រុស្ស៊ី ​អ៊ីរ៉ង់ ​និង​តួកគី​រិះ​គន់​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ស៊ីរី​​​ដោយ​សហ​រដ្ឋអាមេរិក​ អង់គ្លេស​និង​បារាំង​

រូបឯកសារ៖ បុរស​ម្នាក់​ដើរ​នៅ​លើ​គំនរ​អាគារ​បាក់​បែក​ក្រោយ​ពេល​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ទីក្រុង Douma នៃ​តំបន់ Ghouta​ ខាង​កើត ក្នុង​ប្រទេសស៊ីរី កាល​ពី​ខែ​កុម្ភៈ ២០១៨។

លោក ​Sergey Lavrov​រដ្ឋមន្ត្រីការ​បរទេស​រុស្ស៊ី​និយាយ​ថា​ ការវាយ​ប្រហារ​តាម​អាកាស​លើប្រទេស​ស៊ីរី​ដែល​ធ្វើ​ឡើង​ដោយ​សហ​រដ្ឋអាមេរិក​ អង់គ្លេស​ និង​បារាំង​កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា​គឺ​ជាការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​និង​បង្ហាញ​ថា ​មហា​អំណាច​លោក​ខាង​លិច​កំពុង​ព្យាយាម​បំផ្លាញ​ដំណើរ​ការ​សន្តិភាព។​

លោក ​Lavrov ​បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃសៅរ៍ ​បន្ទាប់​ពី​ធ្វើ​កិច្ច​ប្រជុំនៅ​ទីក្រុង​មូស្គូ​ជាមួយ​សមភាគី អ៊ីរ៉ង់​និង​តួកគី​របស់​លោក។ ​លោក​បាន​និយាយ​ថា ​ការ​ព្យាយាម​នេះធ្វើ​ឱ្យ​មាន​អស្ថិរភាព​ និង​ ជំរុញ​ឱ្យ​ក្រុម​ជ្រុល​និយម​នៅ​ស៊ីរី​បន្តការ​តស៊ូ​ប្រដាប់​អាវុធ​របស់​ពួក​គេ។ លោក ​Lavrov ​និង​សមភាគី​របស់​លោក​បាន​និយាយ​ថា ​ពួក​គេ​យល់​ស្រប​ថា​ បូរណភាព​ទឹក​ដី​របស់​ប្រទេស​ស៊ីរី​គួរ​តែត្រូវ​បាន​គោរព​ ​ហើយ​បាន​ចោទ​ប្រកាន់​ថា ​អាមេរិក​មាន​ផែនការ​កំណែ​ទម្រង់​តំបន់​មជ្ឈិម​បូព៌ា​និង​បំបែក​ប្រទេស​ស៊ីរី​ជាផ្នែក។ ​រដ្ឋមន្ត្រីការ​បរទេស​អ៊ីរ៉ង់​លោក​ Mohammad Javid Zarif បាន​និយាយ​ថា​ មិនមាន​ដំណោះ​ស្រាយខាង​យោធា​ចំពោះ​វិបត្តិ​នៅ​ស៊ីរី​នោះ​ទេ។​

លោក​ក៏បាន​និយាយ​ផង​ដែរ​ថា​ អ៊ីរ៉ង់​ថ្កោលទោស​ការ​ប្រើ​អាវុធគីមី ​ហើយ​សង្ឃឹម​ថា​ការស៊ើប​អង្កេត​លើ​កា​រវាយ​ប្រហារ​ដោយ​រដ្ឋាភិបាល​ស៊ីរីល​ លើ​ប្រជាជន​ខ្លួន​ឯង​នឹង​បង្ហាញ​ការណ៍​ពិត។​ លោក Mevlut Cavusoglu​រដ្ឋមន្ត្រីការ​បរទេស​តួកគី ​ក៏បាន​និយាយ​ដែរ​ថា ប្រទេស​របស់​លោក​គាំទ្រ​ដល់​បូរណភាព​ដែន​ដី​របស់​ស៊ីរី ហើយ​ជាមួយ​សម្ព័ន្ធ​មិត្ត​អ៊ីរ៉ង់​និង​រុស្ស៊ី ​ហើយ​សង្ឃឹម​ថា ​ទីបំផុត​នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​ចំពោះ​វិបត្តិនេះ៕