ម្ចាស់ជំនួយអន្តរជាតិនឹងសន្យាផ្តល់ជំនួយមនុស្សធម៌ដែលមានតម្លៃជាប្រាក់៤ពាន់៤រយលានដុល្លារសម្រាប់ប្រទេសស៊ីរីនិងបណ្តាប្រទេសជិតខាងដែលបាន ផ្តល់ទីជម្រកដល់ជនភៀសខ្លួននៅឆ្នាំនេះ នេះតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់។
លោក Mark Lowcock ប្រធានការិយាល័យសម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានប្រកាសពីការសន្យាកាលពីថ្ងៃពុធ នៅឯសន្និសីទម្ចាស់ជំនួយអន្តរជាតិមួយនៅក្នុងទីក្រុង Brussels។
លោកLowcock បាននិយាយទៀតថា ការសន្យាបន្ថែមប្រាក់ចំនួន៣ពាន់៣រយលានដុល្លារសម្រាប់ឆ្នាំ២០១៩ត្រូវគេរំពឹងនឹងធ្វើឡើង ក៏ប៉ុន្តែ គេត្រូវការប្រាក់កាន់តែច្រើនឡើងថែមទៀតសម្រាប់គោលបំណងមនុស្សធម៌នៅក្នុងប្រទេសស៊ីរីនិងដើម្បីជួយជនភៀសខ្លួននៅក្នុងបណ្តាប្រទេសជិតខាង។
លោក Lowcock បាននិយាយថា «បញ្ហាសំខាន់គឺធ្វើឲ្យប្រាកដថា ជំនួយអាទិភាពត្រូវផ្តល់ទៅឲ្យមនុស្សដែលត្រូវការបន្ទាន់បំផុត ហើយនឹងអ្នកដែលងាយទទួលរងគ្រោះបំផុត»។ លោកនិយាយទៀតថា ចក្រភពអង់គ្លេសនិងអាល្លឺម៉ង់បានសន្យាផ្តល់ជំនួយច្រើនជាងគេបំផុត។
មនុស្ស៤សែន៥ម៉ឺននាក់បានស្លាប់នៅក្នុងប្រទេសស៊ីរីចាប់តាំងពីការបង្ក្រាបរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad នៅឆ្នាំ២០១១លើពួកបាតុករដែលបានអំពាវនាវឲ្យបណ្តេញលោកចេញពីតំណែង។
អង្គការសហប្រជាជាតិប្រាប់ឲ្យដឹងថា ជនជាតិស៊ីរីជាង១៣លាននាក់ត្រូវការជំនួយមនុស្សធម៌ហើយប្រហែល១ភាគ៤នៃជនទាំងនោះគ្មានទីកន្លែងរស់នៅហើយបានរស់នៅក្នុងបណ្តាប្រទេសជិតខាងដូចជា ប្រទេសហ្សកដានី លីបង់និងប្រទេសតួកគី៕