ការ​ឡើង​កម្ពស់​ទឹក​សមុទ្រ​គំរាម​កំហែង​ធ្វើ​ឲ្យ​លិច​ភាគ​ខាង​ត្បូង​វៀតណាម​នៅ​ឆ្នាំ​២១០០

  • Ralph Jennings

រូបឯកសារ៖ ទិដ្ឋភាព​នៃ​ទីក្រុង​ហូជីមិញ តាម​បណ្ដោយ​ទន្លេសៃហ្គន ប្រទេស​វៀតណាម។

មនុស្ស​រាល់​គ្នា​ហាក់​ដូច​ជា​បាន​ដឹង​ថា​ នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​​កម្រិត​ទឹក​សមុទ្រ​សាកល​ដែល​បណ្ដាល​មក​ពី​បញ្ហា​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ កំពុង​គំរាម​ជន់​លិច​ទីក្រុង​ហូជីមិញ​នៅ​ឆ្នាំ​២១០០។

វា​មិន​មែន​ជា​អ្វី​ដែល​ថ្មី​សុទ្ធ​សាធសម្រាប់​អារម្មណ៍មនុស្ស​រាល់​គ្នានៅ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដែល​កំពុង​តែ​រីក​ធំ​ឡើង​នៅ​ប្រទេស​វៀតណាម។ ប៉ុន្តែ​មនុស្ស​រាល់​គ្នា​ហាក់​ដូច​ជា​បាន​ដឹង​ថា​ នឹង​មាន​អ្វី​កើត​ឡើង នោះ​គឺ​ថា​កម្រិត​ទឹក​សមុទ្រ​សាកល​ដែល​បណ្ដាល​មក​ពី​បញ្ហា​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុកំពុង​គំរាម​ជន់​លិច​ទីក្រុង​នេះ​នៅ​ឆ្នាំ​២១០០។

ការ​គំរាម​កំហែង​នោះ​លេច​ឡើង​កាល​ពី​ចុង​ខែ​តុលា នៅ​ពេល​ដែល​អង្គការ​ព័ត៌មាន​មិន​រក​ប្រាក់​កម្រៃ​មួយមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​មាន​ឈ្មោះ​ថា Climate Council បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ក្នុង​ទស្សនាវដ្ដី​ Natureដោយ​បាន​លម្អិត​អំពី​ពេល​វេលានិង​ទីតាំង​នៃ​ការ​កើន​ឡើង​កម្រិត​ទឹក​សមុទ្រ​កាន់​តែ​ខ្លាំង។ បើ​តាម​ការ​សិក្សា​ដែល​ផ្សាយ​កាល​ពី​ទី​២៩ ខែ​តុលា​ បាន​បញ្ជាក់​ថា ពលរដ្ឋ​វៀតណាម​ក្នុង​ចន្លោះ​ពី​១០​ភាគ​រយ​រហូត​ដល់ជាង​៣០ភាគរយ​នឹងរង​ផល​ប៉ះ​ពាល់​នេះ។

ទីក្រុង​ហូជីមិញ​ដែល​មានប្រជា​ពលរដ្ឋ​ចំនួន​៩​លាន​នាក់ ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​តិច​តួច​ចំពោះ​ក្ដី​បារម្ភ​នេះ​នា​ពេល​បច្ចុប្បន្ន។ មាន​ការ​សាងសង់​អាគារ​ស្នាក់​នៅ​ខ្ពស់ៗ​ថ្មីៗ​សម្រាប់​អ្នក​ដែល​ចាក​ចេញ​ពី​តំបន់​នានា​នៃ​ប្រទេស​វៀតណាម​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ហូជីមិញ​ដើម្បី​ធ្វើ​ការ​ងារ​ ឬ​បន្ត​ការ​សិក្សា។ ទីក្រុង​ហូជីមិញ​ដើរ​តួ​ជា​មជ្ឈមណ្ឌល​រដ្ឋបាល​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ជា​ច្រើន​ ដែល​ផលិត​ទំនិញ​នៅ​វៀតណាម​សម្រាប់​នាំ​ចេញ ដែល​ទាំង​នេះ​ជា​ប្រភព​នៃ​ការ​កើន​ឡើង​ចំណូល​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំពី​៦​ទៅ​៧​ភាគ​រយ។

ទោះ​យ៉ាង​ណា ទឹក​ជំនន់​តែង​តែ​កើត​មាន​ឡើង​នៅតំបន់​ឆ្នេរនៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុងដែល​សំបូរដោយ​មនុស្ស​រស់​នៅ ដែល​ធ្វើ​ឲ្យ​មនុស្សយល់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ ប្រ​សិន​បើ​តំបន់​ដែល​នៅ​ជាប់​សមុទ្រ​ចិន​ខាង​ត្បូង កើន​ឡើងខ្ពស់​នៅ​ឆ្នាំ​២១០០ ដូច​ដែល​អ្នក​សរសេរ​របាយការណ៍​របស់​អង្គការ​ Climate Central ​បាន​លើក​ឡើង។

និស្សិត​ Do Van Chanh ​អាយុ​២០​ឆ្នាំ​សិក្សា​នៅ​ឯ​សាកល​វិទ្យាល័យ​ទីក្រុង​ហូជីមិញ​និយាយ​ថា៖ «យើង​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ វៀតណាម​អាច​រង​ការ​ប៉ះ​ពាល់​ដោយ​ការ​ឡើង​កម្ដៅ​សាកល។ កន្លែង​ខ្លះ​នឹង​ត្រូវ​ជន់​លិច។ ដោយ​សារ​តែ​យើង​មាន​ឆ្នេរ​សមុទ្រ​ដែល​មាន​ប្រវែង​វែង ទើប​វា​នឹង​ជា​បញ្ហា។ យើង​ត្រូវ​តែ​ស្វែង​រក​ថាមពល​ផ្សេង​មក​ជំនួស​ដូច​ជា ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ឬ​ខ្យល់ ឬ​រលក​ជាដើម។ ថាមពល​ទាំង​នេះ​មាន​សម្រាប់​យក​មក​ប្រើប្រាស់ ប៉ុន្តែ​វា​ប្រហែល​ជា​មាន​តម្លៃ​ថ្លៃ ហើយ​ត្រូវ​ការ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជាច្រើន»។

កម្រិត​ទឹក​សមុទ្រ

កម្រិត​ទឹក​សមុទ្រ​នៅ​លើ​ពិភព​លោក​អាច​ឡើង​ខ្ពស់​កន្លះ​ម៉ែត្រ​នៅ​ក្នុង​សតវត្សរ៍​នេះ​ បើ​ទោះ​ជា​មាន​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ភ្លាមៗ​ក៏​ដោយ បន្ទាប់​ពី​កម្រិត​ទឹក​សមុទ្រ​នេះ​បាន​កើន​ឡើង​ចន្លោះ​ពី​១១​ទៅ​១៦សង់ទីម៉ែត្រ​កាល​ពី​សតវត្សរ៍​មុន ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកសរសេរ​របាយការណ៍​២នាក់​ស្តី​ពី​បញ្ហា​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ បើ​សិន​គ្មាន​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​នោះ​ទេ កម្រិត​ទឹក​សមុទ្រ​អាច​ឡើង​ខ្ពស់​ជាង​២​ម៉ែត្រ ដែល​បណ្ដាល​ឲ្យ​មាន​អស្ថិរភាពសម្រាប់​ផ្ទាំង​ទឹក​កក​នៅ​ទ្វីប​អង់តាទិច។

រូបឯកសារ៖ ទឹកជំនន់​នៅ​ប្រទេស​វៀតណាម។

ការ​សិក្សា​រក​ឃើញ​ថា តំបន់​គ្រោះ​ថ្នាក់​ទាំង​នោះ​គំរាម​កំហែង​ដល់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ទ្វីប​អាស៊ី រួម​បញ្ចូល​ទាំង​១០ភាគរយ​នៅ​ប្រទេស​វៀតណាម។

ការ​សិក្សា​នោះ​លើក​ឡើង​ថា៖«ការ​បញ្ចេញ​ឧស្ម័ន​ដែល​នៅ​តែ​បន្ត​ធ្វើ​ឡើង​ក្នុង​កម្រិត​ខ្ពស់ ​រួម​ជាមួយ​នឹង​អស្ថិរភាព​នៅ​ទ្វីប​អង់តាកទិច​អាច​ធ្វើ​ប្រជាជន​១ភាគ​៣​នៃ​ប្រទេស​បង់ក្លាដែស​និង​វៀត​ណាម​បញ្ចូល​គ្នា​នោះ​ត្រូវ​ជន់​លិច។ ជា​លទ្ធផល​គឺ​ថា ​ពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង​តាម​ឆ្នេរ​សមុទ្រ​ខ្លះ​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​នឹង​រង​ការ​គំរាម​កំហែង​ដោយ​ការ​បាត់​បង់​ទីជម្រក។

ភាព​ញឹកញាប់​នៃ​ទឹក​ជំនន់

លោក ​Mike Lynch​ នាយក​គ្រប់គ្រងក្រុមហ៊ុន ​SSI Institutional Brokerage ក្នុង​ទីក្រុង​ហូជីមិញ​និយាយ​ថា៖«ទឹក​ជំនន់​ដែល​កើត​មាន​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​យូរ​បាន​ក្លាយ​ជា​រឿង​ធម្មតា​មួយនៅ​តំបន់​ភាគ​ខាង​ត្បូង»។

ទឹក​ជំនន់​កើត​មាន​រៀង​រាល់​ឆ្នាំ​នៅ​តំបន់​ដីសណ្ដរ​ទន្លេ​មេគង្គ​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ហូជីមិញ។ ក្រុមហ៊ុនអង់គ្លេស​មួយ​ឈ្មោះ​ថា ​JBA Risk Management និយាយ​ថា​ ទឹក​ជំនន់​នេះ​មាន​ន័យ​ថា វា​បាន​ធ្វើ​ឲ្យ​ខាត​បង់​ខាង​សេដ្ឋកិច្ច​ប្រមាណ​៧១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ នៅ​តំបន់​ដី​សណ្ដរ ជា​ទី​ដែល​ពលរដ្ឋ​ចិញ្ចឹម​ត្រី​ឬ​បង្គារ​ដើម្បី​ចិញ្ចឹម​ជីវិត។

លោក Lynch បាន​និយាយ​ទៀត​ថា៖«អ្វី​ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​នៅ​កន្លែង​ទាំង​នោះ​គឺ​នៅ​កន្លែង​ចិញ្ចឹម​បង្គារ​ នោះ​គឺ​ថា​កន្លែង​ទាំង​នោះ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​របរ​ចិញ្ចឹម​បង្គារ។ មាន​បញ្ហា​កើត​ឡើង​រួច​ហើយ​នៅ​កន្លែង​ដែល​ទឹក​ប្រៃ​បាន​ឡើង​ខ្ពស់​នៅ​ក្នុង​ទន្លេ វា​ធ្វើ​ឲ្យ​បាត់​បង់​លទ្ធភាព​ក្នុង​ការ​ចិញ្ចឹម​ត្រី​ខ្លះ»។

កាល​ពី​ឆ្នាំ ២០១១ ទឹក​ជំនន់​ដ៏​ធំ​មួយ​បាន​សម្លាប់​មនុស្ស​២៦៥​នាក់ ហើយ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​៤៤៩.០០០​ខ្នង និង​ធ្វើ​ឲ្យ​ខាត​បង​ប្រាក់​ ៦០០ លាន​ដុល្លារ។

ការ​ចាត់​វិធានការ

ថាមពល​ខ្យល់​និង​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​នៃ​ការ​កម្ដៅ​លើ​ភព​ផែន​ដី ត្រូវ​បាន​គេ​ដំឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស​នេះ។ រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​កំពុង​ព្យាយាម​សំអាត​កាក​សំណល់​សល់​ពី​ព្យុះ នៅ​ខណៈ​ដែល​អ្នក​សាង​សង់​អាគារ​កំពុង​បំពាក់​គ្រឿង​សម្រាប់​ទប់​ទល់​នឹង​ទឹក​ជំនន់​ទៅ​លើ​អាគារ​ថ្មីៗ។

លោក ​Maxfield Brown បុគ្គលិក​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​ ​Dezan Shira & Associates បាន​និយាយ៖«មនុស្ស​ម្នា​នឹង​និយាយ​ថា ពួក​គេបានសាងសង់​ប្រព័ន្ធ​លូ​ជាក់​លាក់​មួយ។ មាន​កិច្ច​ខិត​ខំប្រឹង​ប្រែង​នៅផ្នែក​ជា​ច្រើន​នៃ​ទីក្រុង​នេះ ក្នុង​ការ​បង្កើត​ប្រព័ន្ធ​លូដែល​មាន​ប្រសិទ្ធភាព ​ព្រោះ​តែ​មានភ្លៀង​ធ្លាក់»៕

ប្រែ​សម្រួល​ដោយ នៀម ឆេង