រដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យប្រទេសលោកខាងលិចលុបចោលការទណ្ឌកម្មប្រឆាំងនឹងខ្លួនទាក់ទិននឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដោយបានស្វះស្វែងបង្វែរការស្តីបន្ទោសលើវិបត្តិស្បៀងអាហារដែលកំពុងកាន់តែអាក្រក់ឡើងនេះមួយផ្នែកដោយសារតែអសមត្ថភាពរបស់អ៊ុយក្រែនក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរាប់លានតោននិងផលិតផលកសិកម្មផ្សេងៗទៀត ដោយសារតែរុស្ស៊ីបានបង្កសង្គ្រាមនៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
ចក្រភពអង់គ្លេសបានចោទប្រកាន់ប្រទេសរុស្ស៊ីភ្លាមៗចំពោះការព្យាយាមចាប់ពិភពលោកធ្វើជាចំណាប់ខ្មាំង ហើយបាននិយាយថា នឹងមិនមានការបន្ធូរបន្ថយការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីនោះឡើយ ហើយមន្ត្រីការទូតកំពូលអាមេរិកម្នាក់ក៏បានថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានលើអ៊ុយក្រែនដោយរុស្ស៊ីបានប្រព្រឹត្តអំពើសាហាវព្រៃផ្សៃនិងគ្មានច្បាប់ទម្លាប់ផងដែរ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi ថា រដ្ឋាភិបាលក្រុងមូស្គូបានត្រៀមខ្លួនដើម្បីធ្វើវិភាគទានដ៏សំខាន់មួយក្នុងការដោះស្រាយវិបត្តិស្បៀងអាហារតាមរយៈការនាំចេញគ្រាប់ធញ្ញជាតិនិងជីនៅក្រោមលក្ខខណ្ឌដែលថា ការដាក់ទណ្ឌកម្មតឹងតែងដែលមានលក្ខណៈនយោបាយប្រឆាំងនឹងរុស្ស៊ីដោយប្រទេសលោកខាងលិចនឹងត្រូវលុបចោល។ នេះបើតាមខ្លឹមសារនៃការសន្ទនាគ្នាតាមទូរស័ព្ទរវាងមេដឹកនាំនៃប្រទេសទាំងពីរដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលវិមានក្រឹមឡាំង។
រុស្ស៊ីជាប្រទេសដែលនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់មួយផងដែរ ហើយអ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំងលោក Dmitri Peskov បាននិយាយថា បស្ចិមប្រទេសត្រូវតែលុបចោលការសម្រេចចិត្តខុសច្បាប់របស់ខ្លួនដែលបានរារាំងដល់កប៉ាល់ដឹកជញ្ជូននិងការនាំចេញគ្រាប់ធញ្ញជាតិ។ ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំងរូបនេះហាក់ដូចជាចង់សំដៅលើកិច្ចប្រឹងប្រែងដែលបានបិទខ្ទប់ដល់ការនាំចេញរបស់អ៊ុយក្រែនជាមួយអ្វីដែលរុស្ស៊ីនិយាយថា ជាការលំបាកក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួន។
មន្តី្រប្រទេសលោកខាងលិចមួយចំនួនបានច្រានចោលការអះអាងទាំងនោះ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីសប្ដាហ៍មុនថា ស្បៀងអាហារ ជីនិងគ្រាប់ធញ្ញជាតិមិនត្រូវបានហាមប្រាមនៅក្នុងការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀតនោះឡើយ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីធានាថា ប្រទេសនានាដឹងពីការអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញទាំងនោះ ដោយមិនមានការប៉ះពាល់ដោយការដាក់ទណ្ឌកម្មនោះ។
ដោយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនកំពុងបន្តកើតឡើងយ៉ាងខ្លាំងនោះ មេដឹកនាំពិភពលោកកំពុងប្រឹងប្រែងព្យាយាមដើម្បីស្វែងរកដំណោះស្រាយ។ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក Ngozi Okonjo-Iweala បាននិយាយថា គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនប្រមាណ២៥លានតោនកំពុងស្ថិតនៅក្នុងឃ្លាំងនៅឡើយ ហើយផលិតផលធញ្ញជាតិប្រមាណ២៥លានតោនទៀត អាចនឹងត្រូវប្រមូលផលនៅខែក្រោយនេះ។
ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុបបានព្យាយាមសម្រួលដល់វិបត្តិនេះដោយបានដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីប្រទេសរបស់ខ្លួនតាមរថភ្លើង ក៏ប៉ុន្តែរថភ្លើងអាចដឹកជញ្ជូនផលិតផលបានក្នុងកម្រិតមួយតិចប៉ុណ្ណោះ ទៅលើអ្វីដែលប្រទេសអ៊ុយក្រែនផលិតបាននោះ ហើយការដឹកជញ្ជូនតាមកប៉ាល់ត្រូវការចាំបាច់ដែលអាចដឹកបានក្នុងចំនួនច្រើន៕
រុស្ស៊ីរិះគន់លើការដាក់ទណ្ឌកម្មនិងស្តីបន្ទោសប្រទេសលោកខាងលិចចំពោះវិបត្តិស្បៀងអាហារ
ក្រុងកៀវ —