ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចរចា​កែ​ទម្រង់​ការ​បោះឆ្នោត​ត្រូវ​ស្ទះ


លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក​សម រង្ស៊ី​ នៅ​មុន​ជំនួប​​មួយ​នៅ​រដ្ឋសភា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​ឆ្នាំ​២០១៣។
លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក​សម រង្ស៊ី​ នៅ​មុន​ជំនួប​​មួយ​នៅ​រដ្ឋសភា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​ឆ្នាំ​២០១៣។
ការ​ចរចាដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ទ្រឹង​មិន​ទៅមុខ។ នេះ​គឺ​ជា​ការ​កត់​សម្គាល់របស់​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​នៅ​ថ្ងៃ​អង្គារ​នេះ។​

លោក​សម រង្ស៊ី​សរសេរ​នៅ​ក្នុងលិខិត​កំណត់​ហេតុ​ជូន​សហគមន៍​អ្នក​ការទូតស្តី​អំពី​ស្ថាន​ភាព​នយោ​បាយ នៅ​រសៀល​ថ្ងៃ​នេះ​ថា៖​ «ការ​ចរចារវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិស្តី​ពី​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​នឹង​ថ្កល់​មិន​ទៅមុខ»។​

លោក​សម រង្ស៊ី​ពន្យល់​ថា​ មូលហេតុ​ដោយសារគណបក្ស​ប្រជាជន​កម្ពុជាបដិសេធ​មិន​ពិភាក្សាសម្រាប់​ការ​ផ្លាស់​ប្តូរ​សមាស​ភាព​គណៈ​កម្មា​ធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប.)។​

មេដឹក​នាំ​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ ការ​ផ្លាស់​ប្តូរ​សមាស​ភាព​គ.ជ.ប.​នេះ​គឺ​ជា​បញ្ហា​«ស្នូល»​សម្រាប់ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ហើយ​ដែល​«ស្ថាប័ន​នេះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​គណ​បក្ស​កាន់​អំណាច​ក្នុង​ពេល​បច្ចុ​ប្បន្ន​នេះ»។

កំណត់​ហេតុ​របស់​មេ​ដឹក​នាំ​គណបក្ស​ជំទាស់​ដាក់ជូន​អង្គទូត​នេះ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពីគណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ខក​ខាន​មិន​បានឯកភាព​គ្នា​លើ​របៀបអនុម័តការ​ជ្រើសតាំង​សមាស​ភាព​គ.ជ.ប.​ ​ហើយ​ការ​ខក​ខាន​នេះ​បាន​នាំ​ឲ្យ​គណបក្ស​ទាំង​ពីរ​មិន​អាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​បាន។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដោយ​ឡែកៗ​ពី​គ្នា កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈ​កម្មការចម្រុះដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត គណបក្ស​គូជម្លោះ​នយោបាយ​ទាំង​ពីរ​លើក​ឡើង​ថា​ ការ​មិន​ចុះ​សម្រុង​គ្នា​នោះមាន​ពីរ​ចំណុច​ ពោល​គឺ​ចំណុច​ដែល​ត្រូវ​ដាក់​ឲ្យ​គ.ជ.ប.​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ​និង​ចំណុច​មួយ​ទៀត​គឺការ​បោះឆ្នោតតែង​តាំងសមាជិក​គ.ជ.ប.​ត្រូវ​មានសម្តែង២ភាគ​៣​គាំទ្រពី​សមាជិកសភា​ទាំង​មូល។​

ចំណុច​ទាំង​ពីរ​នេះ​ត្រូវ​ស្នើ​ដោយគណបក្ស​សង្គ្រោះ​ជាតិ។​

លោក​យ៉ែម ​ប៉ុញ្ញរិទ្ធ ​សមា​ជិក​មួយរូប​នៅ​ក្នុង​គណៈ​កម្មការ​ចម្រុះ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ គណបក្ស​របស់​លោក​រក្សា​ជំហរ​ទាម​ទារឲ្យការ​ជ្រើស​តាំង​សមាស​ភាព​គ.ជ.ប.​នេះ​ត្រូវ​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​មាន​ការ​ឯក​ភាព​គ្នា​រវាង​គណបក្ស​ជាប់ឆ្នោត។​

«ស្ថាប័ន​ហ្នឹង​សំខាន់​ ទើប​យើង​ស្នើ​សុំ​ឲ្យ​ដាក់​បញ្ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ​តែ​ម្តង។​ ហើយការ​អនុម័ត​សមាស​ភាព​ស្នើ​ឲ្យ​មាន​ពីរ​ភាគ​បី​ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​រវាង​គណបក្ស​ទាំង​អស់។ ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជំទាស់​ តែ​គាត់​ថា​ នឹង​សួរ​ថ្នាក់​ដឹក​នាំ​របស់​គាត់។​ ដូច្នេះ​យើង​នៅ​ចាំ​ចម្លើយ។​ បើ​សិន​ជា​នៅ​ចឹង​ទៀត​នោះ ​វា​នឹង​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​កាន់​តែ​អូស​បន្លាយ»។​

ដោយ​ឡែក​វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​ការបំភ្លឺ​ពីលោក​ជាម យៀប ​សមាជិក​មួយ​រូប​នៃ​គណៈ​កម្មការ​ចម្រុះ​និង​ជា​តំណាងរាស្ដ្រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ទោះជា​យ៉ាង​ណា​ ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ខ្លួនកាលល្ងាច​ថ្ងៃ​ច័ន្ទ​ គណបក្ស​កាន់​អំណាចបាន​ទទួល​ស្គាល់​ថា​ ខ្លួន​មិន​យល់ស្រប​តាម​សំណើ​ឲ្យ​ដាក់​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​ឲ្យ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ ​និង​ខ្លួន​មិន​ឯកភាព​លើ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គ.ជ.ប.​ ដោយ​សម្តែង២​ភាគ​៣​នៃ​សម្តែងសរុប​របស់​សមាជិក​សភា។​

ជា​មួយ​គ្នា​នេះ​គណបក្ស​ប្រជាជន​កម្ពុជាបាន​សម្តែងការ​សោកស្តាយ​ដោយ​ហេតុ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទទូច​ទាមទារ​ចំណុច​នេះ។​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមាន​ថា ការទាម​ទារ​នេះ​នឹង​បង្ក​ការ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ចរចាអំពី​ការ​កែ​ទម្រង់​ការ​បោះឆ្នោត។​

លោក​គល់ ​បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ឈ្មោះ​ថា ​ខុមហ្វ្រែល ​មាន​ប្រសាសន៍​ថា​ ភាព​មិន​ត្រូវ​គា្ន​រវាង​គណបក្ស​ទាំង​ពីរ​នៅ​តែ​ជា​រឿងព្រួយ​បាម្ភ។​

«បើ​សិនជា​ពេលវេលា​ចេះ​តែ​អូស​បន្លាយ​អញ្ចឹង​ វា​ជា​ការ​ព្រួយ​បារម្ភ​ដែរ​ហើយ​នៅ​តែ​មិន​បាន​លទ្ធ​ផល​អ្វីធំដុំ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ»។​

យ៉ាង​ណាក៏​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​បាន​កំណត់​រួច​ជា​ស្រេច​ទៅ​ហើយ​ថា ​នឹង​បើក​ការ​ចរចាកម្រិតក្រុម​បច្ចេកទេស​ចម្រុះបន្ត​ទៀត​ នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG