ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដោះដូរ​អ្នក​ទោស​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់


យុទ្ធជន​គាំទ្រ​ដោយ​រុស្ស៊ី​យាម​ពលរដ្ឋ​អ៊ុយក្រែន​ នៅ​ក្នុង​ការ​ដោះដូរ​អ្នក​ទោស​មួយ​នៅ​ក្បែរ​ក្រុង Mayorsk ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។
យុទ្ធជន​គាំទ្រ​ដោយ​រុស្ស៊ី​យាម​ពលរដ្ឋ​អ៊ុយក្រែន​ នៅ​ក្នុង​ការ​ដោះដូរ​អ្នក​ទោស​មួយ​នៅ​ក្បែរ​ក្រុង Mayorsk ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។

ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើង ​បាន​កើតឡើង​នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ដោយ​សារ​ការ​ដោះដូរ​អ្នក​ទោស​ដ៏​ចម្រូងចម្រាស​មួយ​ជាមួយ​ក្រុម​ផ្ដាច់​ខ្លួន​ដែល​មាន​ប្រទេស​រុស្ស៊ី​នៅពី​ក្រោយ។

​ក្នុង​ចំណោម​ចំណាប់​ខ្លាំង​ដែល​ត្រូវ​បាន​ដោះដូរ​គ្នា​ដោយ​ប្រទេស​អ៊ុយក្រែន​នោះ គឺ​មាន​ប៉ូលិស​ប្រឆាំង​កុបកម្ម​៥​នាក់​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សម្លាប់​បាតុករ ដែល​បាន​ចូលរួម​តវ៉ា​ក្នុង​ការ​បះបោរ​ទៅ​ទីលាន Maidan កាល​ពី​ឆ្នាំ​២០១៤។

ប៉ូលិស​ទាំង​នោះ គឺ​ជា​សមាជិក​នៃ​កង​ជីវពល Berkut ដែល​បច្ចុប្បន្ន​បាន​រំសាយ​បាត់​ទៅ​ហើយ។ សាច់ញាតិ​នៃ​អ្នក​ស្លាប់​ក្នុង​ពេល​បះបោរ​នោះ បាន​ជំរុញ​ប្រធានាធិបតី​អ៊ុយក្រែន​គឺ​លោក Volodymyr Zelenskiy កុំ​ឱ្យ​បញ្ចូល​ប៉ូលិស​ទាំង​៥​នាក់​ទៅ​ក្នុងការ​ដោះដូរ​អ្នក​ទោស​នោះ។

ប៉ុន្តែ ក្រោយ​ពី​ការ​ដោះដូរ​អ្នក​ទោស​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ មេដឹកនាំ​អ៊ុយក្រែន បាន​ការពារ​ការសម្រេចចិត្ត​របស់​លោក ដោយ​និយាយ​ថា​វា​មាន​ភាព​ចាំបាច់​សម្រាប់​ប្រទេស​អ៊ុយក្រែន ក្នុង​ការ​ធានា​ថា​ទាហាន​ឈ្លប​យក​ការណ៍​ជាច្រើន​នាក់ ​អាច​វិលត្រឡប់​មក​វិញ​បាន។

ចំណាប់​ខ្លាំង​សរុប​២០០​នាក់ ត្រូវ​បាន​ដោះដូរ​គ្នា​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ។

លោក Zelenskiy បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឯ​ប្រលានយន្តហោះ​អន្តរជាតិ​Boryspil ក្នុង​ទីក្រុង​កៀវ ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ត្រូវ​បាន​ដោះលែង​ចំនួន​៧៦​នាក់​ថា៖​ «‍វា​ជា​ការ​សម្រេចចិត្ត​ដ៏​ពិបាក​មួយ។ វា​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ»៕

XS
SM
MD
LG