រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបានថ្លែងកាលពីថ្ងៃសុក្រថា ខ្លួនកំពុងតែចាត់វិធានការប្រឆាំងនឹងសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការអនុម័តរបស់សភាកាលពីថ្ងៃព្រហស្បតិ៍ក្នុងការដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី។ លោករដ្ឋមន្ត្រីការបរទេសបានថ្លែងថា ការដាក់ទណ្ឌកម្មទាំងនេះបញ្ជាក់ពីការឈ្លានពានដ៏ខ្លាំងក្លារបស់អាមេរិកនៅក្នុងកិច្ចការអន្តរជាតិ។
លោករដ្ឋមន្ត្រីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា៖ «យើងស្នើទៅកាន់ភាគីអាមេរិកបញ្ជូនមន្ត្រីកាទូតនិងបច្ចេកទេសរបស់ខ្លួនទៅធ្វើការនៅក្នុងស្ថានទូតអាមេរិកក្នុងទីក្រុងម៉ូស្គូ និងស្ថានកុងស៊ុល ឲ្យមានចំនួនស្មើនឹងចំនួនមន្ត្រីកាទូតនិងបុគ្គលិកបច្ចេកទេសរបស់រុស្ស៊ីធ្វើការនៅក្នុងសហរដ្ឋអាមេរិក»។
រុស្ស៊ីថ្លែងទៀតថា ការកាត់បន្ថយកងកម្លាំងនេះនឹងធ្វើឲ្យចំនួនមន្ត្រីនិងបុគ្គលិកកាទូតរបស់អាមេរិកនៅសល់ត្រឹម ៤៥៥នាក់ ហើយកិច្ចការនេះត្រូវតែបញ្ចប់ត្រឹមចុងខែសីហា។
បន្ថែមពីលើការកាត់បន្ថយបុគ្គលិកកាទូតនៅក្នុងសហរដ្ឋអាមេរិក រុស្ស៊ីក៏បានថ្លែងដែរថា ខ្លួននឹងរារាំងស្ថានទូតអាមេរិកនៅក្នុងប្រទេសរុស្ស៊ីមិនឲ្យចូលទៅក្នុងអាគារធំៗរបស់ខ្លួនក្នុងទីក្រុងម៉ូស្គូ និងមិនឲ្យពួកគេធ្វើដំណើរទៅកាន់តំបន់ Serebryany Bor នោះទេ។
លោករដ្ឋមន្ត្រីបានថ្លែងទៀតថា៖ «យើងមានសិទ្ធិក្នុងការចាត់វិធានការផ្សេងទៀត ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អាមេរិក»។
មន្ត្រីមួយរូបនៃក្រសួងការបរទេសអាមេរិកបានថ្លែងកាលពីថ្ងៃសុក្រថា៖ «យើងបានដឹងពីការលើកឡើងរបស់រដ្ឋាភិបាលរុស្ស៊ីហើយ គឺលោកឯកអគ្គរដ្ឋទូតរុស្ស៊ី John Tefft បានបង្ហាញការខកចិត្តនិងការតវ៉ាជំទាស់របស់លោក»៕