ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Liz Truss ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស


រូបឯកសារ៖ អ្នកស្រី Liz Truss គ្រវីដៃ​នៅ​លើ​ឆាក​បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​អភិរក្ស​និយម​នៅក្នុង​ទីក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

អ្នកស្រី Liz Truss បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ជំនួស​តំណែង​របស់​លោក Boris Johnson នៅ​ចំ​ពេល​ដែល​មាន​ចលាចល​សេដ្ឋកិច្ច​និង​ការ​កើនឡើង​នៃ​តម្លៃ​ថាមពល។

លោក Johnson បាន​ដាក់​លិខិត​ជា​ផ្លូវការ​លាលែង​ពី​តំណែង​របស់​លោក​ជា​នាយករដ្ឋមន្ត្រី​ទៅ​ព្រះមហាក្សត្រីយានី Elizabeth II នៅ​ឯ​ព្រះរាជ​ដំណាក់ Balmoral របស់​ព្រះអង្គ​ក្នុង​ប្រទេស​ស្កុតលែន​នៃ​ចក្រភព​អង់គ្លេស ហើយ​បន្ទាប់ពី​នោះ​មក ព្រះមហាក្សត្រីយានី​បាន​តែងតាំង​អ្នកស្រី Truss ជា​នាយក​រដ្ឋមន្ត្រី​ថ្មី។

អ្នកស្រី Truss អាយុ ៤៧ ឆ្នាំ បាន​ក្លាយជា​ស្ត្រី​ទី ៣ ដែល​ដឹកនាំ​ប្រទេស​និង​ជា​នាយក​រដ្ឋមន្ត្រី​ទី ៤ របស់​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល ៦ ឆ្នាំ​កន្លង​មក​នេះ។

អ្នកស្រី​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាលពី​ថ្ងៃចន្ទ​ដោយ​បាន​យក​ឈ្នះ​លើ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក Rishi Sunak។

បន្ទាប់ពី​ជ័យជម្នះ​ត្រូវ​បាន​ប្រកាស អ្នកស្រី Truss បាន​ប្រាប់​ដល់​សមាជិក​សមាជិកា​ដែល​ចូលរួម​ក្នុង​ការ​ប្រជុំ​របស់​គណបក្ស​ថា៖ «ខ្ញុំ​បាន​ធ្វើ​យុទ្ធនាការ​ក្នុង​នាម​ជា​អ្នក​អភិរក្ស​និយម ហើយ​ខ្ញុំ​នឹង​គ្រប់គ្រង​ក្នុង​នាម​ជា​អ្នក​អភិរក្ស​និយម»។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​ផ្តល់​ផែនការ​ដ៏​ចម្បង​មួយ​ដើម្បី​កាត់​បន្ថយ​ពន្ធ​និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​កើនឡើង ក៏​ដូចជា​ដោះស្រាយ​បញ្ហា​តម្លៃ​ថាមពល​របស់​ប្រជា​ពលរដ្ឋ​និង​ដោះស្រាយ​បញ្ហា​រយៈពេល​វែង​ដែល​យើង​មាន​លើ​ការ​ផ្គត់ផ្គង់​ថាមពល​ផងដែរ»។

អ្នកស្រី Truss ធ្លាប់​ជា​អ្នក​ប្រឆាំង​នឹង​ការ​ដក​ចក្រភព​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប ប៉ុន្តែ​ឥឡូវនេះ​គឺ​ជា​អ្នក​គាំទ្រ​ដ៏​រឹងមាំ​លើ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) នេះ។

អ្នកស្រី​មាន​ទស្សនៈ​គោលនយោបាយ​ការបរទេស​យោធា​និយម ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ដូចជា​លោក Johnson ដែរ នឹង​នៅតែ​រក្សា​ទំនាក់​ទំនង​ដ៏​រឹងមាំ​នៅ​ក្នុង​សម្ព័ន្ធភាព​បស្ចិម​ប្រទេស​ដោយ​បញ្ជូន​ជំនួយ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​ក្នុង​រយៈពេល ៦ ខែ​កន្លង​មក​នេះ។

អ្នកស្រី Truss នឹង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នានា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​វិបត្តិ​សេដ្ឋកិច្ច ភាព​ចលាចល​កម្លាំង​ពលកម្ម ការ​កើនឡើង​តម្លៃ​ថាមពល​សម្រាប់​ពលរដ្ឋ និង​ការ​ខ្វះខាត​ប្រេង​ឥន្ធនៈ​ដែល​អាច​កើត​មាន​ក្នុង​រដូវ​រងា​ខាង​មុខ​នេះ​ផង​ដែរ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

XS
SM
MD
LG