អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថាគណបក្សភ្លើងទៀនត្រូវសុំទោសជាសាធារណៈ ដើម្បីបញ្ចៀសការប្តឹងផ្តល់របស់គណបក្សកាន់អំណាចទៅកាន់តុលាការ នៅក្នុងការចេញសេចក្តីថ្លែងការណ៍មួយដែលលើកឡើងអំពីការគាបសង្កត់បំភិតបំភ័យពីគណបក្សកាន់អំណាច។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចេញផ្សាយនាសប្តាហ៍នេះ ក្រោយការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្មខ្លាំងៗ និងប្រាប់ឲ្យមេធាវីពិនិត្យខ្លឹមសារ ដោយសារសេចក្តីថ្លែងការណ៍នេះបានលើកឡើងអំពីគណបក្សកាន់អំណាច។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាក្រុមមេធាវីគណបក្សកាន់អំណាចដឹកនាំដោយលោក គី តិច កំពុងពិនិត្យខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលលោកថានិយាយប៉ះពាល់គណបក្សប្រជាជនកម្ពុជា ដើម្បីប្តឹងទៅតុលាការ។
លោក សុខ ឥសាន បន្ថែមថាបើគណបក្សភ្លើងទៀន ចង់សុំទោស គឺត្រូវសុំទោសជាសាធារណៈឱ្យបានលឿន មុនសំណុំរឿងដល់ដៃតុលាការ។
លោកបញ្ជាក់ថា៖ «បាទ! បើតាមប្រសាសន៍របស់សម្តេចឱ្យសុំទោសជាផ្លូវការ ជាសាធារណៈ អាហ្នឹងបានរួចខ្លួន បើថាមិនសុំទោសជាផ្លូវការជាសាធារណៈទេ អាហ្នឹងគណបក្សនៅតែអនុវត្តនូវជំហររបស់ខ្លួន គឺប្តឹងទៅតុលាការហើយ។ ហើយអាហ្នឹងសុំឱ្យរហ័សដែរបានៗ ពីព្រោះថាបើកាលណាសុំទោសក្រោយដែលដាក់ពាក្យប្តឹងទៅតុលាការអាហ្នឹងវាអត់មានប្រសិទ្ធភាពអីទេ បើធ្វើ [គឺ]ធ្វើឱ្យទាល់ពេលវេលា កុំឱ្យតែរឿងករណីធ្លាក់ដល់ដៃតុលាការហើយបានសុំទោសតាមក្រោយអាហ្នឹងវាជាបញ្ហាមួយដែលវាផ្ទុយអំពីការពិត សភាពការណ៍ពិតជាក់ស្តែង»។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនដែលចេញកាលពីថ្ងៃពុធ លើកឡើងថា៖ «គណបក្សភ្លើងទៀន ប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងកាធ្វើទុក្ខបុកម្នេញផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច ដោយទាមទារឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់»។
លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថាលោកនឹងមិនអត់ឱនទៀតនោះទេ ចំពោះអ្នកណាដែលនិយាយប៉ះពាល់ និងជេរប្រមាថគណបក្សកាន់អំណាច។
ក្រោយពីលោកនាយករដ្ឋមន្ត្រី ព្រមានប្តឹងទាក់ទងនឹងអត្ថន័យក្នុងសេចក្តីថ្លែងការណ៍នោះ គណបក្សភ្លើងទៀនបានលុបចេញសេចក្តីថ្លែងការណ៍របស់ខ្លួន។ នេះបើតាមលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។
លោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «បាទ! យើងលុបចេញតាំងពីឮប្រសាសន៍នាយករដ្ឋមន្ត្រីភ្លាមហ្នឹង យើងក៏បានដកចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សអស់ហើយ»។
លោក សុន ឆ័យ យល់ថាករណីនេះមិនគួរប្តឹងផ្តល់ទៅតុលាការនោះទេ ហើយគណបក្សកាន់អំណាចគួរតែប្រាប់ និងជជែកទល់មុខគ្នាទៅវិញទៅមកជាមួយគណបក្សភ្លើងទៀន នូវអ្វីដែលមិនចូលចិត្ត ដើម្បីឱ្យមានការកែតម្រូវ និងដើម្បីបង្កបរិយាកាសនយោបាយនៅកម្ពុជាឱ្យមានភាពល្អប្រសើរ។
លោកថ្លែងថា៖ «ការតវ៉ា បែបហ្នឹងធ្លាប់មានពីដើមៗមក មិនដែលមានបញ្ហាអ្វីទេ។ នេះជាលើកដំបូងហើយដែលមានការកត់សម្គាល់ពីសម្តេចនាយករដ្ឋមន្ត្រី ដូច្នេះយើងនឹងយកចិត្តទុកដាក់ អ្វីដែលលោកមិនពេញចិត្តយើងនឹងចាត់វិធានការភ្លាម ដើម្បីទប់ស្កាត់ ឬក៏កែប្រែ»។
លោកបន្តថា៖ «ដូច្នេះខ្ញុំថា វាជាកិច្ចសហការគ្នារវាងគណបក្ស ជាពិសេសគណបក្សទាំង២ហ្នឹង ដោយមានការគាំទ្រពីប្រជាពលរដ្ឋ។ ហើយយើងក៏នឹងណែនាំ[សមាជិកគណបក្ស] ខ្ញុំជឿថាខាងគណបក្សប្រជាជនលោកក៏ណែនាំខាងលោកដែរ ដូចជាឯកឧត្តម សម្តេចក្រឡាហោម តែងណែនាំសមាជិកគណបក្សប្រជាជនដែរ កុំឱ្យនិយាយអីប៉ះពាល់ ឬក៏រើសអើងទៅដល់គណបក្សមួយទៀត។ នេះជាជំហររួមគ្នា ដែលយើងបន្តប្រុងប្រយ័ត្ន និងកែប្រែឱ្យបានកាន់តែប្រសើរឡើង។ បាទ!»។
បើតាមលោក សុន ឆ័យ ទាំងប្រធានគណបក្សភ្លើងទៀន ថ្នាក់ដឹកនាំនិងសមាជិកគណបក្សបានស្រុះស្រួលគ្នាថាចង់ឱ្យមានការប្រាស្រ័យទាក់ទងជាមួយគណបក្សប្រជាជនកម្ពុជាឱ្យបានជាប់លាប់ និងបង្កើតយន្តការមួយជាមួយគ្នា ដើម្បីដោះស្រាយនូវបញ្ហា ឬចំណុចខ្វះខាត ដែលនៅសេសសល់ឱ្យបានចប់។ លោកបន្តថាគណបក្សភ្លើងទៀន ក៏កំពុងពិចារណា ទាក់ទងការធ្វើលិខិតរបស់ប្រធានគណបក្សភ្លើងទៀន ដាក់ជូនទៅប្រធានគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីជួបជជែកគ្នា និងដោះស្រាយបញ្ហារួមគ្នាផងដែរ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក គី តិច មេធាវីតំណាងគណបក្សប្រជាជនកម្ពុជាបាននៅឡើយទេ។
នៅថ្ងៃសុក្រនេះ គណបក្សភ្លើងទៀនបានសេចក្តីថ្លែងការណ៍ថ្មីមួយ ដោយបញ្ជាក់ថាគណបក្សភ្លើងទៀន «អបអរសាទរ» ចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ជាក់ពី«ភាពស្អាតស្អំ ត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរ»របស់គណបក្សប្រជាជនកម្ពុជា។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលយល់ថា គណបក្សនីមួយៗ គួរតែមានយន្តការច្បាស់លាស់រៀងៗខ្លួន និងត្រូវដឹងថាតើការលើកឡើងរបស់ខ្លួនមានភាពពិតប្រាកដដែរឬទេ។
លោកបន្តថាការផ្សះផ្សារនយោបាយ មិនអាចកើតឡើងដោយការប្តឹងផ្តល់ ឬហែកហួរគ្នា ក្នុងទម្រង់គុំគួនគ្នានោះទេ ព្រោះលោកថាការប្តឹងផ្តល់លើមតិនយោបាយ ឬឈ្នះចាញ់ដោយប្រើតុលាការ លើការទម្លាក់កំហុស ឬបំបាក់ដៃគូប្រកួតប្រជែងគ្នា អាចរឹតតែបង្កើនស្ថានភាពតឹងតែងនៃការបោះឆ្នោត ដែលនាំឱ្យក្រោយការបោះឆ្នោត គឺអ្នកឈ្នះមិនសប្បាយចិត្ត ចំណែកអ្នកចាញ់មិនអស់ចិត្ត។ ដូច្នេះលោកថាការជជែករកផ្លូវដោះស្រាយវិវាទនយោបាយ ឬការរិះគន់លើគោលនយោបាយជារឿងល្អសម្រាប់ដៃគូប្រកួតប្រជែង។
លោកប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធតេឡេក្រាមថា៖ «ខ្ញុំយល់ថាគណបក្សនយោបាយនីមួយៗ មានគោលនយោបាយផ្សេងៗគ្នា មិនដូចគ្នា តែរឿងលើកឡើងថាការចូលរួមផ្នែកនយោបាយដោយគ្មានការគម្រាមកំហែង គួរតែស្តាប់គណបក្សនីមួយៗ លើកពីបញ្ហាប្រឈម និងទទួលស្គាល់អ្វីជាភាពពិត និងដោះស្រាយ ទើបវាចូលរួមដំណើរការល្អ ក្នុងការប្រកួតប្រជែង»៕