ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ប្រាប់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីភាពចាំបាច់ក្នុងការរក្សាវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី ទោះបីជាបន្ទាប់ពីពួកភេរវជនក្រុមរដ្ឋឥស្លាមបរាជ័យក៏ដោយ ក៏ដូចជាដើម្បីបញ្ចុះបញ្ចូលលោក Trump ឲ្យផ្ដល់ការលើកលែងដល់សហភាពអឺរ៉ុបពាក់ព័ន្ធនឹងពន្ធគយថ្មីលើទំនិញអាលុយមីញ៉ូម និងដែកថែប។
លោក Macron បានប្រាប់ទីភ្នាក់ងារព័ត៌មាន Fox News ថា៖ «យើងនឹងត្រូវកសាងប្រទេសស៊ីរីថ្មីមួយក្រោយពីសង្គ្រាមបញ្ចប់ទៅ។ ដូច្នេះហើយ ខ្ញុំគិតថា តួនាទីរបស់សហរដ្ឋអាមេរិកគឺមានសារៈសំខាន់ខ្លាំងណាស់»។
លោក Macron បានបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជា «អ្នកដើរតួចុងក្រោយបំផុតសម្រាប់សន្តិភាព និងភាពពហុភាគី»។
លោក Trump បាននិយាយថា លោកចង់ដកទាហានអាមេរិកាំងប្រហែល ២ ពាន់នាក់ ចេញពីប្រទេសស៊ីរីក្នុងពេលឆាប់ៗខាងមុខនេះ។ គម្រោងរបស់លោក Trump ក្នុងការដកទាហានអាមេរិកាំងនេះបានធ្វើឡើងបន្ទាប់ពីទីក្រុង Raqqa នៅភាគខាងជើងប្រទេសស៊ីរី ដែលជាតំបន់ដែលក្រុមជ្រុលនិយមរដ្ឋឥស្លាមបានកាន់កាប់ បានដួលរលំ។
លោក Macron បាននិយាយទៀតថា សហរដ្ឋអាមេរិក និងប្រទេសបារាំងគឺជាសម្ព័ន្ធមិត្ត ប៉ុន្តែ «សូម្បីតែប្រទេសរុស្ស៊ី និងតួកគីក៏នឹងមានតួនាទីសំខាន់បំផុតផងដែរនៅក្នុងការដើរតួបង្កើតបង្កើតប្រទេសស៊ីរីថ្មីនេះ និងធានាថា ប្រជាពលរដ្ឋស៊ីរីជាអ្នកសម្រេចជោគវាសនាអនាគតរបស់ខ្លួន»៕