ក្រុម​ចរចា​របស់​គណបក្ស​ជាប់​ឆ្នោតទាំងពីរ​នៅ​កម្ពុជា​ព្រម​ព្រៀងគ្នាចំណុច​មួយ​ចំនួន

លោក​ព្រំ សុខា​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​​លោក​​​សុន ឆ័យ​​នៃ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​​ធ្វើសន្និសីទ​សារព័ត៌មាន​​ក្រោយ​​កិច្ច​​ប្រជុំ​​ថ្ងៃ​១៨ កុម្ភៈ។​

ចាប់​តាំង​ពី​គណបក្ស​គូជម្លោះ​ទាំង​ពីរ​បាន​បើក​ការ​ចរចា​គ្នា​ដើម្បី​ស្វែង​រក​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​មក​ដល់​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍នេះ​ក្រុមអ្នក​ចរចា​បច្ចេកទេស​ទាំងសងខាង​បាន​ព្រមព្រៀង​គ្នា​១៤​ចំណុចធំៗ​ ក្នុង​នោះ​មាន​ចំណុចមួយបញ្ជាក់​ពី​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត ​ក៏​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឲ្យច្បាស់​ថា​ គណបក្ស​ទាំង​ពីរ​នឹង​ព្រម​ព្រៀង​គ្នា​ថា​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ ឬ​ក៏​យ៉ាង​ណាទេ។​

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះរវាង​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​ ក្នុង​ក្រប​ខណ្ឌកំណែ​ទម្រង់​បោះ​ឆ្នោត​ គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នារៀប​ចំការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ដើម្បី​ធានា​សិទ្ធិរបស់​ប្រជាពលរដ្ឋ​គ្រប់​រូប។​

ការ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុរបស់​គណបក្ស​នយោបាយ​ ការ​កែទម្រង់​ស្ថាប័ន​រៀបចំ​បោះ​ឆ្នោត​ អព្យាក្រិត្យភាព​ និង​សុចរិតភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ។

យន្តការ​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ ការ​អង្កេត​ការណ៍​បោះ​ឆ្នោត​ អព្យាក្រិត្យ​ភាព​នៃ​មន្ត្រី​រាជការ​ កង​កម្លាំងប្រដាប់​អាវុធ​ កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ បទបញ្ជា ​និង​និតិវិធី​នៃ​ការ​បោះ​ឆ្នោត​ ការ​កែ​សម្រួល​និង​ការ​ពង្រឹង​ទោស​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ ការ​ឃោសនា​បោះ​ឆ្នោត​ ការ​បោះ​ឆ្នោត​មេភូមិ​ និង​ការ​ស្ទង់​មតិ។

លោក​សុន ឆ័យ ប្រធាន​ក្រុម​គណៈកម្មការចរចា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ក្នុង​អង្គ​សន្និសីទ​កា​សែតថា ​គណបក្ស​ទាំងពីរ​បាន​សម្រេចថា​ ចំណុច​អាទិភាព​ ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​នៃ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ជាមួយ​និង​បែប​បទ​នៃ​ការ​រៀបចំ​សិក្ខា​សាលានោះ​នឹង​ត្រូវ​យក​ទៅ​ជជែក​គ្នា​នៅ​ថ្ងៃទី​២៤​សប្តាហ៍ក្រោយ​នេះ។​

លោក​និយាយ​ថា៖ ​«ដូច្នេះ​យើង​យល់​ថា​ ជាការ​បោះ​ជំហានមួយ​ជំហាន​ ​ក្នុង​ការ​ដែល​គណបក្ស​សង្គ្រោះជាតិ​ ដូច​បាន​ជំរាប​ បំណង​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​ចង់​ឃើញ​ឲ្យមាន​ការ​កែទម្រង់​ពិត​ប្រាកដ​ ចំ​លើ​ចំណុច​ចាំបាច់​ ចំណុច​ជា​អាទិភាព»។​

ក្នុង​ចំណោម​ចំណុច​ទាំង​១៤ដែល​បាន​អនុម័ត​ចំណុច​គឺ​ភាគ​ច្រើន​ស្នើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះជាតិ។ ក៏ប៉ុន្តែ​មុន​ការ​អនុម័ត​ជាផ្លូវ​ការ​នូវ​ចំណុច​ទាំង​អស់​នោះ​ គណបក្ស​ទាំង​ពីរ​នឹង​ត្រូវ​ធ្វើ​សិក្ខាសាលា​ថ្នាក់ជាតិ​ និង​ត្រូវ​ស្នើ​សុំ​យោបល់​ពី​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​គណបក្ស​និមួយៗ​ជាមុន​សិន។​

លោក​ ប៊ិន ឈិន​ ប្រធាន​ក្រុម​គណៈ​កម្មការចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា​ ប្រធាន​បទ​ទាំង​១៤​នឹង​ត្រូវ​ដាក់​ទៅ​សិក្ខាសាលា​ថ្នាក់​ជាតិ​ទាំង​អស់។​

លោក​និយាយ​ថា៖​ «សិក្ខាសាលា​ទាំង​ថ្នាក់ជាតិ​ក៏ដូច​ជា​វេទិកាសាធារណៈនៅ​ឯមូលដ្ឋាន​ដែរ។​ ​ឯ​បញ្ហា​ដែល​យើង​ត្រូវ​ពិភាក្សា​អំពី​អាទិភាព ឬបែប​បទ​នៃ​ការ​ធ្វើ​សិក្ខាសាលា​ថ្នាក់​ជាតិ ​ឬក៏​ធ្វើ​វេទិកាសារធារណៈ​ យើង​នឹង​ពិភាក្សា​បន្ថែម​ទៀត​នៅ​សប្តាហ៍ក្រោយ»។​

លោក​ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ដំណើរការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​នីចហ្វិក​ មាន​ប្រសាសន៍​ថា​ ការ​ព្រមព្រៀង​គ្នា​ទាំង​១៤​ចំណុច​នេះ​ជា​លទ្ធផល​មួយ​ដ៏​ល្អប្រសើរ ​ហើយ​លោក​សង្ឃឹម​ថា​ គណបក្ស​ទាំង​ពីរ​នឹង​ព្រមព្រៀង​គ្នា​បន្ថែម​ទៀត ​ដើម្បី​ធ្វើការ​កែ​សម្រួល​នូវ​រាល់​លក្ខខណ្ឌ​លំបាក​ទាំង​ឡាយ​ ក្នុង​ការ​ធ្វើ​ឲ្យពលរដ្ឋ​ខ្មែរ​បាន​មើល​ឃើញ​ពន្លឺ​លទ្ធផល​នៃ​ការ​ឆ្នោត​របស់​ពួក​គេ៕