ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ និយាយ​ថា រុស្ស៊ី​ព្យាយាម​បង្ក​លក្ខណៈ​ស្មុគស្មាញ​ដល់​ការ​ស៊ើបអង្កេត​លើ​ការ​ប្រើ​អាវុធគីមី​នៅ​ស៊ីរី


បុរស​ស៊ីរី​ម្នាក់​ឱប​នំប៉័ង​ នៅ​ពេល​ដែល​អាជ្ញាធរ​ចែក​នំប៉័ង បន្លែ និង pasta ដល់​ពលរដ្ឋ​ក្នុង​ក្រុង Douma ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
បុរស​ស៊ីរី​ម្នាក់​ឱប​នំប៉័ង​ នៅ​ពេល​ដែល​អាជ្ញាធរ​ចែក​នំប៉័ង បន្លែ និង pasta ដល់​ពលរដ្ឋ​ក្នុង​ក្រុង Douma ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និយាយ​ថា ប្រទេស​រុស្ស៊ី បាន​ព្យាយាម​រារាំង​ក្រុម​ឃ្លាំមើល​អន្តរជាតិ​មួយ មិន​ឱ្យ​ស៊ើប​អង្កេត​ការ​វាយប្រហារ​មួយ​ដែល​គេ​សង្ស័យ​ថា​មាន​ប្រើ​អាវុធ​គីមី​ក្នុង​ប្រទេស​ស៊ីរី ដោយ​បង្ក​លក្ខណៈ​កាន់​តែ​ស្មុគស្មាញ​ ដល់​ក្រុម​អ្នក​ឯកទេស ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​គឺ​អ្នក​ស្រី Heather Nauert បាន​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍ Alhurra ថា «‍រុស្ស៊ី​ប្រហែល​ជា​ចង់​ធ្វើ​ដូច្នេះ ដោយសារ​ពួកគេ​ទទួល​ស្គាល់​ថា កាលណា​គេ​ទុក​កន្លែង​មួយ​មិន​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​កាន់​តែ​យូរ នោះ​សារធាតុ​គីមី​នោះ អាច​នឹង​ចាប់​ផ្ដើម​រលាយ​បាត់​កាន់​តែ​ច្រើន»។

ក្រុម​អ្នក​ស៊ើបអង្កេត​ដែល​មក​ពី​អង្គការ​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី បាន​មក​ដល់​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​សៅរ៍​ សប្ដាហ៍​មុន ប៉ុន្តែ រហូត​មកដល់​ពេល​នេះ ពួកគេ​មិន​ទាន់​អាច​ចាប់​ផ្តើម​ការងារ​របស់​ពួកគេ​ក្នុង​ទីក្រុង Douma បាន​នៅ​ឡើយ​ទេ។

មន្ត្រី​រុស្ស៊ី​ម្នាក់ និយាយ​ថា ក្រុម​ស៊ើបអង្កេត​នេះ គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ខាង​កើត​រដ្ឋធានី​របស់​ប្រទេស​ស៊ីរី​នៅ​ថ្ងៃ​ពុធ​ ស្អែក។

ប្រទេស​រុស្ស៊ី បាន​ស្តី​បន្ទោស​ទៅលើ​ការ​ពន្យារពេល​នៃ​ការ​វាយប្រហារ​តាម​អាកាស​ ដែល​ធ្វើ​ឡើងកាល​ពី​ថ្ងៃ​សៅរ៍​ដោយ​សហរដ្ឋ​អាមេរិក បារាំង និង​អង់គ្លេស ទៅលើ​ទីតាំង​អាវុធ​គីមី​ស៊ីរី​៣​កន្លែង។ អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Ryabkov ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា បេសកកម្ម​ស៊ើបអង្កេត​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ ដោយសារ​តែ​វា​គ្មាន​ការ​អនុម័ត​ពី​អង្គភាព​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សុវត្ថិភាព​និង​សន្តិសុខ។

ប៉ុន្តែ មន្ត្រី​អង្គការ​សហប្រជាជាតិ​ក្នុង​បុរី​ញូយ៉ក បាន​ច្រានចោល​ការ​អះអាង​នេះ៕

XS
SM
MD
LG