ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រាប់ពាន់នាក់បានធ្វើបាតុកម្មដើម្បីកត់សម្គាល់ខួបមួយឆ្នាំនៃការបង្ក្រាបរបស់រដ្ឋាភិបាលភូមាលើជនជាតិភាគតិចនេះ ដែលបានបង្ខំឲ្យពួកគេភៀសខ្លួនឆ្លងកាត់ព្រំដែនចូលទៅប្រទេសបង់ក្លាដែស បង្កើតជំរំជនភៀសខ្លួនធំបំផុតលោកពិភពលោក។
ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មនិងបានអធិដ្ឋានកាលពីថ្ងៃសៅរ៍នៅក្នុងជំរំជនភៀសខ្លួននៅតំបន់ Cox'sBazar ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ជនជាតិភាគតិចមូស្លីមនេះ។ មន្ត្រីអន្តរជាតិបានហៅការបង្រ្កាបនេះថា ជាការបំបាត់់ជាតិសាសន៍នៅរដ្ឋ Rakhine ប្រទេសភូមា។ រដ្ឋាភិបាលភូមាឬមីយ៉ាន់ម៉ា បានបកស្រាយថា ការបង្ក្រាបគឺជាសកម្មភាពស្របច្បាប់របស់ក្រុមមន្ត្រីសន្តិសុខទៅពួកសកម្មប្រយុទ្ធមូស្លីម។ រដ្ឋាភិបាលមីយ៉ាន់ម៉ា និយាយថា ឥឡូវនេះមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនត្រឡប់ទៅផ្ទះវិញហើយ។
ប៉ុន្តែជនភៀសខ្លួនដែលបានរួចជីវិតពីការបង្ក្រាបនេះកាលពីមួយឆ្នាំមុន បានប្រាប់បុគ្គលិកជំនួយនៅប្រទេស បង់ក្លាដែសអំពីយុទ្ធនាការដ៏ក្ដៅគគុកដែលមនុស្សជាទីស្រឡាញ់របស់គេត្រូវបានគេចាប់រំលោភនិងសម្លាប់នៅពីចំពោះមុខពួកគេ។ ពួកគេរៀបរាប់ថា ភូមិរបស់ពួកគេត្រូវបានដុតបំផ្លាញ ហើយគ្រាប់មីនត្រូវបានគេកប់ មិនឲ្យពួកគេអាចត្រឡប់ទៅវិញបាន។
ជនជាតិរ៉ូហ៊ីងយ៉ា កន្លះលាននាក់បានភៀសខ្លួនទៅប្រទេសបង់ក្លាដែសនៅក្នុងខែដំបូង ហើយប្រហែល២០ម៉ឺននាក់ទៀតបានភៀសខ្លួនទៅក្នុងពេលប៉ុន្មានខែក្រោយមក។ អង្គការសហប្រជាជាតិបាននិយាយនៅសប្តាហ៍នេះថា ខ្លួននៅតែបន្តទទួលបានរបាយការណ៍អំពីអំពើហិង្សា ហើយ រវាងខែមករានិងខែមិថុនាឆ្នាំនេះមានជនភៀសខ្លួនថ្មីជាង១ម៉ឺន១ពាន់នាក់បានមកដល់ប្រទេសបង់ក្លាដេស៕