរទេសដើម្បីស៊ើបអង្កេតលោក Carter Page អតីតទីប្រឹក្សាយុទ្ធនាការ របស់លោក Trump ដែលសង្ស័យថាមានទំនាក់ទំនងជាមួយនឹងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។
កំហុសធ្ងន់ធ្ងរមួយក្នុងចំណោមកំហុសនានាដែលអគ្គអធិការកិច្ចចោទទីភ្នាក់ងារ FBI គឺ FBI មិនបានប្រាប់តុលាការ និងក្រសួងយុត្តិធម៌ថា លោក Page ត្រូវបានតែងតាំងឲ្យធ្វើកិច្ចការសម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA និងបានប្រាប់ភ្នាក់ងារចារកម្មអំពីទំនាក់ទំនងរបស់លោកជាមួយនឹងក្រុមមន្រ្តីស៊ើបការសម្ងាត់រុស្ស៊ី។ នេះយោងតាមរបាយការណ៍។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ទោះបីជាភ្នាក់ងារ FBI បានប្រាប់តុលាការនិងក្រសួងយុតិ្តធម៌ក៏ដោយ ក៏តុលាការនៅតែផ្តល់ការអនុញ្ញាតឲ្យស៊ើបអង្កេតលើលោក Page ដដែល៕