លោក Robert Trump ដែល​ជា​ប្អូន​ប្រុស​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ស្លាប់​ក្នុង​អាយុ ៧១ ឆ្នាំ

រូបឯកសារ៖ លោក Robert Trump ឱប​បងប្រុស​របស់​លោក គឺ​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ ដែល​ទើប​នឹង​ជាប់​ឆ្នោត កាល​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៦។

លោក Robert Trump ដែល​ជា​ប្អូន​ប្រុសបង្កើត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្នុង​អាយុ ៧១ ឆ្នាំ ក្រោយ​ពី​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង New York។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​លោក​ប្រធានាធិបតី Trump។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា លោក​ប្រធានាធិបតី Trump បាន​ទៅ​សួរ​សុខទុក្ខ​ប្អូន​ប្រុស​របស់​លោក​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង New York កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​មន្ត្រី​សេតវិមាន​ថា ប្អូន​ប្រុស​របស់​លោក​ឈឺ​ធ្ងន់។

លោក Robert Trump ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​បាន​បញ្ជូន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ក្នុង​មន្ទីរពេទ្យ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​នៅ​ក្នុង​ខែ​សីហា​នេះ។

លោក​ប្រធានាធិបតី Donald Trump បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​ប្រកាស​ដោយ​ក្រៀមក្រំ​យ៉ាង​ខ្លាំង​ថា ប្អូន​ប្រុស​ដ៏​អស្ចារ្យ​របស់​ខ្ញុំ​ឈ្មោះ Robert បាន​ស្លាប់​កាល​ពី​យប់មិញ។ គាត់​មិន​ត្រឹមតែ​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​នឹក​គាត់​យ៉ាង​ខ្លាំង ប៉ុន្តែ​យើង​នឹង​ជួប​គ្នា​ម្ដង​ទៀត។ បេះដូង​របស់​ខ្ញុំ​នឹង​ចងចាំ​គាត់​ជា​រៀង​រហូត។ Robert បង​ស្រលាញ់​ប្អូន។ សូម​ប្អូន​ទៅ​កាន់​សុគតិភព»។

លោក Robert Trump បាន​ចាប់ផ្ដើម​អាជីព​របស់​លោក​ផ្នែក​ហិរញ្ញវត្ថុ ប៉ុន្តែ​ក្រោយ​មក​បាន​ប្រឡូក​នៅ​ក្នុង​អាជីវកម្ម​របស់​គ្រួសារ ដោយ​គ្រប់គ្រង​ភាគហ៊ុន​អចលនទ្រព្យ​ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​កំពូល​មួយ​រូប​នៃ​អាជីវកម្ម​ត្រកូល Trump។

លោក Robert Trump កើត​ក្នុង​ឆ្នាំ ១៩៤៨។ លោក​គឺជា​កូន​ពៅ​ក្នុង​ចំណោម​កូន ៥ នាក់​របស់​លោក Fred Trump ដែល​ជា​អ្នក​វិនិយោគ​ខាង​អចលនទ្រព្យ​ក្នុង​ទីក្រុង​ញូវយ៉ក៕