ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈកម្មាធិការ​ព្រឹទ្ធសភា​នឹង​ចោទ​សួរ​កូន​ប្រសា​ប្រុស​លោក ត្រាំ អំពី​ករណី​ប្រទេស​រុស្ស៊ី


ទីប្រឹក្សា​ជាន់​ខ្ពស់​សេត​វិមាន ​លោក Jared Kushner ថ្លែង​ទៅ​កាន់អ្នក​សារព័ត៌មាន​នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​២៤ កក្កដា។ ​លោក​មក​កាន់​កិច្ច​ប្រជុំ​បិទ​ទ្វារ​របស់​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា ក្នុង​ការ​ស្វែង​រក​ការពិត​អំពី​ទំនាក់​ទំនង​របស់​ក្រុម​ឃោសនា​របស់​លោក​ត្រាំ និង​ប្រទេស​រុស្ស៊ី។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក Jared Kushner ​ដែល​ត្រូវ​ជា​កូន​ប្រសា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ ត្រូវ​បាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​សម្ភាសន៍ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ប្រធានាធិបតី ត្រាំ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី។

លោក Kushner គ្រោង​នឹង​ឆ្លើយ​សំណួរ​ដែល​ចោទ​សួរ​ដោយ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​នៅ​ថ្ងៃ​អង្គារ​ទី ២៥ ខែ​កក្កដា នេះ។

លោក Jared Kushner ដែល​ជា​ឈ្មួញ​អចលនទ្រព្យ អ្នក​វិនិយោគ និង​បណ្ណាធិការ​ព័ត៌មាន គឺ​ជា​កូន​ប្រុស​របស់​ឈ្មួញ​អចលនទ្រព្យ​លោក Charles Kushner និង​ជា​ស្វាមី​របស់​អ្នកស្រី Ivanka ដែល​ជា​កូនស្រី​របស់​លោក ត្រាំ។

លោក​គឺ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ កាល​ពី​ឆ្នាំ​មុន ហើយ​លោក​បាន​ក្លាយ​ជា​ជំនួយការ​ជិតស្និទ្ធ​បំផុត​មួយ​រូប​របស់​លោក ត្រាំ បន្ទាប់ពី​លោក ត្រាំ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

លោក ត្រាំ បាន​តែងតាំង​លោក Kushner ដែល​ជា​ជនជាតិ​ជ្វីហ្វ​ប្រកាន់​ទស្សនៈ​អភិរក្ស​និយម ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​គោល​នយោបាយ​តំបន់​មជ្ឈិមបូព៌ា។

លោក ដូណាល់ ត្រាំ បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​លោក Jared Kushner ជួយ​យើង​លើ​កិច្ចការ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត និង​មើល​ថា​តើ​យើង​អាច​ស្វែង​រក​សន្តិភាព​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ឬ​ក៏​អាច​ធ្វើ​រឿង​ផ្សេងៗ​ទៀត។ លោក Jared Kushner គឺ​ជា​បុរស​ម្នាក់​ដែល​មាន​ភាព​ប៉ិន​ប្រសប់​បំផុត»។

លោក ត្រាំ ត្រូវ​បាន​គេ​រិះគន់ ដោយ​សារ​តែ​លោក​បាន​តែង​តាំង​កូន និង​កូន​ប្រសា​របស់​លោក​ឲ្យ​កាន់​តួនាទី​ធំៗ​នៅ​ក្នុង​សេតវិមាន។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​ចោទ​សួរ​ផង​ដែរ​ថា​តើ​សហគ្រាស​របស់​ក្រុម​គ្រួសារ​លោក ត្រាំ មាន​បង្កើត​ទំនាស់​ផល​ប្រយោជន៍​ជាមួយ​នឹង​តំណែង​នយោបាយ​របស់​ពួកគេ ឬ​ក៏​អត់។ ដំណឹង​កាល​ពី​សប្ដាហ៍​មុន ដែល​ថា លោក Kushner ត្រូវ​កែ​សម្រួល​របាយការណ៍​បង្ហាញ​ពី​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​របស់​លោក ដើម្បី​បន្ថែម​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ដែល​លោក​មិន​បាន​បញ្ចូល​កាល​ពី​លើក​មុន​ក្នុង​ទឹក​ប្រាក់​យ៉ាង​តិច ១០ លាន ៦ សែន​ដុល្លារ​អាមេរិក នោះ បាន​បន្ថែម​បញ្ហា​បន្ថែម​ទៀត​ដល់​បញ្ហា​ទាំង​នេះ។

លោកស្រី Maxine Waters សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ថា៖ «ពួក​យើង​ភាគ​ច្រើន​កំពុង​ព្យាយាម​គ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ឧក្រិដ្ឋកម្ម សកម្មភាព​មិន​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​របស់​លោក​ប្រធានាធិបតី ត្រាំ និង​ក្រុម​គ្រួសារ​របស់​លោក។ ខ្ញុំ​បាន​ហៅ​ពួកគេ​ថា​ជា​ក្រុម​ឧក្រិដ្ឋជន តាំង​ពី​យូរ​ណាស់​មក​ហើយ»។

សភា​សហរដ្ឋ​អាមេរិក និង​ក្រុម​អ្នក​ច្បាប់​ពិសេស​មួយ​ក្រុម នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន និង​ការ​ចោទ​ប្រកាន់​ដែល​ថា ក្រុម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ ប្រហែល​ជា​អាច​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​ទទួល​បាន​ជ័យជំនះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។

គណៈកម្មាធិការ​ព្រឹទ្ធសភា និង​រដ្ឋសភា ដែល​នឹង​ប្រជុំ​ជាមួយ​នឹង​លោក Kushner នៅ​ក្នុង​សប្ដាហ៍​នេះ ទំនង​ជា​ចោទ​សួរ​លោក​អំពី​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ចំនួន​ពីរ​លើក ដែល​លោក​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​អតីត​ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាមេរិក​លោក Sergey Kislyak។

ក្រុម​មេធាវី​របស់​លោក Kushner បាន​និយាយ​ថា កិច្ច​សន្ទនា​នោះ​គឺ​ជា​កិច្ច​សន្ទនា​អំពី​កិច្ច​សហប្រតិបត្តិការ​ដែល​អាច​មាន​រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី នៅ​ក្នុង​សង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី ហើយ​កិច្ច​សន្ទនា​ទាំង​នេះ​មិន​បាន​រំលោភ​បំពាន​ច្បាប់​ណា​មួយ​នោះ​ទេ។

លោក​ប្រធានាធិបតី ត្រាំ បាន​ច្រាន​ចោល​នូវ​ការ​ស៊ើប​អង្កេត​ទាំង​នេះ ដោយ​លោក​ថា ការ​ស៊ើប​អង្កេត​ទាំង​នេះ​ជា​ការ​តាម​ព្យាបាទ​លើ​ក្រុម​គ្រួសារ​របស់​លោក​ផ្អែក​លើ​ព័ត៌មាន​លេច​ធ្លាយ និង​ព័ត៌មាន​មិន​ពិត​នានា៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG