លោក Rishi Sunak ត្រូវ​បាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស

  • ​Reuters

លោក Rishi Sunak ដែល​ជា​សមាជិក​គណបក្ស​អភិរក្ស​និយម​របស់​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​ការិយាល័យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅក្នុង​ទីក្រុង​ឡុងដ៍​នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

លោក Rishi Sunak ដែល​ជា​សមាជិក​គណបក្ស​អភិរក្ស​និយម​របស់​ចក្រភព​អង់គ្លេស ត្រូវ​បាន​ប្រធាន​គណៈកម្មាធិការ​ឆ្នាំ ១៩២២ នៃ​សមាជិក​សភា​អភិរក្ស​និយម​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ជា​មេដឹកនាំ​ថ្មី​របស់​គណបក្ស​អភិរក្ស​និយម ដែល​ធ្វើ​ឱ្យ​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Sunak ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ដំបូង​បង្អស់​ដែល​មិន​មែន​ជា​ជាតិសាសន៍​ស្បែក​ស និង​ជា​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​ជាង​គេ​បង្អស់​នៅ​ក្នុង​រយៈពេល​ជាង ២០០ ឆ្នាំ​ចុងក្រោយ​នេះ​របស់​ចក្រភព​អង់គ្លេស។

ការ​ប្រកាស​ជ្រើសរើស​លោក Sunak ឱ្យ​ធ្វើ​ជា​មេដឹកនាំ​ថ្មី​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​អ្នកស្រី Penny Mordaunt ដែល​ជា​គូ​ប្រជែង​តែ​មួយ​គត់​របស់​លោក​បាន​លះបង់​ចោល​ការ​ប្រកួត។

អ្នកស្រី Mordaunt បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការ​សម្រេច​នេះ​គឺ​ជា​ការ​សម្រេច​ជា​ប្រវត្តិសាស្ត្រ​មួយ និង​ជា​ថ្មី​ម្ដង​ទៀត​បង្ហាញ​ឱ្យ​ឃើញ​ពី​ពិពិធភាព​និង​ទេពកោសល្យ​នៃ​គណបក្ស​របស់​យើង។ ខ្ញុំ​គាំទ្រ​ពេញ​ទំហឹង​លើ​លោក Rishi [Sunak]»។

ការ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​អ្នកស្រី​នាយករដ្ឋមន្ត្រី Liz Truss បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​សប្តាហ៍​មុន៕