ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​២០​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​បាន​ឆ្លង​កូវីដ១៩​​ ដោយ​​អាមេរិក​បន្ត​មាន​ការ​រាតត្បាត​ធ្ងន់ធ្ងរ


រូបឯកសារ៖ ក្រុមអ្នកសង្គ្រោះបន្ទាន់បានដឹកអ្នកជំងឺចេញពីរថយន្តសង្គ្រោះ ឆ្ពោះទៅកាន់មន្ទីរពេទ្យ Coral Gables សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្បែរទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០។

វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩ នៅ​ពេល​នេះបាន​ឆ្លង​ដល់មនុស្ស​ជាង ២០​លាន​នាក់ ​នៅ​ជុំវិញ​ពិភពលោក​ ហើយ​ជំងឺ​រាតត្បាតនេះ​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ​៧៦០.០០០​នាក់ គិត​ត្រឹម​ថ្ងៃ​សុក្រ។ នេះ​បើ​តាម​តួលេខ​ពី​សាកលវិទ្យាល័យ Johns Hopkins។

សហរដ្ឋ​អាមេរិក​បន្តមាន​ការ​រាតត្បាត​ខ្លាំង​ជាង​គេ​ ដោយ​នៅ​ពេល​នេះ​ មាន​អ្នក​ឆ្លង​ជាង​ ៥,២លាន​នាក់ និង​អ្នក​ស្លាប់​ជាង​ ១៦៧.០០០​នាក់ ហើយរបៀប​ចាត់​ចែង​នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​នេះ​ក៏​បាន​ចូល​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយឃោសនា​បោះឆ្នោត​ដែរ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​មិន​ទាន់​ទទួល​បាន​ការ​តែងតាំង​ផ្លូវការ​នៅឡើយ បាន​ទទូច​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់ពាក់​ម៉ាស់​មុខ​ នៅ​ពេល​ចេញ​ទៅ​ក្រៅ​ ក្នុង​រយៈពេល​យ៉ាង​តិច​៣​ខែ​ទៀត។ លោក​ក៏​បាន​ទទូច​ឲ្យ​អភិបាល​រដ្ឋ​នានា​ ចេញ​បញ្ជាតម្រូវ​ឲ្យ​ពាក់​ម៉ាស់ដោយ​លោក​លើក​ពី​ការ​ប៉ាន់​ស្មាន​របស់​អ្នក​ជំនាញ​ថា ការ​ពាក់​ម៉ាស់​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ ៤០.០០០​នាក់។

ការ​លើក​ឡើង​របស់​លោក Biden នេះ ​គឺ​ក្នុង​គោលបំណងធ្វើ​ឲ្យ​ខុស​ពីរបៀប​គ្រប់គ្រង​ស្ថានភាព​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​កម្រ​ពាក់​ម៉ាស់​ ហើយ​បដិសេធ​មិនទទូច​ឲ្យ​អភិបាល​រដ្ឋ​ចេញ​បញ្ជា​តម្រូវ​ការ​ពាក់​ម៉ាស់ ដោយ​ទុក​ឲ្យ​ការ​សម្រេច​នេះ​ទៅ​លើ​រដ្ឋ​នីមួយៗ​ជា​អ្នក​សម្រេច។

លោកប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​ចោទប្រកាន់ថា​លោក ចូ បៃដឹន​ យកបញ្ហា​នេះ​ជារឿង​នយោបាយ​ ព្រោះការពាក់ម៉ាស់​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គាំងដំណើរការ​ ហើយ​ពលរដ្ឋ​ធុញថប់​ចង់​តែ​នៅ បន្ទប់​ក្រោមដី​ រហូតដល់​ចប់​វិបត្តិ​សុខភាព​នេះ។

មន្ត្រី​រដ្ឋ​កាលីហ្វ័រញ៉ា​និយាយ​ថា ប្រព័ន្ធ​រាយការណ៍​តួលេខ​កូវីដ១៩ ​របស់​រដ្ឋ​នេះ​បាន​រាយការណ៍​ខ្វះ​តួ​លេខ​អ្នក​ឆ្លង​កូវីដ​១៩ ​រហូត​ដល់​ប្រមាណ​ ៣០០.០០០​ករណី។ បើ​តាម​ទិន្នន័យ​របស់​កាសែត ​New York Times ត្រឹម​ថ្ងៃ​សុក្រ​បង្ហាញ​ថា រដ្ឋ​កាលីហ្វ័រញ៉ា​ជា​រដ្ឋ​ដំបូង​របស់​អាមេរិក​ ដែល​មាន​ករណី​ឆ្លង​លើស​ ៦០០.០០០​ករណី និង​អ្នក​ស្លាប់​ជិត ​១១.០០០​នាក់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក គឺ​លោក​វេជ្ជបណ្ឌិត​ Anthony Fauci បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ថា លោក​បាន​សង្ឃឹម​ថា ​មក​ដល់​ពេល​នេះ​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋ​អាមេរិក ​មិន​បន្ត​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ ដូច​នៅ​ពេល​នេះ​ទេ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG