Your browser doesn’t support HTML5
ភ្នំពេញ៖ ក្រុមយុវជនដែលធ្វើការងារសង្គមនិយាយថា ពួកគេនៅតែប្រឈមមុខខ្ពស់ចំពោះសុវត្ថិភាពនិងសន្តិសុខផ្ទាល់ខ្លួន ព្រមទាំងការបៀតបៀនរាងកាយនៅក្នុងអំឡុងពេលដែលពួកគេបំពេញការងាររបស់ខ្លួន។
កញ្ញា ឡុង គឹមហ៊ាង មន្ត្រីជាន់ខ្ពស់ខាងទំនាក់ទំនងនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលធ្វើការងារគាំទ្រជនរងគ្រោះនៃការរំលោភដីធ្លីនៅសហគមន៍បឹងកក់ បានថ្លៃងនៅក្នុងបទសម្ភាស៍មួយជាមួយវីអូអេកាលពីពេលថ្មីៗនេះថា នៅក្នុងពេលប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ានិងអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរខ្លះបានឆ្លៀតឱកាសប៉ះពាល់រាងកាយរបស់នាងដោយឥតអៀនខ្មាស់។
«អាជ្ញាធរខ្លះគាត់បន្លំ ពេលដែលខ្ញុំទៅឃាត់នៅពេលដែលមានប្រជាជនអ្នកតវ៉ាត្រូវគេវាយអីហ្នឹង យើងទទួលបានការបន្លំ ការប៉ះលូកលាន់ពីមន្ត្រីអាជ្ញាធរ ឬសន្តិសុខមួយចំនួនដែលគាត់អសីលធម៌ហ្នឹង។»
កញ្ញា គឹមហ៊ាងដែលជានិច្ចជាកាលបានតាមដាននិងថតរូបភាពនៃការតវ៉ានានារបស់ពលរដ្ឋកន្លងមកបន្តទៀតថា ពេលខ្លះកញ្ញាក៏ប្រឈមនឹងអសន្តិសុខផ្ទាល់ខ្លួនដែរ ជាពិសេសនៅពេលដែលកញ្ញាព្យាយាមថតផ្តិតយករូបភាពនៃការបង្រ្កាបរបស់កងកម្លាំងអាជ្ញាធររដ្ឋាភិបាលទៅលើក្រុមអ្នកភូមិជាដើមនោះ។
«ខ្ញុំត្រូវបានសន្តិសុខចាប់ខ្លួននៅពេលដែលខ្ញុំថតសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋនិងឃ្លាំមើលការចាប់ខ្លួនរបស់អ្នកភូមិ។»
ចាប់តាំងពីដើមខែមុន អាជ្ញាធររដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការបំបែកការតវ៉ារបស់ក្រុមអ្នកភូមិរងគ្រោះដោយសារការរំលោភដីធ្លី ការតវ៉ានៅនឹងកន្លែងរបស់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង និងក្រុមកម្មកររោងចក្រកាត់ដេរដែលតវ៉ាទាមទារតំឡើងប្រាក់ឈ្នួលជាដើម។
នៅថ្ងៃទី៣ខែមករា កងកម្លាំងសន្តិសុខរដ្ឋាភិបាល បានបើកការបាញ់រះទៅលើក្រុមកម្មកររោងចក្រកាត់ដេរនៅលើផ្លូវវ៉េងស្រេង ក្រុងភ្នំពេញ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់ របួសជាង៤០នាក់ និងបាត់ខ្លួនម្នាក់។ ក្រុមគ្រួសាររបស់ក្មេងជំទង់ដែលបាត់ខ្លួននោះ សន្មត់ថា កូនរបស់ពួកគេបានស្លាប់បាត់ទៅហើយ បន្ទាប់ពីទទួលព័ត៌មានថា មានសាក្សីឃើញផ្ទាល់ភ្នែកថា កូនរបស់ពួកគេត្រូវបានអាជ្ញាធរបាញ់និងលើកដាក់រថយន្តយកទៅបាត់ស្រមោលតាំងពីថ្ងៃនោះមក។
លោក ជន ចាន់រ៉ែន អ្នកឃ្លាំមើលស្ម័គ្រចិត្តម្នាក់របស់អង្គការខុមហ្វ្រែល បានថ្លៃងនៅក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃទី១០ខែកុម្ភៈថា ការគិតថា ការបង្ក្រាបរបស់អាជ្ញាធរទៅលើក្រុមអ្នកតវ៉ា នឹងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋឈរមើលឬអ្នកឃ្លាំមើលសិទ្ធិមនុស្សនោះ លែងជាការណ៍ពិតតទៅទៀតហើយ។
«មិនថាយើងប្រយ័ត្នប្រយែងប៉ុណ្ណាទេ យើងមិនប្រាកដថាយើងនឹងមានសុវត្ថិភាពទេ ពីព្រោះកន្លងមក មិនត្រឹមតែបាតុករនិងអាជ្ញាធរទេ សូម្បីតែប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលក៏បានរងរបួសជាច្រើនហើយដែរ»។
លោក ជន ចាន់រ៉ែន ខ្លួនឯងក៏បានទទួលរងរបួសជើង ដោយសារត្រូវដុំថ្ម ដែលគេគប់ចំ ក្នុងខណៈពេលដែលកំពុងឃ្លាំមើលការប៉ះទង្គិចគ្នាដោយហិង្សាមួយរវាងអាជ្ញាធរនិងក្រុមអ្នកគាំទ្រគណបក្សប្រឆាំងនៅឯទីលានប្រជាធិបតេយ្យ។
មិនតែប៉ុណ្ណេះ សូម្បីតែក្រុមអ្នកជួយសង្គ្រោះបឋម ក៏យល់ថា ក្រុមរបស់ពួកគេស្ថិតក្នុងស្ថានភាពគ្មានសុវត្ថិភាពដែរនៅពេលដែលមានការប៉ះទង្គិចរវាងក្រុមអាជ្ញាធររដ្ឋាភិបាលនិងក្រុមបាតុករនោះ។
លោក ឈួន ភក្តិ ប្រធានក្រុមស្ម័គ្រចិត្តសង្គ្រោះបឋមឯករាជ្យ បានថ្លៃងនៅក្នុងកម្មវិធីហេឡូវីអូអេកាលពីសប្តាហ៍មុនថា៖
«សុវត្ថិភាពពួកយើង មានលក្ខណៈផុយស្រួយមែនទែននៅក្នុងស្ថានភាពទាំងនោះ ពីព្រោះខណៈដែលបាតុករនិងអាជ្ញាធរខ្លះសប្បាយចិត្តចំពោះអ្វីដែលយើងបានធ្វើនោះ អ្នកខ្លះក៏មិនសប្បាយចិត្តដែរ ព្រោះពួកគេគិតថា យើងជាអ្នកគាំទ្រគណបក្សប្រឆាំង»៕