ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​គ្រោង​ដាក់​ឲ្យ​អ្នក​នយោបាយ​មាន​សញ្ជាតិ​តែ​មួយ


លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​កម្ពុជា ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ២០១៣ ក្រោយ​ពេល​លោក​ធ្វើ​មាតុភូមិ​និវត្តន៍​​​បន្ទាប់​ពី​បាន​រស់​នៅ​ក្រៅ​ប្រទេស​អស់​ជាង​៣​ឆ្នាំ។
លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​កម្ពុជា ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ២០១៣ ក្រោយ​ពេល​លោក​ធ្វើ​មាតុភូមិ​និវត្តន៍​​​បន្ទាប់​ពី​បាន​រស់​នៅ​ក្រៅ​ប្រទេស​អស់​ជាង​៣​ឆ្នាំ។
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​គម្រោងឲ្យ​អ្នក​នយោបាយ​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​ក្នុងតុ​ចរចាជាមួយ​និង​គណបក្ស​សង្គ្រោះជាតិ ក្នុង​ខណៈ​ពេល​ការ​ចរចានៃ​គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ​មិន​ទាន់​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ណា​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ពាក់​ព័ន្ធ​នឹង​កំណែ​ទម្រង់​បោះ​ឆ្នោត​នោះ។​

លោក​ ឈាង វ៉ុន​ សមាជិក​ក្រុម​ចរចាខាង​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ៍​នេះ​ថា​ តាម​យោបល់ផ្ទាល់​ខ្លួន ​លោក​មាន​គម្រោងស្នើ​ឲ្យអ្នក​នយោបាយ​ និង​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​តែ​មាន​សញ្ជាតិ​តែ​មួយ​គឺ​សញ្ជាតិ​ខ្មែរមុន​នឹង​សម្រេចធ្វើ​ជា​អ្នក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​

លោកឈាង វ៉ុន​ជា​អតីត​អ្នក​គ្រប់​គ្រង​ធនាគារ​ឯក​ជន​មួយ​ក្នុង​ប្រទេស​បារាំង​ហើយ​បាន​ចូល​សញ្ជាតិ​បារាំង​កាលពី​ឆ្នាំ​១៩៨៧។​ ​លោក​បាន​បញ្ជាក់​ថា​ ការ​ស្នើ​សុំឲ្យអ្នក​នយោបាយ​មាន​សញ្ជាតិ​តែមួយ​នោះ​ ធ្វើឡើងដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ​ និង​ប្រជារាស្ត្រ​ខ្មែរ។​

លោក​និយាយ​ថា៖​ «អ្នក​នយោបាយ​ទទួល​ខុស​ត្រូវ​ផល​ប្រយោជន៍​ជាតិ ថា​តើ​យើង​គួរ​លា​សញ្ជាតិ​ទី​ពីរ​របស់​យើងវិញ​ទេ ​ឬ​ក៏​យ៉ាងណា​ ដើម្បី​ឲ្យស្រប​តាម​ការ​អនុវត្ត​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​ប្រទេស​ខ្លះ​ចាំបាច់​តម្រូវ​ឲ្យមាន​សញ្ជាតិ​តែ​មួយ»។​

ការ​លើក​ឡើង​របស់​លោកឈាង វ៉ុន​បាន​កើត​មាន​ឡើង​ក្នុងខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​បើក​ការ​ចរចាជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ពាក់​ព័ន្ធ​នឹង​កំណែទម្រង់​បោះ​ឆ្នោត។ ​ក៏​ប៉ុន្តែ​គម្រោងដាក់​ស្នើ​ឲ្យមាន​សញ្ជាតិ​តែមួយ​មិន​ទាន់​លើក​ឡើង​ក្នុង​តុ​ចរចានៅ​ឡើយ​ទេ។​

កន្លង​មក​ នៅ​ប្រទេស​ភូមា​ ក្រោយ​ពី​អ្នក​ស្រី​អ៊ុង សាង​ស៊ូជី​ មេដឹក​នាំ​គណបក្ស​ប្រឆាំង​កំពុង​មាន​ប្រជាប្រិយភាព​នោះ​ ​អ្នក​នយោបាយ​ដែល​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​ បាន​ទាមទារ​ឲ្យអ្នក​ស្រី​ត្រូវ​តែ​មាន​សញ្ជាតិ​តែមួយ​ ដោយ​សារ​តែ​អ្នក​ស្រី​បាន​ស្វាមី និង​មាន​សញ្ជាតិ​អង់គ្លេស។​
នៅ​ប្រទេស​កម្ពុជា​ មេដឹក​នាំគណបក្ស​សង្គ្រោះជាតិ​គឺ​លោកសម​ រង្ស៊ី​មាន​សញ្ជាតិបារាំង​ដើម​កំណើត​ខ្មែរ​ ហើយ​កំពុង​មាន​ប្រជាប្រិយ​ភាពកម្ពុជា​សព្វ​ថ្ងៃនេះ។​

លោកឈាង វ៉ុន​បាន​បញ្ជាក់​ថា​ គំនិត​របស់​លោក​នេះ​មិន​បាន​ចម្លង​ចេញ​ពី​ប្រទេស​ភូមា​ទេ ​ហើយ​ការ​ស្នើ​ឡើង​នេះ​មិន​មែន​ដើម្បី​ប្រឆាំងនឹង​លោក​សម រង្ស៊ី​ទេ​ ​គឺ​ធ្វើឡើង​សម្រាប់​ផល​ប្រយោជន៍​ខ្មែរ​ទាំង​មូល។

លោក សុន ឆ័យ​ តំណាង​ក្រុម​ចរចាខាង​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា​ ការ​ចរចារយៈ​កាល​កន្លង​មក​ពុំទាន់​មាន​ការ​លើក​ឡើង​ពី​អ្នក​នយោបាយ​ត្រូវ​តែ​មាន​សញ្ជាតិ​តែ​មួយ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា​ ការ​ស្នើ​ឲ្យមាន​សញ្ជាតិ​តែ​មួយ​សម្រាប់​អ្នក​នយោបាយ​អាស្រ័យ​តែ​លើ​ការ​សម្រេចចិត្ត​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​ ថា​តើ​គណបក្ស​ណា​មួយ​មាន​ឆន្ទៈ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ជាង​គេ។​

លោក​និយាយ​ថា៖​ «បើ​សិន​ជា​យើង​មិន​ខិតខំ​ធ្វើ​ការ​ឯកភាព​ជាតិ​ ហើយ​ចេះ​តែ​យក​រឿង​ផ្សេងៗ​មក​បង្កើត​ឲ្យមាន​ការ​បែក​បាក់​ហ្នឹង ​នោះ​ការ​ស្រាវជ្រាវ​ការ​រក​ខុស ​រក​ត្រូវ​ពាក់​ព័ន្ធ​នឹង​រឿង​សញ្ជាតិ​ ពាក់​ព័ន្ធ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​ជាតិ​ វា​អាច​នាំ​ទៅ​រក​ការ​សើរ​រើ​ផ្សេងៗ​ដែល​នាំ​ឲ្យមាន​ការ​បែក​បាក់​កាន់​តែ​ធំ»។​

លោកបណ្ឌិត​ ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯករាជ្យ​ស្វាគមន៍ការ​លើក​ឡើង​ឲ្យអ្នក​នយោបាយ​ត្រូវ​តែ​មាន​សញ្ជាតិ​តែ​មួយ។ ​ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ការ​ពិនិត្យ​អ្នក​នយោបាយ​មាន​សញ្ជាតិ​តែ​មួយ​នេះ​មិន​ត្រូវ​ធ្វើ​ឡើង​សម្រាប់​តែ​អ្នក​មាន​សញ្ជាតិ​បារាំង​ទេ។​ អ្នក​ដែល​មាន​សញ្ជាតិ​វៀតណាម​ក៏ត្រូវ​ដាក់​បញ្ចូល​ផង​ដែរ។​

លោក​និយាយ​ថា៖​ «គេគួរ​សើ​រើ​រឿង​ហ្នឹង​ឡើង​វិញ​ពីដើម​មក ​ថា​តើ​ការ​ឲ្យសញ្ជាតិ​ទៅ​ជន​អន្តោប្រវេសន៍​ហ្នឹង​គឺ​ស្រប​ច្បាប់​ឬ​ទេ? ពីព្រោះ​ថា​ ជន​អន្តោប្រវេសន៍​ ជាពិសេស​ជន​ជាតិ​វៀតណាម មក​ប្រទេស​កម្ពុជា​ក្រោយ​ឆ្នាំ​១៩៧៩»។​

ច្បាប់​ចូល​សញ្ជាតិ​ក្នុង​ប្រទេស​កម្ពុជា​តម្រូវ​ឲ្យពលរដ្ឋ​គ្រប់​រូប​ ដែល​ចូល​សញ្ជាតិ​ខ្មែរ ត្រូវរស់​នៅ​ក្នុង​ប្រទេស​អស់​រយៈ​ពេល​៧​ឆ្នាំ​ ត្រូវ​ចេះ​ទំនៀម​ទម្លាប់​ ប្រពៃណី​ខ្មែរ​ ហើយ​ត្រូវ​មានព្រះ​រាជ​ក្រឹត្យ​ទទួល​ស្គាល់​ពី​ព្រះ​មហា​ក្សត្រ​ និង​ចុងក្រោយ​គេ​ស្បថ​នៅ​ចំពោះមុខ​តុលាការកំពូល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG