រុស្ស៊ី​បញ្ជូន​នាវា​ចម្បាំង​ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​បង្ហាញ​សាច់​ដុំ

រូបថត​ ថត​ពី​លើ​យន្តហោះ​ស៊ើបការណ៍របស់​ន័រវែស​ បង្ហាញ​ឲ្យ​ឃើញ​នាវា​សម្រាប់​ចត​យន្តហោះ​រុស្ស៊ី​ Admiral Kuznetsov ​នៅ​​ឈូង​សមុទ្រ​របស់​ប្រទេស​ន័រវែស ​កាល​ពី​ថ្ងៃទី​១៧ ខែ​តុលា។

ការ​បញ្ជូន​នាវា​ចម្បាំងធំ​ជាង​គេ​បង្អស់​របស់​ប្រទេស​រុស្ស៊ី​ ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំ នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ នៅ​ពេល​ដែល​នាវា​ទាំង​នោះ ​បើក​កាត់​ប្រទេស​ន័រវែស ​កាត់​តាមច្រក​សមុទ្រ​អង់គ្លេស​ ឆ្ពោះ​ទៅ​កាន់​សមុទ្រ​មេឌីទែរ៉ាណេ ​ដើម្បី​ជួយ​គាំ​ទ្រ​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

នាវា​ចម្បាំង​របស់​ចក្រភព​អង់គ្លេស ​ស្ថិត​នៅ​ក្នុង​ស្រមោល​នៃ​នាវា​របស់​រុស្ស៊ី នៅ​ពេល​ដែល​នាវា​រុស្ស៊ី​បើក​កាត់​តាម​ច្រក​សមុទ្រ។ ​អ្នក​វិភាគ​គិត​ថា​ នេះ​គឺ​ជាប្រតិកម្មឆ្លើយ​តបទៅ​នឹង​សមាជិក​នៃ​អង្គការ​អូតង់។

​លោក​ Victor Mizin ​អ្នកវិភាគ​នយោបាយ​នៅ​វិទ្យាស្ថាន​អន្តរជាតិ​នៅ​ទីក្រុង​មូស្គូ​ និយាយ​ថា៖ «វា​គឺ​ជា​អារម្មណ៍​ទូទៅ​មួយ​ហើយ​នៅ​ទី​នេះ​ ដែល​រុស្ស៊ី​កំពុង​ក្លាយ​ខ្លួន​ជា​មហា​អំណាច​ម្តង​ទៀត ហើយ​ពួក​យើង​មាន​វត្ត​មាននៅ​គ្រប់​ទី​កន្លែង​នៅ​ជុំវិញ​ពិភព​លោក»។

អ្នក​ការទូត​របស់​អង្គការ​អូតង់​ម្នាក់​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters ​ថា​នេះ​ជា​ការ​បញ្ជូន​នាវារុស្ស៊ី​ធំ​ជាង​គេ​បង្អស់ ​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​បាន​បញ្ចប់។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក ​Jens Stolenberg ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​នាវា​ចម្បាំង​របស់​រុស្ស៊ី ចូល​រួម​ក្នុងការ​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង​ Aleppo ​ហើយ​នាំ​ឲ្យ​ការ​រង​គ្រោះរបស់​ពល​រដ្ឋ​នៅ​ទីនោះ ​កាន់​តែ​កើន​ឡើង៕