ខណៈពេលដែលការបញ្ជាឲ្យមានការស៊ើបអង្កេតនេះ ជួយបន្ធូរបន្ថយការខឹងសម្បារបស់ពលរដ្ឋវៀតណាម អ្នកជំនាញមានការព្រួយបារម្ភថា ការណ៍នេះគ្រាន់តែជាការលាក់បាំងពីអសមត្ថភាពរយៈពេលយូររបស់រដ្ឋាភិបាលវៀតណាមក្នុងការបញ្ឈប់ការជួញដូរមនុស្សទៅក្នុងប្រទេសអ្នកមានដើម្បីជាថ្នូរនឹងការរកប្រាក់ប៉ុណ្ណោះ។
ការរកឃើញរបស់ប៉ូលិសនៅប៉ែកអាគ្នេយ៍នៃចក្រភពអង់គ្លេសធ្វើឲ្យមានការចាប់អារម្មណ៍ភ្លាមៗលើការជួញដូរមនុស្សពីវៀតណាមទៅអឺរ៉ុប ទីដែលមានប្រាក់ចំណូលខ្ពស់ជាងនៅវៀតណាម។ ការចាប់ខ្លួនមនុស្សមួយចំនួនបានធ្វើឡើងនៅក្នុងចក្រភពអង់គ្លេស ហើយបុរសម្នាក់ត្រូវបានគេចោទប្រកាន់ពីការសមគំនិតជួញដូរមនុស្ស។
ក៏ប៉ុន្តែ អ្នកជំនាញនិយាយថា ប្រព័ន្ធអន្តរជាតិដ៏ស្មុគស្មាញក្នុងការនាំមនុស្សចេញពីវៀតណាមសម្រាប់ការងារដែលមានប្រាក់ឈ្នួលខ្ពស់នៅក្រៅប្រទេសមានការវិវត្តយ៉ាងខ្លាំងដែលមន្ត្រីរដ្ឋាភិបាលយល់ថា មានការពិបាកក្នុងការបញ្ឈប់ ឬមិនអាចបញ្ឈប់បាន ប្រសិនបើប្រៀបធៀបទៅពេលដែលវៀតណាមមានភាពក្រីក្រជាងសព្វថ្ងៃ។
លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍ផ្នែកនយោបាយជំនាញកិច្ចការតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យ The University of New South Wales ក្នុងប្រទេសអូស្ត្រាលីនិយាយថា៖
«នេះជាការប្រយុទ្ធប្រឆាំងដែលគ្មានទីបញ្ចប់មួយ»។ តម្លៃតបស្នងសម្រាប់អ្នកលួចជួញដូរមនុស្សមានច្រើន ហើយពួកគេបញ្ចុះបញ្ចូលជនរងគ្រោះដោយនិយាយថា នឹងមានការរស់នៅបែបហ៊ឺហាដែលពួកគេផ្តល់ឲ្យមនុស្សដែលក្រីក្រខ្លាំង»។
កិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ការជួញដូរមនុស្ស
បណ្តាញផ្សព្វផ្សាយព័ត៌មាន Viet Nam ដែលជាបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ បានរាយការណ៍ថា បន្ទាប់ពីសាកសពរបស់មនុស្សចំនួន៣៩នាក់ ត្រូវបានគេរកឃើញ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានប្រាប់រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងក្រសួងកិច្ចការបរទេស ឲ្យបើកការស៊ើបអង្កេតលើការជួញដូរមនុស្ស និងបង្កើត «វិធានការការពារពលរដ្ឋ» ប្រសិនបើចាំបាច់។
បណ្តាញផ្សព្វផ្សាយនេះបានឲ្យដឹងថា កាលពីឆ្នាំមុន រដ្ឋាភិបាលវៀតណាម និងអង់គ្លេសបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់មួយ «ដើម្បីដោះស្រាយអំពើទាសភាពសម័យទំនើប»។
នៅពេលដែលរដ្ឋមន្ត្រីការបរទេសវៀតណាមទូរស័ព្ទទៅមន្ត្រីអង់គ្លេសកាលពីថ្ងៃអង្គារទី២៩ ខែតុលាកន្លងទៅនេះ ដើម្បីពិភាក្សាលើករណីកាលពីពេលថ្មីៗនេះ ភាគីទាំងពីរបានយល់ស្របនឹងគ្នាថា «នឹងអំពាវនាវឲ្យសហគមន៍អន្តរជាតិពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបង្ក្រាបបទល្មើស»។
ឧបសគ្គក្នុងការបង្ក្រាប
លោក Thayer និយាយថា មន្ត្រីសន្តិសុខសាធារណៈអាចនឹងផ្សព្វផ្សាយបញ្ហាជួញដូរមនុស្សជាសាធារណៈបន្ថែមទៀត និងធ្វើការបោសសម្អាតក្រុមជួញដូរមនុស្សឲ្យកាន់តែច្រើនបន្ថែមទៀត។ លោកបានបន្ថែមថា ពួកគេកម្រចាប់មនុស្សណាស់ឥឡូវនេះ។
ប៉ុន្តែ លោកបាននិយាយថា ជនរងគ្រោះនៃការជួញដូរមនុស្សដែលត្រូវបានគេរកឃើញ ខ្វះមធ្យោបាយក្នុងការសម្គាល់មេខ្យល់ជួញដូរមនុស្ស ហើយក្នុងពេលជាមួយគ្នានេះផងដែរ ដោយសារតែតំបន់សេដ្ឋកិច្ចពិសេសវៀតណាមនៅជាប់នឹងប្រទេសជិតខាងនោះ វាជាហេតុ ធ្វើឲ្យពលរដ្ឋរបស់ខ្លួនអាចចាកចេញពីប្រទេសដោយងាយស្រួល។
លោក Thayer និយាយថា៖
«ព្រំដែននៅមានចន្លោះប្រហោង ហើយមនុស្សម្នាអាចឆ្លងកាត់បាន»។
បណ្តាញជួញដូរមនុស្សបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ចាប់តាំងពីយ៉ាងហោចណាស់សតវត្សរ៍ទី១៩ ដែលជាញឹកញាប់បាននាំយកស្ត្រី និងក្មេងៗទៅហុងកុង ឬ ចិនដីគោក ដើម្បីលក់តាមរយៈការរៀបអាពាហ៍ពិពាហ៍ ឬ លក់ជាស្ត្រីរកស៊ីផ្លូវភេទ នេះបើយោងតាមសៀវភៅស្តីពីការជួញដូរមនុស្សក្នុងប្រទេសវៀតណាម ឆ្នាំ២០១៥។
លោក Frederick Burke ដែលជាមេធាវីនៅក្រុមហ៊ុនមេធាវី Baker McKenzie ក្នុងក្រុងហូជីមិញបាននិយាយថា ឥឡូវនេះ ដើម្បីបញ្ឈប់ស្ត្រីៗកុំឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយនឹងពលរដ្ឋនៃប្រទេសអ្នកមាននៅអាស៊ីអាគ្នេយ៍ មន្ត្រីរដ្ឋាភិបាលក្នុងប្រទេសវៀតណាម ធ្វើការត្រួតពិនិត្យប្រវត្តិរូបយ៉ាងហ្មត់ចត់ នៅពេលមានការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍។
លោក Frederick Burke និយាយថា៖
«ច្បាស់ណាស់ ពួកគេនឹងពិនិត្យមើលវិធានការអ្វី (ដែលពួកគេអាចធ្វើបាន) បន្ទាប់ពីមានករណីក្នុងប្រទេសអង់គ្លេសកើតឡើង។ ពួកគេមានបញ្ហាខ្លាំងទាក់ទងនឹងការលក់ស្រ្តីឲ្យទៅធ្វើជាភរិយា។ បញ្ហាទាំងនេះ មិនមែនជាបញ្ហាថ្មីនោះទេ»។
លោក Burke បាននិយាយទៀតថា ពលរដ្ឋសាមញ្ញនៅវៀតណាមនៅតែយល់ថា ការស្លាប់ក្នុងប្រទេសអង់គ្លេសកាលពីខែមុនកើតឡើង ដោយសារតែជនរងគ្រោះទាំងនោះត្រូវបានមេខ្យល់បោកប្រាស់។ លោកនិយាយបន្ថែមទៀតថា បើមើលជារួមទៅលើការធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ ពលរដ្ឋវៀតណាមនៅតែគិតថា «ការងារនៅក្រៅប្រទេសនៅតែមានភាពល្អប្រសើរជាង»។
អ្នកក្រីក្រខ្លាំងមិនបានទទួលការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចទេ
នៅក្នុងប្រទេសវៀតណាម មន្ត្រីវៀតណាមបានធ្វើឲ្យជីវភាពរបស់ពលរដ្ឋខ្លួនប្រសើរឡើង ដោយបានជំរុញឲ្យមានការវិនិយោគពីបរទេសនៅក្នុងវិស័យផលិតកម្មសម្រាប់នាំចេញ ដែលបានបង្កើតការងារជាច្រើន។ ក្រុមហ៊ុន SSI Research នៅក្នុងទីក្រុងហាណូយបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានទឹកប្រាក់៣០០ ពាន់លានដុល្លារមួយនេះ នឹងកើនឡើង៦,៨ភាគរយ នៅឆ្នាំនេះ។ សេដ្ឋកិច្ចប្រទេសនេះ បានកើន៧កន្តក់សញ្ញា១ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល១១ឆ្នាំ។
ទោះជាយ៉ាងនេះក៏ដោយ ប្រាក់ឈ្នួលការងារប្រើកម្លាំងដែលទទួលបានតិចជាង២០០ដុល្លារក្នុង១ខែ ពិបាកនឹងប្រៀបធៀបជាមួយនឹងប្រាក់ឈ្នួលនៅក្នុងប្រទេសដែលមនុស្សត្រូវបានគេជួញដូរទៅ។ ពលរដ្ឋវៀតណាមនៅតែប្រថុយនឹងឱកាសធ្វើការនៅក្នុងរោងចក្រក្នុងប្រទេសរុស្ស៊ី ការងារសំណង់ក្នុងប្រទេសលីប៊ី និងធ្វើការនៅក្នុងកសិដ្ឋានអង់គ្លេស។
ប្រធានផ្នែកសេដ្ឋកិច្ចរបស់ក្រុមហ៊ុន IHS Markit Asia-Pacific លោក Rajiv Biswas និយាយថា ពលរដ្ឋវៀតណាមប្រមាណ១០%ក្នុងចំណោមពលរដ្ឋ៩៥លាននាក់រស់នៅក្នុងភាពក្រីក្រ ហើយអ្នកខ្លះរស់នៅក្នុង «ភាពក្រីក្រតោកយ៉ាក» ដែលរស់នៅឆ្ងាយពីមជ្ឈមណ្ឌលការងារឧស្សាហកម្ម។
លោក Rajiv Biswas បាននិយាយថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាភាពក្រីក្រនេះ ដែលមានមួយចំនួននៅតាមភ្នំដាច់ស្រយាល ប៉ុន្តែរដ្ឋាភិបាលនឹងមានការលំបាកក្នុងការដោះស្រាយបញ្ហានេះ។
លោក Biswas និយាយទៀតថា៖
«ខ្ញុំគិតថា ឥឡូវនេះ បញ្ហាសម្រាប់វៀតណាម គឺដោះស្រាយបញ្ហាអ្នករស់នៅក្នុងភាពក្រីក្រនៅតំបន់ភ្នំទាំងនោះ ហើយវានឹងមានការពិបាកក្នុងការដោះស្រាយ ដោយសារតែសមត្ថភាពធ្វើការរបស់ពួកគេក្នុងការងារឧស្សាហកម្ម ពីព្រោះថា ពួកគេគ្មានមធ្យោបាយដើម្បីធ្វើការងារបែបនោះទេ»៕